• 2021-04-16 05:03:56
  • ព័ត៌មាន

ជីវប្រវត្តិ​សង្ខេប​ឯកឧត្តម ម៉ៅ អាយុទ្ធ បុគ្គល​ឆ្នើម​គ្រប់​សម័យ​កាល​!

  • 2021-04-16 05:03:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ដំណឹង​ដ៏​គួរ​ឲ្យ​តក់​ស្លុត​កាល​ពី​យប់​មិញ ដោយ​ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ផលិតករ អ្នកនិពន្ធ ព្រម​ជា​អ្នក​ដឹកនាំ​រឿង​ដ៏​មាន​ស្នាដៃ ត្រូវ​បាន​រាយការណ៍​ថា បាន​បាត់​បង់​ជីវិត​ទៅ​ហើយ ដោយ​សារ​កូវីដ ១៩។ កាល​នៅ​រស់ ឯកឧត្តម ត្រូវ​បាន​ទទួល​ការ​គោរព​ជា​ទូទៅ​នៅ​ក្នុង​សង្គម​សិល្បៈ​របស់​ខ្មែរ​ពី​បណ្ដា​សិល្បករ​ខ្មែរ​គ្រប់​ជំនាន់ និង​ជា​ធនធាន​ដ៏​ល្អ និង​កម្រ​ក្នុង​សង្គម​សិល្បៈ​របស់​ជាតិ ដោយ​ឯកឧត្តម គឺ​ជា​អ្នក​និពន្ធ អ្នកដឹកនាំ ផលិតករ​ភាពយន្ត និង​ផលិតករ​កម្មវិធី​ទូរទស្សន៍​ឆ្នើម​មួយ​រូប​ដែល​ស្នាដៃ​របស់​លោក​ត្រូវ​បាន​ទទួល​ស្គាល់​គ្រប់​សម័យ​កាល។

ក្រៅ​ពី​សមត្ថភាព និង​ទេពកោសល្យ​កម្រ​រក​បាន ឯកឧត្តម ម៉ៅ អាយុទ្ធ គឺ​មាន​ចំណុច​លេច​ធ្លោ​មួយ​ទៀត គឺ​ការ​ប្រាស្រ័យ​ទាក់​ទង​ល្អ​ជាមួយ​អ្នក​ផង​ទាំង​ឡាយ និង​មាន​ចរិត​ចែក​រំលែក​ចំណេះ​ដឹង​មិន​ចេះ​រីង​ស្ងួត​ពាក់​ព័ន្ធ​ភាពយន្ត។ សកម្មភាព​ទាំង​នេះ ឯកឧត្តម​បាន​ទទួល​ការ​គោរព​ស្រឡាញ់​ពី​សិល្បករ​ស្ទើរ​គ្រប់ជំនាន់។ យ៉ាង​ណា​បុរស​ចំណាស់ ដ៏​មាន​ព្រហ្មវិហារ​ធម៌​រូប​នេះ បាន​ចាក​ចេញ​ទៅ​ហើយ។ ដើម្បី​ទុក​ជា​ការ​ចង​ចង និង​ជា​អនុស្សាវរីយ Sabay សូម​ជូន​នូវ​​ជីវប្រវត្តិ​សង្ខេប​របស់​ឯកឧត្តម​ខាង​ក្រោម៖

ឯកឧត្តម ម៉ៅ អាយុទ្ធ កើតនៅ​ថ្ងៃ​ទី ០៨ កក្កដា ១៩៤៤ នៅ​ភូមិអូរឡេង ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម។ ឯកឧត្តម គឺ​ជា​កូន​ទោល​នៅ​ក្នុង​គ្រួសារ។លោក​ឪពុកមាន​ឈ្មោះ "ម៉ែន ធឿង" គេហៅ​ថា "មេស្រុក​ម៉ែន" នៅ​កោះ​អណ្ដែត មុខ​របរ​ជា​មន្ត្រី​ឃុំ។ ម្ដាយ​ឈ្មោះ "តៃ ស៊ីង" មុខ​របរ​ជា​អ្នក​លក់​ដូរ។ អ្នក​មាន​គុណ​ឯកឧត្តម បាន​អនិច្ចកម្ម​ហើយ(មិនមាន​កាលបរិច្ឆេទ)។

