• 2021-03-01 02:51:39
  • ព័ត៌មាន

ទុក្ខ​ជាន់​លើ​ទុក្ខ! នាយ​ព្រីង​ទុំ​សុខចិត្ត​អត់​ផ្ទះ​រស់នៅ​ឲ្យ​តែ​មាន​លុយ​ព្យាបាល​ជំងឺ និង​ដោះ​បំណុល​គេ

  • 2021-03-01 02:51:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​ជើង​ចាស់ លោក ង៉ែត ជី ហៅ​នាយ​ព្រីង​ទុំ ប្រកាស​លក់​ដី និង​ផ្ទះ​បន្ទាន់ ដើម្បី​យក​ប្រាក់​ទៅ​ព្យាបាល​ជំងឺ​ខ្លួន​ឯង និង​ប្រពន្ធ​ដែល​កំពុង​មាន​ជំងឺ​លើស​ឈាម និង​ទឹកនោម​ផ្អែម​ធ្ងន់ធ្ងរ។ រូប​លោក និង​គ្រួសារ សុខចិត្ត​អស់​ផ្ទះ​សម្បែង​ហើយ​រត់​ទៅ​ជួល​ផ្ទះ​គេ​រស់នៅ​ឲ្យ​តែ​បាន​ប្រាក់​ខ្លះ​ដើម្បី​បន្ត​ព្យាបាល​ជំងឺ និង​ដោះ​បំណុល​ធនាគារ។

កូន​ប្រុស​ពៅ​របស់​នាយ​ព្រីង​ទុំ គឺ​លោក ជី ចំណាប់ បាន​ប្រាប់​Sabay នៅ​ព្រឹក​ថ្ងៃទី១ ខែ​មីនា ថា លោក​ឪពុក​របស់​លោក​បាន​បង្ខំ​ចិត្ត​លក់​ផ្ទះ​ថ្ម និង​ដី​ទំហំ​ទទឹង​១០ គុណ​២០ម៉ែត្រ ស្ថិតនៅ​ភូមិ​ព្រែក​រាំង​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ដោយសារ​តែ​អ្នក​ម្ដាយ​ដែល​ធ្លាប់​តែ​ជា​អ្នក​មើល​ថែ​ជំងឺ​ឪពុក​នោះ បាន​ធ្លាក់​ខ្លួន​ឈឺ​ដោយ​ជំងឺ​លើស​ឈាម ទឹកនោម​ផ្អែម និង​ជាតិ​ពុល​ក្នុង​ថ្លើម​ធ្វើ​ទុក​ខ្លាំង។

ជី ចំណាប់៖"សូម​បងប្អូន​សប្បុរស​ជន​ជួយ​គ្រួសារ​ខ្ញុំ​ផង...បើ​ខ្ញុំ​លក់​ផ្ទះ​ដាច់​ភ្លាម​ខ្ញុំ​នឹង​យក​លុយ​ទៅ​សង​ធនាគារ​២៥០០០​ដុល្លារ ហើយ​សល់​ប៉ុន្មាន​យក​ទៅ​មើល​ជំងឺ​ពួកគាត់ និង​ជួល​បន្ទប់​ស្នាក់នៅ។ ខ្ញុំ​អត់​មាន ជម្រើស​ទេ​បង ហើយ​គាត់​ធ្លាក់​ខ្លួន​ឈឺ​ទាំង​ពីរ​ទៀត ឥឡូវ​នេះ​ម្ដាយ​ខ្ញុំ​ធ្ងន់​ជាង​លោក​ឪពុក"។

បច្ចុប្បន្ន​លោក ង៉ែត ជី និង​ប្រពន្ធ​ដែល​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​គ្នា​នោះ កំពុង​សម្រាក និង​ព្យាបាល​ដោយ​លេប​ថ្នាំ​នៅ​ផ្ទះ​ដែល​ត្រឹម​នឹង​លក់​នេះ។ យូរៗម្ដង រូប​លោក និង​ភរិយា ត្រូវ​បាន​កូន​បញ្ជូន​ទៅ​ព្យាបាល និង​បើក​ថ្នាំ​លេប​នៅ​មន្ទីរ​មិត្តភាព-ខ្មែរ​សូវៀត។ ក្នុង​ករណី​លក់​ផ្ទះ​នេះ​ដាច់ រូប​លោក និង​ប្រពន្ធ នឹង​ទទួល​បាន​ការ​ព្យាបាល​ជាប់លាប់ និង​ដោះស្រាយ​បញ្ហា​ជីវភាព​ដែល​កំពុង​តែ​ទ័ល​ក្រ។

លោក ង៉ែត ជី ហៅ​នាយ​ព្រីង​ទុំ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​ឆ្នាំ​១៩៨៣ តាម​រយៈ​អាជីព​សម្ដែង​ជា​តួអង្គ​យក្ស និង​កំប្លែង​ស្ទើរ​គ្រប់​រសជាតិ​ទាំង​នៅ​លើ​ឆាកល្ខោន​បាសាក់ និង​ឆាក​ប្រគំតន្ត្រី។ នាយ​ព្រីង​ទុំ ក៏​ធ្លាប់​ចូល​រួម​សម្ដែង​ជាមួយ​ក្រុម​កំប្លែង​នាយ​កុយ និង​នាយ​ក្រឹម​ដែរ ប៉ុន្តែ​លោក​បាន​បាត់​បង់​សមត្ថភាព​សម្ដែង​តាំង​ពី​អំឡុង​២០១៥ គ្រា​ដែល​លោក​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​ជំងឺ​លើស​ឈាម ទឹកនោម​ផ្អែម និង​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​មក៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់