• 2021-04-06 02:30:41
  • ព័ត៌មាន

សរុប​ឡើង​វិញ​ម្ដង​ឃើញ​ថា​ច្រើន​មែន! ថវិកា​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង​លោកជំទាវ បរិច្ចាគ​ជូន​រាជរដ្ឋាភិបាល​ដោះស្រាយ​គ្រោះ​អាសន្ន

  • 2021-04-06 02:30:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​ជា សប្បុរសជន​ដៃ​ទូលាយ​ម្នាក់ និង​តែង​តែ​ឈាន​មុខ​គេ​ក្នុង​ការ​សម្រេច​ចិត្ត​បរិច្ចាគ​ជួយ​រាជរដ្ឋាភិបាល​ប្រយុទ្ធ​ប្រឆាំង និង​ដោះ​ស្រាយ​ការ​លំបាក​នានា​គ្រា​សង្គម​ជាតិ​ជួប​គ្រោះ​អាសន្ន ដែល​គិត​មក​ទល់​នឹង​ពេល​នេះ ថវិកា​បរិច្ចាគ​របស់​អ្នក​ឧកញ៉ា មាន​ចំនួន​ជា​ច្រើន​លាន​ដុល្លារ​ហើយ។

រាប់​ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ តាម​តួលេខ​សរុប អ្នកឧកញ៉ា​វ័យ​ក្មេង​រូប​នេះ បានបរិច្ចាគជួយជាតិជិត១០លានដុល្លារមកហើយ ដែល​ចំនួននេះ គឺជាចំនួនច្រើនជាងគេ ក្នុងចំណោមសប្បុរសជនទាំងអស់។ ខាងក្រោមនេះ គឺជាកាលបរិច្ឆេទ និងចំនួនថវិកាសប្បុរសធម៌ ដែលអ្នកឧកញ៉ា ចិត្តធម៌ វ័យក្មេង និងលោកជំទាវ បានលះបង់ធនធានផ្ទាល់ខ្លួន ចូលរួមជាមួយរដ្ឋាភិបាល និងជួយសង្គមជាតិ៖

ទី១/ ថ្ងៃទីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគចំនួន ១លាន ដុល្លារ តាមរយៈ ឯកឧត្ដម សេង ទៀង ជូន សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទិញវ៉ាក់សាំង វ៉ាក់សាំងកូវីដ១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។

ទី២/ ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគជូនសម្ដេចតេជោ ហ៊ុន សែន ចំនួន ៣លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ។

ទី៣/ ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន ២០ម៉ឺនដុល្លារថែមទៀត ជូនទៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហ៊ុន សែន (TYDA) ដើម្បីជាការសងគុណដល់ទ័ពឈុតស ដែលកំពុងតែប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ ។

ទី៤/ ថ្ងៃ២៧ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន៣.៥លានដុល្លារ តាមរយៈសម្ដេចតេជោ ដើម្បីទិញមន្ទីរពេទ្យ នគរទេព សម្រាប់ព្យាបាលបងប្អូនកើតជំងឺកូវីត១៩ ។

ទី៥/ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ប្រកាសបរិច្ចាគថវិកាចំនួន ១.៤លានដុល្លារ ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ខួបលើកទី១៥៨។

ទាំងអស់នេះ គឺ​ជា​ការ​រួម​ចំណែក​យ៉ាង​ធំ​ធេង ក្នុងនាម​អ្នកឧកញ៉ា ជា​អគ្គនាយក​ក្រុមហ៊ុន​បុរី ឡេង ណាវ៉ាត្រា គ្រុប និងជា​អគ្គនាយក​ផលិតកម្ម Galaxy Navatra ដែល​ទទួល​ជោគជ័យ​ខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។

ចំណុច​គួរ​កត់​សម្គាល់ នៅ​មុន ឬ​នៅ​ក្រោយ​សកម្មភាព​ជួយ​រាជរដ្ឋាភិបាល អ្នកឧកញ៉ា កើត​ចេញ​គ្រួសារ​ក្រី​ក្រ​តោកយ៉ាក​មួយ​នៅ​ខេត្ត​ព្រៃវែង ជា​រឿយ​ៗ បាន​ពោល​ពាក្យ​ថា អ្នក​ឧកញ៉ា មិនដឹងជាត្រូវយកលុយដែលរកបានទាំងអស់នោះ ទៅចាយទៅឯណា បើសិនជាប្រទេសជាតិ គ្មានសុខ​សន្តិភាព​ដូច​សព្វថ្ងៃ។ ដូច្នេះ​ហើយ ខណៈ​ពេល​សង្គម​ជាតិ​ជួប​គ្រោះ​អាសន្ន ទឹក​ជំនន់ វិបត្តិ​កូវីដ១៩ អ្នកឧកញ៉ា ថា មិន​សម​ថា​នឹង​ឈរ​ឱបដៃ​មើល ដោយ​មិន​ខ្វល់​ខ្វាយ​នោះ​ឡើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់