• 2021-03-31 11:01:41
  • ព័ត៌មាន

លើសរំពឹងទុក! ធីតាឯកសង្ក្រាន្តរដូវកាលទី២ ប្រព្រឹត្តទៅដោយជោគជ័យ បើទោះកូវីដកំពុងផ្ទុះ

  • 2021-03-31 11:01:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី “ធីតាឯកសង្រ្កាន្ត” ជាកម្មវិធីថ្នាក់ជាតិមួយ ដែលរៀបចំឡើងដោយក្រុមការងារជំនាញរបស់ FUN Entertainment ទទួលបាននូវការកោតសរសើរយ៉ាងច្រើនពីសំណាក់មហាជនដែលតែងតែគាំទ្រនូវកម្មវិធីថ្នាក់ជាតិ ជាពិសេសលើវិស័យជ្រើសរើសបវរកញ្ញា។

កាលពីព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន ត្រូវបានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីនៃក្រសួងព័ត៌មាន ដែលមានការដឹកនាំដោយ អ្នកនាង សំណាង ពុទ្ធានី ជាតំណាងឱ្យក្រុមហ៊ុន ជាមួយក្រុមការងាររបស់ “ធីតាឯកសង្ក្រាន្ត” និងជយលាភីរបស់ ធីតាឯកសង្រ្កាន្ត ទាំង ៣រូបផងដែរ។

នាក្នុងឱកាសនោះ អ្នកនាង សំណាង ពុទ្ធានី ដែលជាតំណាងឱ្យក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន បានជម្រាបជូនដល់ ឯកឧត្តម ខៀវ កញ្ញារិទ្ធិ អំពី របាយការណ៍នៃដំណើរការរបស់កម្មវិធី “ធីតាឯកសង្រ្កាន្ត” និងការផលិតនូវ “វីដេអូឆ្នាំថ្មី ឆ្នាំឆ្លូវ” ដែលផលិតដោយក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន ដោយមានការចូលរួមពិភាក្សា និងសហការ ពីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ។

ទន្ទឹមនឹងនេះ អ្នកនាងក៏បានលើកឡើងអំពីគម្រោងសកម្មភាពនានា ជាបន្តបន្ទាប់របស់ កញ្ញាឯក ទាំង ៧ រូប ដែលនឹងត្រូវចូលរួមយ៉ាងស្អិតល្មួតជាមួយ សកម្មភាពផ្សេងៗជាច្រើនទៀតរបស់ ហ្វាន់ អេនធើធេនម៉ិន ក្នុងនាមជា ធីតាឯក ទាំង ៧រូប ប្រចាំឆ្នាំឆ្លូវ ក្នុងឆ្នាំថ្មីនេះ ត្រូវនឹងពុទ្ធសករាជ ២៥៦៥។

« ក្រុមការងាររបស់ FUN Entertainment នឹងដាក់ដំណើរការនូវកម្មវិធីមនុស្សធម៌ ដែលមានឈ្មោះថា បេសកកម្ម ៤០០០រៀល ដើម្បីផ្តល់ និងបង្ហាញនូវក្តីស្រលាញ់ ក៏ដូចជាការចូលរួមលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានប្រយុទ្ធប្រឆាំងយ៉ាងសកម្ម ដើម្បីទប់ស្កាត់នូវការរាតត្បាតនៃជំងឺកូវីដ១៩ (COVID-19)»។ អ្នកបញ្ជាក់បន្ថែម ។ អ្នកនាងក៏បានសូមស្នើឱ្យ ឯកឧត្តម រដ្ឋមន្ត្រី នៅតែបន្តការគាំទ្រនូវសកម្មភាពមនុស្សធម៌មួយនេះ ជាមួយក្រុមការងាររបស់ ធីតាឯកសង្រ្កាន្ត និងជយលាភីទាំង ៧រូប របស់ក្រុមហ៊ុន FUN Entertainment ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ខៀវ កញ្ញារិទ្ធ បានសរសើរដល់ក្រុមការងាររបស់ FUN Entertainment ដែលបានរៀបចំកម្មវិធីនេះ ប្រព្រឹត្តទៅដោយជោគជ័យ និងទទួលនូវលទ្ធផលកាន់តែប្រសើរជាងឆ្នាំមុន។ មិនត្រឹមតែប៉ុណ្ណោះ ជយលាភីទាំង ៧រូប របស់កម្មវិធី ធីតាឯកសង្ក្រាន្ត​ និងក្រុមការងារទាំងអស់ ក៏ទទួលបាននូវអំណោយដ៏ថ្លៃថ្លាពី ឯកឧត្តម រដ្ឋមន្ត្រី​ នូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងក្រសួងព័ត៌មានផងដែរ។

គួរបញ្ជាក់ផងដែរថា សកម្មភាពមនុស្សធម៌របស់ ធីតាឯកសង្រ្កាន្តនេះ គឺបានផ្តល់នូវឱកាស ដើម្បីឱ្យម្ចាស់ជយលាភីក្នុងកម្មវិធី ធីតាឯកសង្រ្កាន្ត ប្រចាំឆ្នាំឆ្លូវទាំង ៧រូបនេះ បានចូលរួមក្នុងការងារសង្គម ជាពិសេសក្នុងស្ថានការណ៍ដ៏សែនលំបាក ដែលប្រទេសកម្ពុជាយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ហើយក៏ជាការចូលរួមលើកទឹកចិត្ត ក្នុងការដឹងគុណដល់ទ័ពអាវស ដែលកំពុងតែមមាញឹកប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដ៏កាចសាហាវកូវីដ១៩នេះផងដែរ៕

ណារីតា

មតិយោបល់