• 2021-03-19 04:45:33
  • ព័ត៌មាន

ប្រវត្តិសង្ខេបត្រួសៗទាំង១០ របស់ Mafia ប្រចាំ «365 Days» Michele Morrone

  • 2021-03-19 04:45:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តមាន​ចំណងជើងថា «365 Days» ជា​ខ្សែភាពយន្ត ​និយាយពី​រឿងរ៉ាវស្នេហារបស់បុរស Mafia ដែលចាប់ជំរិតនារីម្នាក់ឲ្យមករស់នៅជាមួយ ហើយធ្វើឲ្យនាងលង់ស្រឡាញ់។ ខ្សែភាពយន្តខ្នាតធំ​នេះ​ ពិតជា​បង្កប់នូវរសជាតិជា​ច្រើន ដែលធ្វើឲ្យអ្នក​មើល​មួយចំនួន​ពេញចិត្ត ស្របពេល​ខ្លះទៀតក៏មិនសូវ ដោយផ្អែក​លើ​ការយល់ឃើញរៀងៗខ្លួន។

យ៉ាងណាមិញ «365 Days» ក៏បាន​ធ្វើឲ្យតួសម្ដែង​ល្បីឈ្មោះ​មួយកម្រិតដែរ ជាពិសេស Michele Morrone ដែលជា Mafia។ ងាកមកជីវិតក្រៅរឿងវិញ តើអ្នកបាន​ដឹងអ្វី​ខ្លះពី Michele Morrone?

១. Michele Morrone កើតនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ១៩៩០ ក្នុងក្រុង Melegnano ក្រុងតូចដែលមានប្រជាជនរស់នៅ ១៥០ ០០០នាក់ និងស្ថិតនៅជិតទីក្រុង Milan ប្រទេសអ៊ីតាលី។

ទាក់ទង​នឹង​គ្រួសារ Michele មិនសូវលើកមក​និយាយ​ច្រើនទេ ត្រឹម​ដឹង​ថាលោកធំដឹងក្ដីក្នុងគ្រួសារដែលសុទ្ធតែជា​អ្នករវល់នឹងការងារ (ស្របពេល​លោកគឺជាតារាសម្ដែង ហើយបងប្អូនស្រីប្រុស ៤នាក់ទៀត គឺជាអ្នកថតរូបអាជីព)។ ឪពុករបស់​លោក ធ្វើការក្នុងវិស័យសាងសង់ ហើយបាន​ទទួលមរណភាពតាំងពី Michele មានអាយុ ១២ឆ្នាំម្ល៉េះ។ ចំណែក​អ្នកម្ដាយរបស់តារាប្រុសរូបនេះមិនមាន​លេចឮព័ត៌មានចេញផ្សាយឡើយ។

២. Michele មានកូន ២នាក់

តារាសម្ដែងកម្ពស់ ១៩០សង់ទីម៉ែត្ររូបនេះមិន​សូវ​បង្ហើបពីរឿងបងប្អូន និងគ្រួសារធំមែន ប៉ុន្តែលោកតែង​បើកចំហជានិច្ចពីរឿងកូនចៅ។ លោកមាន​កូនប្រុស ២​នាក់ឈ្មោះ Marcus និង Brando Morrone ដែល​មានមុខមាត់កាត់រកលោកខ្លាំង។ ទំនាក់ទំនងរវាងឪពុកកូនពិតជាស្និទ្ធ​ស្នាលណាស់ ហើយ Michele ធ្លាប់បាន​និយាយថា ពេល​កូនៗនៅឆ្ងាយ លោកមាន​អារម្មណ៍កណ្ដោចកណ្ដែង និងពិបាកចិត្តណាស់។

