• 2021-04-01 08:31:28
  • ព័ត៌មាន

បាត់​មុខ​ជិត​២០​ឆ្នាំ ថ្ងៃ​នេះ​លេចដំណឹង​ថា គឹម លក្ខិណា ត្រឡប់​ចូល​សិល្បៈ​វិញ​ដោយ​មាន​តារា​ចម្រៀង​ពីរ​ដួង​អម​ផង

  • 2021-04-01 08:31:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រសៀល​ថ្ងៃ​ទី១ ខែ​មេសា នេះ លេច​ដំណឹង​ថា​តារា​ចម្រៀង​ស្រី គឹម លក្ខិណា ដែល​បាត់មុខ​ពី​សិល្បៈ​ជិត​២០​ឆ្នាំ​ទៅ​ហើយ​នោះ នឹង​ត្រឡប់​មក​កាន់​វិស័យ​សិល្បៈ​វិញ។ ត្រឡប់​មក​វិញ​លើក​នេះ គឺ​មិន​ស្ថិតនៅ​ក្រោម​ផលិតកម្ម​ណា​មួយ​នោះ​ទេ គឺ​ត្រឡប់​មក​វិញ​ក្នុង​នាម​ជា​តារា​ចម្រៀង​ឯករាជ្យ។

ដំណឹង​នេះ​ត្រូវ​បាន​ទម្លាយ​ដោយ​ម្ចាស់​គណនី​Facebook ឈ្មោះ Cheetahxxi ។ ម្ចាស់​គណនី​ដដែល​បង្ហើប​ថា តាម​តម្រុយ គឹម លក្ខិណា នឹង​ចេញ​បទ​ចម្រៀង​មួយ​ជាមួយ​តារា​ចម្រៀង​ស្រី​ពីរ​ដួង​ទៀត គឺ​អ្នក​នាង ពេជ្រ សោភា និង​អ្នក​នាង ឈិត សុវណ្ណបញ្ញា។ នាង​បាន​ថត​សំឡេង​នៅ​ឯ​បរទេស​រួច​ហើយ គឺ​រង់ចាំ​តែ​ស្ថានភាព​ជំងឺ​កូវីដ-១៩ ស្ងប់ស្ងាត់​នឹង​អាល​បាន​មក​ស្រុក​ខ្មែរ ដើម្បី​ថតMV នេះ ហើយ​ថែម​ទាំង​ត្រៀម​ខ្លួន​ចូល​រួម​ក្នុង​កម្មវិធី​ទូរទស្សន៍​ផ្សេង​ៗ​ទៀត​ផង។

Cheetahxxi បាន​ប្រកាស​ដំណឹង​នេះ​ដោយ​មាន​ស្រស់​សម្ដី​របស់​តារា​ចម្រៀង ពេជ្រ សោភា និង​ឈិត សុវណ្ណ​បញ្ញា ថា៖"បញ្ញា៖"នាងខ្ញុំត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិលត្រលប់មកវិញជាមួយបងលក្ខណ៍ ។ សោភា៖ទីបំផុត​ពួកយើង​ជួប​គ្នា​ម្ដង​ទៀត"។

ជុំវិញ​ដំណឹង​ត្រឡប់​ចូល​សិល្បៈ​វិញ​របស់​អតីត​តារា​ចម្រៀង​ស្រី គឹម លក្ខិណា នេះ Sabay មិន​ទាន់​អាច​រក​ប្រភព​ទាក់ទង​សាមី​ខ្លួន​ដើម្បី​បញ្ជាក់​នៅ​ឡើយ​ទេ។ អតីត​តារា​ចម្រៀង​ប្រចាំ​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស គឹម លក្ខិណា បាត់​មុខ​ពី​សិល្បៈ​ជិត​២០​ឆ្នាំ​ហើយ ហើយ​បទ​ចម្រៀង​ដែល​ល្បី​ខ្លាំង​របស់​នាង​កាល​ណោះ​មាន​ដូច​ជា​បទ៖"Do re mi" បទ"អាជ្ញា​ស្នេហ៍" និង​បទ"ទឹក​ឃ្មុំ​ល្វីង" ជា​ដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់