• 2021-03-11 03:15:41
  • ភាពយន្ត

WOW! លៀក លីដា គ្រោង​បញ្ចេញ​ទុន​៧០​ម៉ឺន​ដុល្លារ ដើម្បី​ផលិត​រឿង​ខ្មែរ​មួយ​ឲ្យHollywood បាន​ស្គាល់

  • 2021-03-11 03:15:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាងហ្វាង​ផលិតកម្ម អិល ឌី និង​ជា​ផលិតករ​ខ្មែរ​ល្បីឈ្មោះ​មួយ​រូប គឺ​លោក លៀក លីដា គ្រោង​ផលិត​ខ្សែភាពយន្ត​ខ្មែរ​ខ្នាត​ធំ​មួយ​ដែល​ចំណាយ​ទុន​រហូត​ដល់​៧០​ម៉ឺន​ដុល្លារ។ ត្បិត​ថា​លោក​មិន​អាន​អាច​ប្រាប់​ពី​ចំណង​ជើង​រឿង ប៉ុន្តែ​លោក​ថា​តាម​រយៈ​រឿង​នេះ នឹង​ជួយ​លើក​កម្ពស់​វិស័យ​ភាពយន្ត​ខ្មែរ ព្រម​ទាំង​លើក​មុខមាត់​ជាតិ​ខ្មែរ​លើ​ឆាក​អន្តរជាតិ។

លោក លៀក លីដា និយាយ​ថា បច្ចុប្បន្ន​លោក​មាន​ថវិកា​ពាក់កណ្ដាល នៃ​គម្រោង​ចំណាយ​សរុប​៧០​ម៉ឺន​ដុល្លារ​នោះ​ហើយ ហើយ​កំពុង​អង្គុយ​គិត​រក​ដៃគូ​សហការ ដើម្បី​សម្រេច​នូវ​គោលបំណង​នេះ។ លោក​ច្បាស់​ក្នុង​ចិត្ត​ថា បើ​ទោះ​បី​ជា​ការ​ផលិត​រឿង​ខ្មែរ​មួយ​នេះ​ចេញ​ទៅ​ខាត​បង់​ក៏​ជា​ឱកាស​នាំ​យក​ភាពយន្ត​ខ្មែរ​ឲ្យ​ពួក​Hollywood បាន​ស្គាល់​ដែរ។

លៀក លីដា៖"វា​ជា​រឿង​បង្ហាញ​ពី​សមត្ថភាព​របស់​ផលិតករ​ខ្មែរ និង​បង្ហាញ​ពី​វប្បធម៌​ខ្មែរ​សម័យ​មុន។ ខ្ញុំ​ជឿ​ថា រឿង​នេះ​នឹង​ជោគជ័យ​លើ​ទីផ្សារ​អន្តរជាតិ ហើយ​ខ្ញុំ​និយាយ​ហើយ​មិន​ងាយ​នឹង​ចោល​ទេ ដូច​ជា​រឿងThe Clock អីចឹង"។

ចាងហ្វាង​ផលិតកម្ម អិល ឌី រូប​នេះ ទើប​ប្រកាស​ថា​ខ្លួន​បាន​ខាតបង់​ទុន​យ៉ាង​សន្ធឹក​លើ​ការ​ថត​រឿង"ជញ្ជាំង​ក្រហម" ដែល​ទើប​តែ​ថត​បាន​ប្រហែល​១០​% ក៏​អាក់ខាន​ទៅ​វិញ​ដោយសារ​តែ​បញ្ហា​ជំងឺ​កូវីដ-១៩ និង​បញ្ហា​តួអង្គ​ឯក​ប្រុស​នៅ​ប្រទេស​ភូមា​មាន​បញ្ហា​បាត់​ខ្លួន​ហើយ​ទើប​រក​ឃើញ​វិញ​ក្នុង​ព្រឹត្តិការ​រំជើបរំជួល​ដោយ​រដ្ឋប្រហារ​នៅ​ក្នុង​ប្រទេស​នោះ។

ប៉ុន្តែ​លោក លៀក លីដា នៅ​តែ​មិន​អល់អែក ឬ​ចាវ​ម្ដង​ណា​សោះ​ក្នុង​ការ​ផលិត​រឿង​ថ្មី​ៗ​ដែល​ចំណាយ​ទុន​ច្រើន។ ក្នុង​រយៈ​ពេល​ជាង​១៥​ឆ្នាំ​ដែល​លោក​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត គេ​ទើប​ឮ​លោក​ត្អូញ​ថា​ខាត​បង់​លើ​រឿង"ជញ្ជាំង​ក្រហម" មួយ​ប៉ុណ្ណោះ ហើយ​រឿង​ខ្មែរ​ដែល​លោក​គ្រោង​ផលិត​នេះ​នឹង​ទទួល​បាន​ការ​គាំទ្រ​ទាំង​នៅ​ថ្នាក់​ជាតិ និង​អន្តរជាតិ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់