• 2021-05-04 02:45:20
  • ព័ត៌មាន

ទាល់តែ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ធ្លាក់​មក​នៅ​ត្រឹម​កម្រិត​នេះ ទើប ស៊ុន ស្រីពេជ្រ ហ៊ាន​វិល​ចូល​ក្រុង​វិញ

  • 2021-05-04 02:45:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​សំឡេង​ស្រទន់ ស៊ុន ស្រីពេជ្រ បាន​ក្លាយ​ជា​អ្នក​សិល្បៈ​ដំបូង​គេ​ចេញ​មុខ​ប្រកាស​ថា​ខ្លួន​មិន​ទាន់​ហ៊ាន​ត្រឡប់​ចូល​ទីក្រុង​វិញ ដោយសារ​ខ្លាច​ជំងឺ​កូវីដ-១៩ បើ​ទោះបី​ជា​រាជរដ្ឋាភិបាល​សម្រេច​បើក​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្ដាល​ឡើង​វិញ​នៅ​ថ្ងៃទី៦ ខែ​ឧសភា ខាង​មុខ។

ស៊ុន ស្រីពេជ្រ បាន​ប្រកាស​តាម​បណ្ដាញ​សង្គម​Facebook នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែ​ឧសភា នេះ​ថា៖"** បើទោះជាបើកក្រុងវិញក៏ខ្ញុំមិនទាន់ទៅភ្នំពេញវិញដែរ លុះត្រាតែចំនួនថមថយចុះច្រើនបំផុតទើបត្រឡប់ទៅវិញ។បើមិនមានការងារអ្វីចាំបាច់ទេនៅសំងំមួយកន្លែងសិនទៅ កុំទាន់អាលចល័តអី**"។

ស្រី​ពេជ្រ រំលឹក​គ្រា​មួយ​កាល​នាង​រស់នៅ​ភ្នំពេញ។ នាង​ខំ​នាំ​គ្នា​សម្ងំ​នៅ​ក្នុង​ផ្ទះ ដើម្បី​គេច​ពី​ជំងឺ​កូវីដ-១៩ តែ​បែរ​មាន​អ្នក​រស់នៅ​ក្បែរ​ខាង​ខ្លះ​ដើរ​ផឹកស៊ី ហើយ​មក​ចូល​លេង​ដល់​ផ្ទះ​ទៀត ហាក់​មិន​យល់​អារម្មណ៍​អ្នក​ដទៃ​សោះ។

តារា​ចម្រៀង ស៊ុន ស្រី​ពេជ្រ បាន​រត់​ទៅ​សម្ងំ​រស់នៅ និង​បើក​ហាង​លក់​បាយ​តូច​មួយ​នៅ​ស្រុក​កំណើត​ក្នុង​ខេត្ដ​បាត់ដំបង​តាំង​ពី​មុន​រាជរដ្ឋាភិបាល​ប្រកាស​បិទ​ខ្ទប់​ក្នុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ដ​កណ្ដាល។ ទន្ទឹម​គ្នា​នេះ ស៊ុន ស្រីពេជ្រ នៅ​តែ​អំពាវនាវ​ដល់​មិត្ដ​សិល្បៈ និង​ពលរដ្ឋ​គ្រប់​រូប បន្ដ​ចូល​រួម​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូវីដ-១៩ ដោយ​អនុវត្ដ​វិធានការ​៣​កុំ និង​បី​ការពារ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់