• 2021-04-09 04:11:01
  • ចម្រៀង

ពេញ​១ឆ្នាំ​រក​ឃើញ​បទ​លេខ​១ នៅ​ក្នុង​ផលិតកម្ម Galaxy Navatra

  • 2021-04-09 04:11:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Galaxy Navatra ដែល​បាន​បញ្ចេញ​បទ​ចម្រៀង​លឿន​ដូច​ព្យុះ​នោះ នៅ​ពេល​នេះ មាន​របាយការណ៍​ចេញ​មក​ថា ពេញ​១​ឆ្នាំ​មក​នេះ មាន​បទ​ចម្រៀង​មួយ​បទ មាន​ប្រជាប្រិយ​ដាច់​គេ​។ នេះ​បើ​តាម​ការ​បង្ហើប​របស់​លោក យឹម តាស្រង់ នាយក​គ្រប់​គ្រង​ផលិតកម្ម។

បទ​ចម្រៀង​នោះ ច្រៀង​ដោយ​តារា​ចម្រៀង​ស្រី តន់ ច័ន្ទសីម៉ា មាន​ចំណង​ជើង​ថា "ឡាន​ស៊ី​រ៉ែន" និង​និពន្ធ​ដោយ​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ចេញ​នៅ​លើ​យូធូប​កាល​ពី​ដើម​ឆ្នាំ ២០២០។ កាល​ណោះ គ្រាន់​តែ​ចេញ​ភ្លាម បទ​ចម្រៀង​ដែល​មាន​ចរិត​ដៀមដាម​ឲ្យ​ប្រុស​ៗ​កំហិល​ទាំង​ឡាយ​នោះ ត្រូវ​បាន​ប្រិយមិត្ត​ចូល​ទស្សនា​ភ្លូក​ទឹក​ភ្លូក​ដី។ សំខាន់​ជាង​នេះ​ទៀត ចម្រៀង​ខ្មែរ​មួយ​បទ​នេះ ត្រូវ​បាន​តារា​ថៃ យក​ច្រៀង​រាំ Cover យ៉ាង​ច្រើន​ទៀត។

ស្ថានភាព​បែប​នេះ បានធ្វើ​ឲ្យ​បទ​នេះ ក្លាយ​ជា​បទ​លេខ​១ ក្នុង​នាម​ជា​បទ​ដែល​មាន​ចំនួន​ចុច​ចូល​ទស្សនា និង​ស្ដាប់​ច្រើន​ជាង​គេ​បំផុត​ប្រចាំ​ឆ្នាំ។

គិត​មក​ដល់​ពេល​នេះ "ឡាន​ស៊ីរ៉ែន" មាន​ចំនួន​មើល​សរុប​ដល់​ទៅ ៣៦លាន​ដង​រយៈ​ពេល​១​ឆ្នាំ។ ចំណាត់​ថ្នាក់​លេខ​២ បាន​ទៅ​លើ​បទ "ដណ្ដឹង​អូន​ទៅ" បូក​រួម​នឹង​បទ​លេខ​៣ និង​លេខ​៤ សុទ្ធ​ជា​បទ​របស់ តន់ ចន្ទសីម៉ា គឺ​បទ "ចង់​សុំ Wifi” និង​បទ "យល់​ច្រឡំ​ថា​គេ​ស្រឡាញ់​យើង" ដែល​មាន​ចំនួន​ចូល​ទស្សនា ៣៣លាន ៣២លាន និង ២៧លាន​ដង​រៀង​ខ្លួន។

ចំណាត់​ថ្នាក់​លេខ​៥ ទើប​ចេញ​ផុត​ពី​តារាចម្រៀង​ស្រី​តូច​ស្រឡឹង ដោយ​បាន​ទៅ​លើ​បទ​ចម្រៀង​ឆ្លង​ឆ្លើយ ធឿន បុរី និង អ៊ុក សុវណ្ណារី "ចង់​លក់​ផ្ទះ​ចោល"។ បទ​របស់​តារា​ចម្រៀង​តូច​ទាំង​ពីរ មាន​ចំនួន​ចុច​ចូល​ទស្សនា ២៣លាន​ដង​ក្នុង​រយៈ​ពេល​១​ឆ្នាំ​ដូច​គ្នា។

លោក យឹម តាស្រង់ បាន​ថ្លែង​ថា លោក​មាន​មោទកភាព​ជាមួយ​សមិទ្ធផល​នេះ នឹង​សង្ឃឹម​ថា ២០២១ ក្រុម​ការងារ​របស់ Galaxy Navatra អាច​សម្រេច​បាន​លទ្ធផល​មោទកភាព​ថ្មី​ទៀត៕

តោះ...ស្ដាប់​រំឮក​ឡើង​វិញ​ម្ដង​ទៀត​ទាំង​អស់គ្នា៖

អត្ថបទ៖ ទារិកា

មតិយោបល់