• 2021-03-21 04:51:15
  • ព័ត៌មាន

ធីតាឯកសង្រ្កាន្ត រដូវកាលទី២ បញ្ចប់ទៅដោយជោគជ័យ រកឃើញម្ចាស់មកុដ និងជយលាភី​ទាំង ៧រូប

  • 2021-03-21 04:51:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីជ្រើសរើស ”ធីតាឯកសង្ក្រាន្ត” រដូវកាលទី២ ប្រចាំឆ្នាំឆ្លូវ នៃពុទ្ធសករាជ ២៥៦៥ ត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ ដែលបានប្រារព្ធធ្វើឡើងក្នុងស្ថានីយ៏ទូរទស្សន៍ជាតិកម្ពុជា និងបានរកឃើញបេក្ខនារីដែរជាប់ជាជយលាភីទាំង៧រូប (TOP7) ដោយម្ចាស់មកុដបានទៅលើកញ្ញា សាន្ត កុសុមៈ។ ព្រឹត្តិការណ៏ដ៏វិសេសវិសាលនេះ ត្រូវបានរៀបចំ នឹងបង្កើតឡើងដោយក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនធើធិនម៉ិន ឯ.ក ហៅកាត់ថា (FUN Entertainment) ដោយមានការចូលរួមសហការ និងគាំទ្រ ពីខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា និងមានការចូលរួមឧបត្ថម្ភផ្នែកសម្លៀកបំពាក់បុរាណដ៏ប្រណីត ពីសំអាងការ ប្រសិទ្ធិសេរីផងដែរ។

ជយលាភីដែលជាធីតាឯកសង្រ្កាន្តនាឆ្នាំឆ្លូវ និងជាម្ចាស់មកុដបានទទួលនូវកម្រងផ្កាភួងដៃ ដែលមានការរចនាយ៉ាងប្រណីតជាមួយផ្ការំដួល ពីហាងកេសរផ្កា និងបាច់ផ្កាយ៉ាងពិសេសពីហាងផ្កា Lungdy Luy ជាមួយរង្វាន់ជាទឹកប្រាក់ ៣០០០ដុល្លារ នឹងវិញ្ញាបនប័ត្រពីក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនធើធេនម៉ិន ឯ.ក។ ចំណែកឯជ័យលាភីទី២ ក៏ទទួលបាននូវកម្រងផ្កាភួងដៃ ដែលមានការរចនាជាមួយផ្ការ័ក្ស ពីហាងកេសរផ្កា និងបាច់ផ្កាពីហាង Lungdy Luy ជាមួយរង្វាន់ជាទឹកប្រាក់ ២០០០ដុល្លារ អមជាមួយវិញ្ញាបនប័ត្រ រីឯជយលាភីទី៣ ទទួលបានកម្រងផ្កាភួងដៃពិសេសពីហាងកេសរផ្កា និងបាច់ផ្កាពីហាង Lungdy Luy ជាមួយរង្វាន់ជាទឹកប្រាក់ ១៥០០ដុល្លារ អមជាមួយវិញ្ញាបនប័ត្រ ពីក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនធើធេនម៉ិន ឯ.ក ផងដែរ។

គោលបំណងក្នុងការបង្កើតកម្មវិធីប្រកួតជ្រើសរើស "ធីតាឯកសង្ក្រាន្តរដូវកាលទី២”នេះ គឺដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ, និងចង់បញ្រ្ចាបនូវចំណេះដឹងអំពីវប្បធម៌ អរិយធម៌ ប្រវត្តិសាស្រ្ត ទាក់ទងនឹងបុត្រីទាំង ៧អង្គ របស់កបិលមហាព្រហ្ម ដែលទ្រង់នឹងយាងចុះមកគ្រប់គ្រងជម្ពូរទ្វីប ដោយមានយាន្តជំនិះជាសត្វ តែមិនមែនជាសត្វតំណាងអោយឆ្នាំទាំង ១២ នោះឡើយ ព្រោះថាបុត្រីកបិលមហាព្រហ្មមានតែ ៧អង្គ មិនមែន ១២អង្គ។ ចំពោះទេពធីតាឆ្នាំឆ្លូវ នាឆ្នាំ២០២១នេះ ជាបុត្រីទី៤ របស់កបិលមហាព្រហ្ម មានព្រះនាម មណ្ឌាទេវី មានសត្វជាយានជំនិះ គឺសត្វលា។ ទាំងអស់នេះ គឺជាចំណេះដឹង ដែលកូនខ្មែរគ្រប់ជំនាន់ត្រូវយល់ដឹង និងចងចាំទុក។ មួយវិញទៀត គឺយើងចង់បង្ហាញពីការច្នៃប្រឌិត ក្នុងការរចនាសម្លៀកបំពាក់បុរាណ ដើម្បីអោយត្រូវទៅតាមក្បួនខ្នាតរបស់វប្បធម៌យើង ដែលមានជាយូរយារណាស់មកហើយ ចំណែកឯមួយផ្នែកទៀត យើងចង់បង្ហាយ អំពីការលើកកម្ពស់ នឹងអោយតម្លៃដល់ស្រ្តី ក្នុងការចូលរួមកិច្ចការងារក្នុងសង្គម កិច្ចការងារមនុស្សធម៌ រួមទាំងការចែករំលែកនូវចំណេះដឹងទាក់ទង នឹងផលប៉ះពាល់ដល់បរិស្ថានដោយសារការប្រើប្រាស់ថង់ផ្លាស្ទិច ជាដើម។

សូមបញ្ជាក់ផងដែលថា បេក្ខនារី ទាំង ៧រូប បន្ទាប់ពី ប្រកាសជាប់ជាជ័យលាភី នៅក្នុងកម្មវិធីប្រកួតប្រជែងមួយនេះ នឹងត្រូវក្លាយជាតួអង្គ ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ក្នុងឆ្នាំ២០២១ របស់ស្ថានីយ៏ទូរទស្សន៍ជាតិកម្ពុជា (ទទក)៕

មតិយោបល់