ការ​ផ្លាស់​ប្ដូរ​ជីវិត និង​ការ​សិក្សារ

វិវត្ត​វ័យ​មក​ដល់​ខ្ទង់ ១០-១១​ឆ្នាំ កុមារ ម៉ៅ អាយុទ្ធ ត្រូវ​បាន​បង​ប្អូន​ជីដូន​មួយ និង​ឪពុក​មា លោក ពៅ ស៊ីផូ ដែល​គេ​ស្គាល់​ថា​ជា​តន្ត្រី​ករ និង​ជា​អ្នក​និពន្ធ​ទំនុកច្រៀង​ដ៏​ល្បី​មួយ​រូប នាំ​យក​មក​រស់​នៅ​ និង​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ​។ នៅ​មុន​ឈាន​មក​កាន់​ស្លាប​ប៉ាកា​ធ្វើ​ជា​អ្នក​និពន្ធ ម៉ៅ អាយុទ្ធ តាម​រយៈ​ ពៅ ស៊ីផូ ជា​ឪពុកមា ធ្លាប់​ធ្វើជា​អ្នក​ដង​ទឹក​ឲ្យ​អធិរាជ​សំឡេង​មាស ស៊ិន ស៊ីសាមុត សម្រាប់​ត្រាំ​ខ្លួន ដើម្បី​បាន​សំឡេង​ណែន​ល្អ​ក្រអួន​ក្រអៅ​ផង។

ពេល​មក​រស់​នៅ​ជាមួយ​ឪពុក​មា ពៅ ស៊ីផូ កុមារ ម៉ៅ អាយុទ្ធ បាន​ចូល​រៀន​ថ្នាក់​មជ្ឈមណ្ឌល​អប់រំ​វិជ្ជាជីវៈ​សម្បទា​នៅ​ក្រសួង​ឃោសនាការ​ជាតិ ដែល​ជា​ហេតុ​បណ្ដាល​ចិត្ត​ចាប់​ផ្ដើម​ស្រឡាញ់​ការងារ​សិល្បៈ​ជា​អ្នក​និពន្ធ​កើត​ឡើង។ ដូច្នេះ​ហើយ លោក​ក៏​បាន​ក្លាយ​ជា​អ្នក​ចម្លង​អត្ថបទ និង​អក្សរ​ឲ្យ​ឪពុក​មា ហើយ​នោះ​ជា​បុព្វហេតុ​នាំ​ឲ្យ​លោក ម៉ៅ អាយុទ្ធ បាន​ដើរ​លើ​គន្លង​សិល្បៈ​រហូត​មក​ដល់​បច្ចុប្បន្ន។

លោក ម៉ៅ អាយុទ្ធ បាន​ទទួល​ការ​បណ្ដុះបណ្ដាល​រយៈ​ពេល​៣ឆ្នាំ​នៅ​មជ្ឈមណ្ឌល​អប់រំ​វិជ្ជាជីរៈសម្បទា លើ​មុខ​វិជ្ជា​ជា Scenarist ដែល​នាំ​ឲ្យ​លោក​ក្រេប​ជញ្ជក់​បាន​នូវ​ចំណេះដឹង​ទាក់ទង​ទៅ​នឹង​ការ​និពន្ធ ដឹកនាំ​រៀបចំឆាក និង​កាន់​កម្មវិធី​សិល្បៈ​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ ផលិតករភាពយន្ត និង​និពន្ធ​បទ​ចម្រៀង។ ក្រោយ​មក លោក​បាន​និពន្ធ​បទ​ចម្រៀង​ឲ្យ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត ហួយ មាស និង​តារា​ចម្រៀង​មួយ​ចំនួន​ទៀត​ចន្លោះ​ឆ្នាំ ១៩៦០-១៩៧០។