៣. លោកបាន​រៀបការជាមួយ​នឹង​អ្នករចនាម៉ូដម្នាក់

Michele បានភ្ជាប់​ចំណងអាពាហ៍ពិពាហ៍នឹង​អ្នករចនាម៉ូដម្នាក់ឈ្មោះ Rouba Saadeh តាំងពីឆ្នាំ ២០១៣ ប៉ុន្តែស្នេហានេះ​ត្រូវ​បញ្ចប់នៅឆ្នាំ ២០១៨ បន្សល់ទុកកូន ២​នាក់។ ទោះបីលែងគ្នា​ក៏ដោយ ប៉ុន្តែ​អ្នក​ទាំង ២​បាន​បំពេញ​កាតព្វកិច្ចជា​ឪពុកម្ដាយ និង​តែង​ផ្ដល់ភាពកក់ក្ដៅដល់កូនៗជានិច្ច។

៤. Michele ក៏ជា​តារា​ចម្រៀង​ដែរ

តាមរយៈការសម្ដែង តារា​ប្រុសរូបនេះ​ទាក់ចិត្តនារីៗជា​ច្រើន ដោយសាររូបរាង និងសមត្ថភាពសម្ដែង ប៉ុន្តែលោកក៏ជា​បុរស​ដែល​មាន​ជំនាញ​ច្រើនដែរ។ អ្នកដែល​រស់នៅក្រៅ​ប្រទេស​អ៊ីតាលីតិច​ណាស់ ដែល​ដឹង​ថា​លោកគឺជា​តារាចម្រៀង។

ជាក់ស្ដែង​សូម្បីក្នុងរឿង «365 Dyas» ក៏មាន​បទចម្រៀង​របស់ Michele ដែរ មានចំណងជើងថា «Feel It»។

៥. លោកក៏ជាវិចត្រករដែរ

បុរសម្នាក់នេះ​មិនចូល​ចិត្តលាក់ទេពកោសល្យទេ មិនថាសម្ដែង ច្រៀង សូម្បីគូររូបក៏លោកពូកែ​មិនអន់ដែរ។ គំនូររបស់លោកនីមួយៗ សុទ្ធ​តែ​បង្កប់អត្ថន័យ និងទទួលបាន​ការចាប់អារម្មណ៍ខ្លាំងពីអ្នក​គាំទ្រ។ ទោះ​បី​គំនូរទាំងនោះមិនអស្ចារ្យ​ខ្លាំង និងមិនដូចអ្នក​ជំនាញ ប៉ុន្តែ​យ៉ាងណា​នេះ​កើតចេញពីការស្រឡាញ់ និង​គូរចេញពីចិត្ត។

៦. តារាសម្ដែង​រូបនេះ​ធ្លាប់បាន​ចូលរួមប្រកួតក្នុងកម្មវិធីរាំរបស់អ៊ីតាលី

Michele ក៏ជាបេក្ខជនក្នុងកម្មវិធី “Ballando con le Stelle” ឬកម្មវិធី “Dancing With The Stars in 2017”​ របស់អ៊ីតាលី។ កាលនោះលោកបាន​ចាប់គូសម្ដែង​ក្បាច់រាំ​ជាមួយ​នឹង ​Ekaterina Vaganova ដែល​ជាអ្នក​ជំនាញ​រាំ​ម្នាក់ដែរ។

៧. ជាតារាល្បីឈ្មោះប្រចាំអ៊ីតាលី

ពិភពលោកចាប់ផ្ដើមស្គាល់លោកខ្លាំងនៅឆ្នាំ ២០២០ តាមរយៈរឿង «365 Days» ប៉ុន្តែតាមពិតទៅកេរ្តិ៍ឈ្មោះ​របស់ Michele Morrone មាន​តាំងពីយូរណាស់មកហើយនៅប្រទេស​នេះ គ្រាន់តែ​មិនស្ថិតនៅ​លំដាប់ A ពេល​នោះ។ លោកចាប់ផ្ដើមប្រឡូក​ក្នុងវិស័យសិល្បៈ​នៅឆ្នាំ ២០១៥ តាមរយៈការសម្ដែង​តូចតាចធម្មតា ប៉ុន្តែនៅ​ឆ្នាំ ២០១៧ លោកក៏បាន​ឱកាសសម្ដែងរឿងភាគឲ្យទូរទស្សន៍ ជាហេតុប្រជាប្រិយភាពឡើងតាមនោះ។

