• 2021-03-02 03:19:35
  • ព័ត៌មាន

នារី​ដ៏​ស្រស់​ស្អាត កូន​ស្រី​អគ្គនាយក​ធនាគារ​ជាតិ​សម័យ​សង្គម​រាស្ត្រ​និយម តាម​ពិត​ជា​តារា​ម៉ូដែល​ល្បី​ទសវត្សរ៍​ ៦០

  • 2021-03-02 03:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប្រមាណ​១​សប្ដាហ៍​មុន មាន​ការ​ចែក​រំលែក​រូប​ថត​របស់​យុវតី​មួយ​រូប ដែល​មាន​សម្រស់​ស្រស់​ស្អាត​ខ្លាំង កម្រ​ប្រទះ ធ្វើ​ឲ្យ​គេ​ឯង​លាន់​មាត់ ពិសេស​សូម្បី​តែ​សិល្បករ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន ក៏​ទប់​មាត់​មិន​ជាប់​ដែរ។

រូបភាព​នារី​ដ៏​ស្រស់​ស្អាត​នោះ ត្រូវ​បាន​ចែក​ចាយ​ដោយ​ទំព័រ "ខ្ញុំ​ស្រឡាញ់​ចម្រៀង​មរតក​ដើម" ដែល​បាន​សរសេរ​បញ្ជាក់​បន្ថែម​ថា នារី​រូប​នោះ​មាន​ឈ្មោះ ដួង រដ្ឋា ជា​កូន​ស្រី​របស់​អគ្គនាយក​ធនាគារ​ជាតិ​សម័យ​សង្គម​រាស្ត្រ​និយម។ ប៉ុន្តែ​ទំព័រ​ខាង​លើ មិន​បាន​បញ្ជាក់​ឡើយ​ថា នារី​ស្រស់​ស្អាត​យើង​មាន​អាជីព​ជា​អ្វី​ឡើយ​កាល​សម័យ​នោះ។

ទើប​តែ​ថ្មី​ៗ​នេះ មាន​ការ​ទម្លាយ​ថា តាម​ពិត ដួង រដ្ឋា ដ៏​ស្រស់​ស្អាត គឺ​ជា​តារា​ម៉ូដែល​ដ៏​ល្បី​នា​ទសវត្សរ៍​ទី ៦០។ នេះ​បើ​តាម​គណនី Tik Tok មួយ​បាន​បង្ហើប។ គណនី​ដែល​មាន​ឈ្មោះ Mony BoBoy នៅ​បាន​បង្ហើប​ទៀត​ថា អតីត​តារា​ម៉ូដែល​រូប​នេះ រស់​នៅ​ប្រទេស​បារាំង ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​យុវនារី​ដ៏​ស្រស់​ស្អាត​ពី​អតីតកាល បាន​ធ្វើ​មរណភាព​ទៅ​ហើយ កាល​ពី​ឆ្នាំ ២០២០ ខែ​តុលា កន្លង​ទៅ​នេះ ដោយ​ជរាពាធ និង​រោគាពាធ។

យ៉ាង​ណា​ក៏​ដោយ សម្រស់​ដ៏​ស្រស់​ផូរផង់​របស់ ជំទាវ ដួង រដ្ឋា នៅ​តែ​ដក់​ជាប់​នឹង​អារម្មណ៍ របស់​មនុស្ស​មួយ​ចំនួន​ធំ ជា​អ្នក​ដែល​បាន​ឃើញ​រូប​មួយ​សន្លឹក​ដែល​ត្រូវ​បាន​គេ​ចែក​ចាយ​រាប់​ម៉ឺន​នាក់​នៅ​លើ​បណ្ដាញ​សង្គម។ ពួក​គេ​សរសេរ​ថា យុវនារី ដួង រដ្ឋា គឺ​ជា​នារី​ដ៏​ស្រស់​ស្អាត​កម្រ​ប្រទះ ពិសេស​គឺ​ស្អាត​តាម​បែប​ធម្មជាតិ​តែ​ម្ដង។

លោក​ជំទាវ ដួង រដ្ឋា និង​ស្វាមី លោក ខែក វ៉ានឌី

នៅ​ក្នុង​ចំណោម​នោះ ក៏​មាន​សិល្បករ​សម័យ​បច្ចុប្បន្ន ដែល​ទប់​មាត់​មិន​សរសើរ​មិន​បាន​ដែរ។ កញ្ញា វ៉ាន់ នីឡា ប្អូន​ស្រី​របស់​លោក សុខ ជំនោរ បាន​យក​រូប​មួយ​​សន្លឹក​នេះ ទៅ​ចែកចាយ​បន្ត​នៅ​លើ IG របស់​នាង និង​បាន​សរសើរ​ចំ​ៗ​ពី​សម្រស់​របស់ អតីត​តារា​ម៉ូដែល​ទសវត្សរ៍​ទី ៦០។ កញ្ញា បាន​សរសេរ​ថា "នេះ​គឺ​ពិត​ជា នារី​ដ៏​ស្រស់​ស្អាត​ពិត​មែន!”។

រូបថត៖ ទំព័រ ខ្ញុំ​ស្រឡាញ់​ចម្រៀង​មរតកដើម

ប្រិយមិត្ត​ជា​ច្រើន ក៏​យល់​ស្រប និង​ថា ដួង រដ្ឋា ពិត​ស្អាត​ដោយ​ធម្មជាតិ កម្រ​រក​បាន ក្នុង​នោះ​សូម្បី​តែ​ទំព័រហ្វេសប៊ុក "ខ្ញុំ​ស្រឡាញ់​ចម្រៀង​មរតក​ដើម" ក៏​លើក​ឡើង​ដែរ​ថា “Admin ជានារីឃើញហើយក៏លង់ ចុះទំរាំតែជាបុរសវិញទៀត!”៕

អត្ថបទ៖ ទារិកា

មតិយោបល់