ឆ្នាំ ១៩៦៣-៦៥ បាន​ទទួល​ការ​បណ្ដុះបណ្ដាលបន្ថែម​លើ​វិជ្ជាជីវៈ​តែង​និពន្ធ​អត្ថបទ​ភាពយន្ត​នៅ​មណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​ឯកទេស ក្រោម​ការ​ឧបត្ថម្ភ​របស់​ក្រសួង​ព័ត៌មាន និង​ឃោសនាការ។

ជីវិត​ការងារ

លោក​បាន​ចាប់​ផ្ដើម​ចូល​បម្រើ​ការងារ​​ជា​ប្រធាន​អ្នក​ដឹកនាំ​ឆាក​នៅ​ទូរទស្សន៍ជាតិ ហើយ​នៅ​ឆ្នាំ ១៩៧០ បាន​ក្លាយ​ជា​នាយក​កម្មវិធី​ទូរទស្សន៍ជាតិ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក​ត្រូវ​បាន​ព្រះករុណ​ព្រះ​បទ​សម្ដេច​ព្រះនរោត្តម សីហនុ បំពាក់​ជូនមេដាយ​មុនីសាភណ្ឌ ដែល​ជា​រង្វាន់​ការងារ​ដ៏​សកម្មក្នុង​ភារកិច្ច​បម្រើ​ប្រទេស​ជាតិ។ លោក​បាន​បន្ត​ភារិកិច្ច​នេះ​រហូត​ដល់​សម័យ​សាធារណរដ្ឋ​ខ្មែរ។

ឆ្នាំ ១៩៧២ លោក​ត្រូវ​បាន​រដ្ឋាភិបាល​សេនា​ប្រមុខ​ លន់ នល់ ចាត់​បញ្ចូន​ឲ្យ​ទៅ​ធ្វើ​កម្មវិធី​សិក្សា​នៅ​ប្រទេស​បារាំង​រយៈ​ពេល ៩ខែ លើ​មុខ​ជំនាញ​ទូរទស្សន៍។ ពេល​ត្រឡប់​មក​វិញ លោក​ត្រូវ​បាន​ឡើង​តំណែង​ជា​នាយក​ខាង​កម្មវិធី​ផ្សាយ​របស់​ទូរទស្សន៍​សាធារណរដ្ឋខ្មែរ(T.V.R.E.K)។

នៅ​ក្នុង​សម័យ​សាធារណរដ្ឋ​នោះ​ដែរ លោក ម៉ៅ អាយុទ្ធ បាន​ផលិត​ខ្សែភាពយន្ត​ពណ៌​ធម្មជាតិ​ទំហំ ១៦មីលីម៉ែត្រ​ជា​លើក​ដំបូង​ក្នុង​ឆាក​ជីវិត​របស់​លោក ហើយ​លោក​ក៏​បាន​ចូល​រួម​សម្ដែង​ជា​តួ​បន្ទាប់​ពី​តួអង្គ គង់ សំអឿន​ផង។

មក​ដល់​ឆ្នាំ ១៩៧៩ លោក​បាន​ក្លាយ​ជា​អនុប្រធាន​នាយកដ្ឋានភាពយន្ត នៅ​ក្រសួង​វប្បធម៌ និង​ព័ត៌មាន។ លោក​កាន់​តំណែង​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។

