• 2021-02-27 08:20:49
  • ចម្រៀង

ទីបំផុត​ចៅស្រី អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត បាន​ចេញ​បទ​ចម្រៀង​របស់​​ខ្លួនលើក​ដំបូង​ហើយ

  • 2021-02-27 08:20:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ស៊ីន សេដ្ឋ​សុជ្ឈតា ​ចៅស្រី​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត បាន​ចេញ​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​លើក​ដំបូង​បំផុត​ហើយ​នៅ​ថ្ងៃ​នេះ ចាប់​តាំង​ពី​បាន​ក្លាយ​ជា​តារា​ចម្រៀង​អាជីព​ជាមួយ​ផលិតកម្ម Klap YaHandz កាល​ពី​ពាក់​កណ្ដាល​ខែ​មករា ២០២១។

បទ​ទី​១​របស់ សុជ្ឈតា មាន​​ចំណង​ជើង​ថា "ទទួលការ​ពិត" ដែល​ទើប​នឹង​ចេញ​កាល​ពី​យប់​មិញ និង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍។ បទ​ទី​១របស់ កញ្ញា ស៊ីន សេដ្ឋ​សុជ្ឈតា ជា​ប្រភេទ​បទ​មនោសញ្ចេតនា បទ​ភ្លេង​រសជាតិ​ប្លែក ស្ដាប់​ទៅ​លន្លង់លន្លោច ស្លង់​អារម្មណ៍។ តាម Klap YaHandz បទ​នេះ ជា​ផ្នែក​មួយ​នៃ​ខ្សែ​ជីវិត​ពិត​របស់​កញ្ញា ផ្ទាល់​តែ​ម្ដង។

កញ្ញា ស៊ីន សេដ្ឋ​សុជ្ឈតា ទទួល​បាន​កុងត្រា​ច្រៀង​ក្នុង​ផលិតកម្មKlapYaHandz រយៈ​ពេល​៥​ឆ្នាំ។ កញ្ញា ធ្លាប់​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដោយ​លឹប​ល ឬ​មិន​បាន​ពេញដៃ​ពេញ​ជើង​តាំង​ពី​ឆ្នាំ​២០១៨ ដោយ​ច្រៀង​ឡើង​វិញ​នូវ​បទ​មរតក​ដើមមួយចំនួនដែរដូចជាបទ"ចំប៉ា​បាត់ដំបង"។ នៅ​ក្នុង​ថ្ងៃ​​ប្រកាស​ចូល​ផលិតកម្ម KlapYaHandz កាល​ពី​ខែ​មករា មាន​ការ​អះអាង​ថា កញ្ញា នឹង​មាន​បទ​ចេញ​ចំនួន ៣បទ ចាប់​ពី​ខែ​កុម្ភៈ​ទៅ។

ឥឡូវ​ហៀប​នឹង​ផុត​ខែ​កុម្ភៈ​ទៅ​ហើយ នាង​ក៏​បាន​ចេញ​បទ​ចម្រៀង​ទី​១​មែន។ តោះ...ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

មតិយោបល់