• 2021-03-03 02:58:42
  • ភាពយន្ត

ក្ដី​សុបិន​មួយ​ក្នុង​អាជីព​ផលិត​ខ្សែភាពយន្ត​របស់ ហ៊ុយ យ៉ាឡេង បាន​សម្រេច​ហើយ!

  • 2021-03-03 02:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រឡូក​ក្នុង​អាជីព​ផលិត​ខ្សែភាពយន្ត និង​សម្ដែង​ជាង​២០​ឆ្នាំ លោក ហ៊ុយ យ៉ាឡេង ទើប​សម្រេច​គោលបំណង​ធំ​មួយ​មិន​ធ្លាប់​មាន​ក្នុង​អាជីព​របស់​ខ្លួន។ នោះ​គឺ​រឿង"ដើម្បី​កូន"​ដែល​ជា​ស្នាដៃ​របស់​លោក ត្រូវ​បាន​មហាជន​គាំទ្រ និង​ចូល​ទស្សនា​រហូត​ដល់​ជាង​១​លាន​ដង គិត​ត្រឹម​តែ​រយៈ​ពេល​១៥​ថ្ងៃ​ប៉ុណ្ណោះ។

បន្ទាប់​ពី​ជោគជ័យ​លើ​ការ​គាំទ្រ​តាម​បណ្ដា​រោងភាពយន្ត នៃ​ខ្សែភាពយន្ត​ជីវិត"ដើម្បី​កូន" លោក ហ៊ុយ យ៉ាឡេង បាន​ដាក់​រឿង​នេះ​នៅ​លើ​បណ្ដាញ​សង្គម​Youtube កាល​ពី​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០២១ ហើយ​គិត​មក​ដល់​ថ្ងៃ​នេះ​មាន​អ្នក​ចូល​ទស្សនា​ចំនួន​១,២៧៤,៩៥០ ដង។

ផលិតករ​រូប​នេះ បាន​បង្ហាញ​អារម្មណ៍​ពិត​របស់​ខ្លួន​តាម​បណ្ដាញ​សង្គម​Facebook កាល​ពី​ថ្ងៃ​ម្សិលម្ង៉ៃ​ថា បាន​ស្គាល់​រសជាតិ​ហើយ​ដែល​ត្រឹម​តែ​២​សប្ដាហ៍​សោះ ទទួល​បាន​លទ្ធផល​ល្អ​មិន​នឹកស្មាន​បែប​នេះ។ លោក​ថា​កន្លង​ទៅ​ធ្លាប់​តែ​ឃើញ​គេ​លួច​រឿង​លោក​យក​ទៅ​បង្ហោះ​បាន​១​លាន ហើយ​លោក​បង្ហោះ​ខ្លួន​ឯង​បាន​ត្រឹម​១០​ម៉ឺន​ប៉ុណ្ណោះ​កាល​ណោះ។

ហ៊ុយ យ៉ាឡេង៖"ពេល​នេះ​ខ្ញុំ​ទទួល​បាន​អ្វី​ដែល​ខ្លួន​ចង់​បាន​ហើយ...អគុណ​បងប្អូន​ខ្មែរ​នៅ​លើ​ពិភព​លោក​ដែល​បាន​ឲ្យ​តម្លៃ​យើង​ខ្ញុំ ខ្ញុំ​នឹង​ខិតខំ​បន្ត​ទៀត"។

"ដើម្បី​កូន" គឺ​ជា​ខ្សែភាពយន្ត​ខ្មែរ​ខ្នាត​ធំ​មួយ​បាន​ឆ្លុះបញ្ចាំង​ពី​ជីវិត​ពិត​របស់​គ្រួសារ​ក្រីក្រ​មួយ និង​ការ​តស៊ូ​ដ៏​កម្រ​របស់​ឪពុក​ដែល​ចូល​ខ្លួន​ជា​ធ្វើ​ជា​ឪពុក​ផង និង​ម្ដាយ​ផង​ដើម្បី​ចិញ្ចឹម​កូន​ពីរ​នាក់។ រឿង​នេះ បាន​ចាក់​បញ្ចាំង​តាំង​ពី​ឆ្នាំ​២០១៩ ហើយ​ទទួល​បាន​ការ​គាំទ្រ​រហូត​មក​ដល់​បច្ចុប្បន្ន។ រឿង​នេះ ក៏​បាន​ក្លាយ​ជា​ខ្សែភាពយន្ត​មួយ​តំណាង​ឲ្យ​កម្ពុជា ដើម្បី​ប្រកួតប្រជែង​ពានរង្វាន់​អូស្ការ ហើយ​លទ្ធផល​យ៉ាង​ណា​នោះ​គណៈកម្មការ​អូស្ការ​គ្រោង​នឹង​ប្រកាស​ក្នុង​ពេល​ឆាប់ៗ​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់