ប្រភព​រូបភាព៖ ឯកឧត្តម កឹម គុណវឌ្ឍន៍

ក្រោយ​ឆ្នាំ ១៩៧៩ លោក​ត្រូវ​បាន​រដ្ឋាភិបាល​ផ្ដល់​តំណែង​ជា​អគ្គនាយករង​វិទ្យុ និង​ទូរទស្សន៍ជាតិកម្ពុជា​នៅ​ឆ្នាំ ១៩៩២ ហើយ​១​ឆ្នាំ​ក្រោយ​មក​បាន​ឡើង​តំណែង​ជា​អគ្គនាយក​ថែម​ទៀត។បន្ត​ពីនោះ​រហូត​មក​ដល់​បច្ចុប្បន្ន​លោក​មាន​ឋានៈ​ជា​រដ្ឋលេខធិការ​ក្រសួង​ព័ត៌មាន ជា​សមាជិកគណៈ​កម្មការ​កណ្ដាល-អចិន្ត្រៃយ៍​នៃ​សមាគម​អតីត​យុទ្ធជន​កម្ពុជា និង​ជា​គណៈ​កម្មាធិការណសិរ្សផង។

អំពី​ស្នាដៃ និង​សមិទ្ធផល៖

ឯកឧត្តម ម៉ៅ អាយុទ្ធ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ផលិតករភាពយន្ត និង​ជា​អ្នក​និពន្ធ​ដ៏​ឆ្នើម​តាំង​ពី​ទសវត្សរ៍​ទី ៦០ ជា​ហេតុ​ធ្វើ​ឲ្យ​ឯកឧត្តម សម្រេច​បាន​នូវ​សមិទ្ធផល ក៏​ដូច​ជា​ស្នាដៃ​សិល្បៈ​ជា​ច្រើន​ទាំង​ភាពយន្ត និង​ល្ខោន​និយាយ។ ស្នាដៃ​ខ្លះ​ៗ​របស់​ឯកឧត្ត​មាន​មាន​ដូច​ជា៖

១.ល្ខោន​និយាយ និង​ភាពយន្ត៖

ល្ខោន​និយាយ​រឿង "ស្រមោល​អពមង្គល" និពន្ធ​ឆ្នាំ ១៩៧១-៧២។

-រឿង "បិទ​ភ្នែក​ហែក​ទ្រូង" ឆ្នាំ ១៩៧៣(សម័យ​សាធារណរដ្ឋ​ខ្មែរ) ក្នុង​ផលិតកម្ម​បូព៌ា

-រឿង "ចិត្ត​ចងចាំ" ថត​នៅ​អំឡុង​ឆ្នាំ ១៩៨៨-៨៩របស់នាយកដ្ឋានភាពយន្ត

-រឿង "ចុង​ស្រល់" ឆ្នាំ ១៩៩០

-រឿង "ឆ្អឹង​អណ្ដែត" ថត​នៅ​អំឡុង​ឆ្នាំ ១៩៩០-៩១ របស់នាយកដ្ឋានភាពយន្ត

-រឿង "ក្លិន​ដែល​រសាយ" ឆ្នាំ ១៩៩១

-រឿង "អណ្ដាត​ដុះ​ឆ្អឹង" ជា​អ្នក​ដឹកនាំ និង​កែ​សម្រួល​ក្នុង​ផលិតកម្ម​បន្ទាយ​ភាពយន្ត​ឆ្នាំ ១៩៩២

-រឿង "សំឡេង​ជួង" មិន​ដឹង​កាល​បរិច្ឆេទ

-រឿង "ជើង​មេឃ​ដាច់​ស្រយាល" ឆ្នាំ ១៩៩២

-រឿង "សំដីចុងក្រោយ" ឆ្នាំ ១៩៩២

-រឿង​ "នេសាទ​ក្រពើ" ទទួល​បាន​ពាន​មាស​ចំណាត់ថ្នាក់​លេខ​១ ក្នុង​មហោស្រព​ភាពយន្ត​វីដេអូ​ជាតិ​ទី២ ឆ្នាំ ២០០៥(ឯកសារ​ខ្លះ​ថា ២០០៦)

-រឿង "កិលេស" ឆ្នាំ ២០១០

-រឿង "ហ្លួង​ព្រះស្ដេចកន" ដែល​ចំណាយ​ពេល​ថត​២​ឆ្នាំ(២០១៥-១៧)