៨. Michele Morrone ក៏ជា​អ្នកដែល​ប្រឈម និងជម្នះនឹង​ជំងឺផ្លូវចិត្តដែរ

មកទល់ពេលនេះ​ ជីវិតរបស់ Michele កំពុង​សុខសប្បាយ ប៉ុន្តែតាមពិតទៅ លោកក៏ធ្លាប់រងនូវវិបត្តិផ្លូវចិត្តដល់ទៅ ​២ឆ្នាំ​ដែរ។ បន្ទាប់ពី​លែងលះកាលពីឆ្នាំ ២០១៨ លោករងនូវសម្ពាធផ្លូវចិត្តខ្លាំង ហើយចាប់ផ្ដើមបោះបង់អ្វីគ្រប់យ៉ាងចោលលែងខ្វល់ ដល់ថ្នាក់ចង់ឈប់សម្ដែងទៀតផង។

លោកបាន​លើកយក​បញ្ហា​នេះ​មក​ទម្លាយ ពេល​ដែល​ខ្លួន​មានភាពធូរស្រាល និងល្បីឈ្មោះ។ នេះ ក៏ព្រោះលោក​ដឹង​ពីសារសំខាន់ ក្នុង​ការ​ទម្លាយនូវអ្វីដែល​បង្កជា​វិបត្តិផ្លូវចិត្តនេះ ហើយរម្លឹក និងលើកទឹកចិត្តដល់មនុស្សគ្រប់គ្នា ឲ្យស៊ូឡើង ព្រោះ​ទោះបី​យើងត្រូវ​ធ្លាក់​ក្នុងសភាព​លំបាក​យ៉ាងណា ក៏គង់មាន​ថ្ងៃ យើងអាច​ងើបឈរជា​ថ្មីដែរ។

៩. លោកធ្លាប់ធ្វើជាអ្នកថែសួន

ត្រឡប់ទៅឆ្នាំ ២០១៨ Michele គិតចង់ឈប់​ការងារជា​តារាសម្ដែង ហើយស្របពេល​នោះ​លោកគ្មានលុយទៀត។ លោកបាន​ប្ដូរទៅនៅទីក្រុងតូចមួយ និងចាប់ផ្ដើមការងារធ្វើជាអ្នកថែសួន ដើម្បីបាន​កម្រៃផ្គត់ផ្គង់ជីវភាព។ មិនយូរប៉ុន្មាន លោកក៏ត្រូវបាន​គេ​ទាក់ទង​ថតរឿងថ្មី គឺ «365 Days» ហើយពេល​នោះ​វាសនាលោកស្រាប់តែ​ហក់ឡើងវិញស្ទើរមិនគួរឲ្យជឿ។

១០. ក្រៅពី Michele គ្មានអ្នកណាសមនឹងដើរតួ Massimo ក្នុងរឿង​ «365 Days» ទេ

សូម្បី Anna-Maria Sieklucka ដែល​ជា​តួ​ស្រី​ក្នុងរឿង​ក៏បាន​លាន់មាត់ដែរថា ក្រៅពី Michele គ្មាន​អ្នកណាដើរតួ Massimo សមទេ។ លោកជា​តារា​ប្រុសដែល​ឆាប់ចាប់បាន​អ្វី​ដែល​ត្រូវ​ធ្វើ ហើយលោកពិតជាស័ក្តិសម​នឹង​តួ​នេះ​បំផុត គ្មានអ្នកណាជំនួសបាន​ឡើយ៕​

ប្រភព៖ The Things

មតិយោបល់