នៅ​មាន​ខ្សែ​ភាពយន្ត​ភាគ​មួយ​ទៀត ដែល​ឯកឧត្តម​ទទួល​បាន​ការ​ចាត់​តាំង​ពី​ថ្នាក់​ដឹក​នាំ​រាជរដ្ឋាភិបាល​ឲ្យ​ដឹកនាំ​ផលិតដែរ គឺ​រឿង "កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះច័ន្ទ​ពេញ​បូរមី"។ ប៉ុន្តែ​មិន​ទាន់​បាន​ចេញ​ថត​ផង លោក​ក៏​បាន​ចែក​ឋាន​ទៅ ដោយ​សារ​មេរោគ​កំណាច កូវីដ-១៩ កាល​ពី​ល្ងាច​ថ្ងៃ​ទី ១៥ មេសា ២០២១ ត្រូវ​ជា​ថ្ងៃ​ចូល​ឆ្នាំ​ថ្ងៃ​ទី​២។

២.ស្នាដៃ​ចម្រៀង និង​កំណាព្យ

-សំឡេង​សាដៀវ ទទួល​បាន​ជយលាភី​តែង​និពន្ធ​ក្របខណ្ឌ​អាស៊ាន ២០០៦

-បទ "វាលស្រែវាលស្រូវ" "ស្ទឹង​គគីរ ឬ​ស្ទឹង​សម្ងាត់" របស់​ផលិតកម្ម​អង្គរវត្ត

-បទ "កំណែន​ស្នេហ៍" ក្នុង​រឿង "ភ្នំ​ភ្លើង​ស្នេហា" ច្រៀង​ដោយ​អ្នក​ស្រី ហួយ មាស

-កំណាព្យ​និយាយ​ពី "លុយ" ដក​ស្រង់​ពី​រឿង "ស្រមោល​អពមង្គល"

-និពន្ធ​ទំនុក​ច្រៀង "លា​ហើយ​ស្នេហា" ច្រៀង​ដោយ​អ្នក​ស្រី ហួយ មាស

-និពន្ធ​ទំនុក​ច្រៀង​​បទ "វិប្បដិសារី​សម្ផស្ស​ភួង" ច្រៀង​ដោយ​អ្នក​ស្រី ហួស មាស និង​បទ​ចម្រៀង​ជា​ច្រើន​ទៀត។

អត្ថបទ​នេះ ដក​ស្រង់​ពី​ការ​រៀបរៀង​របស់​លោក វេង សុភ័ក្ត្រ ដែល​លោក​បាន​លើក​ឡើង​ថា ឯកឧត្តម ម៉ៅ អាយុទ្ធ គឺ​ជា​បុគ្គល​ឆ្នើម ជា​ធនធាន​ដ៏​ល្អ​កម្រ​រក​បាន ប៉ុន្តែ​កន្លង​មក​មិន​មាន​ការ​ចង​ក្រង​ទុក​ជា​ឯកសារ​នូវ​ប្រវត្តិ​រូប​សង្ខេប​របស់​ឯកឧត្តម​សោះ។ ដូច្នេះ​ហើយ លោក​បាន​ចំណាយ​ពេល​វេលា ប្រមែប្រមូល​ចង​ក្រង​ឡើង​យ៉ាង​លំបាក ពី​ការ​បកប្រែ និង​ស្រាវជ្រាវ​សៀវភៅ​តាម​បណ្ណាគារ​ផង និង​យក​ពី​គេហទំព័រ ព្រម​ទាំង​ប្រព័ន្ធ Youtube ផង។ ដូច្នេះ​ហើយ អ្នក​រៀបរៀង​ស្នើ​សុំ​ការ​អធ្យាស្រ័យ​ទុក​ជា​មុន ប្រសិន​បើ​ការ​ចង​ក្រង​នេះ មាន​ចន្លោះប្រហោង ឬ​លើស​លោះ​នូវ​ចំណុច​ណា​មួយ៕

អត្ថបទ៖ ទារិកា

មតិយោបល់