• 2021-05-05 02:25:11
  • ព័ត៌មាន

ជាប់ចិត្តកូរ៉េខ្លាំង ដល់ថ្នាក់កំពូលតារាហូលីវូដ Angelina Jolie រំពឹងចង់សម្ដែងរឿងកូរ៉េឲ្យបានម្ដង

  • 2021-05-05 02:25:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Angelina Jolie បាន​បង្ហាញ​ពីអារម្មណ៍ពិត​ផ្ទាល់ខ្លួន​ ដោយនិយាយ​ទាក់ទងនឹង​ប្រទេសកូរ៉េ ថា៖ «កូរ៉េពិតជា​ទីកន្លែង​ដ៏ពិសេស​អស្ចារ្យសម្រាប់ខ្ញុំ»

តារាស្រីរូបនេះ​និយាយក្នុងវីដេអូសន្និសីទកាសែតមួយ​មុន​ការចាក់បញ្ចាំង​រឿង «Those Who Wish Me Dead» ថា «ខ្ញុំកំពុង​រង់ចាំ​ថ្ងៃណាមួយ​ដែល​ខ្ញុំ​បាន​ទៅប្រទេស​កូរ៉េ​ម្ដងទៀត។ ខ្ញុំចង់​សម្ដែង​ក្នុងភាពយន្តខ្នាតធំ​កូរ៉េណាស់ ប្រសិន​មាន​ឱកាស»

ជាការពិត Angelina ធ្លាប់បាន​ទៅ​ប្រទេស​កូរ៉េ ដើម្បី​ផ្សព្វផ្សាយរឿងរបស់នាង ហើយក៏ចាប់ចិត្តប្រទេស​នេះ​តែម្ដង ស្របពេល​កូនប្រុស​ Maddox ក៏បាន​ជ្រើសយក​ការ​សិក្សាអប់រំនៅ​ក្នុង​សាកលវិទ្យាល័យ Yonsei University ដូច្នេះក្នុងនាម​ជា​ម្ដាយ​នាង​ត្រូវ​ទៅមកៗមើលកូនបែប​នេះហើយ។ ដោយឡែក​ថ្មីៗនេះ​ នាង​ក៏បាន​រួមការងារជាមួយនឹងតារាកូរ៉េ Ma Dong Seok ក្នុងរឿង Marvel «The Eternals» ដែរ។

ដូចនេះពេល​សួរថា «តើសម្រាប់អ្នក ប្រទេស​កូរ៉េ ជាប្រទេស​បែបណា?» នាង​តបដោយមិនគិតច្រើថា៖ «ខ្ញុំ​មាន​ពេល​ល្អៗក្នុងប្រទេសកូរ៉េ ហើយខ្ញុំចង់ចំណាយពេល​ឲ្យកាន់តែ​ច្រើននៅកូរ៉េនាពេល​អនាគត»

បន្ថែមពីលើនេះ Angelina បន្តថា «ទោះបីជំងឺរាតត្បាត COVID-19 បន្តហូរហែក៏ដោយ Maddox នៅតែ​បន្តសិក្សាភាសាកូរ៉េដោយយកចិត្តទុកដាក់ ហើយពេល​ខ្លះ​បង្រៀនខ្ញុំទៀតផង»

ពេល​មាន​សំណួរ​ សួរ​ថា​តើបើក្នុង​នាមនាង​អ្នកដឹកនាំរឿង តារាសម្ដែងកូរ៉េរូបណា នាងចង់​រួមការងារជាមួយ? អ្នក​ម្ដាយកូន ៦រូបនេះឆ្លើយថា ដោយសារច្រើនពេក នាង​មិនដឹងគួរ​ជ្រើសយកអ្នកណាទេ។ ប៉ុន្តែ​ដោយធ្លាប់រួមការងារជាមួយ Ma Dong Seok ទើបនាង​អួតសរសើរតារាប្រុសរូបនេះ​ថា​ ជា​តារាពោរពេញ​ដោយសមត្ថភាព ជាមិត្តល្អ ហើយចិត្តល្អណាស់។

ចុងក្រោយ Angelina Jolie បញ្ជាក់​ថា​ «ខ្ញុំគិតថា​ វា​ពិតជា​ល្អណាស់ បើ​បាន​សម្ដែងរឿងកូរ៉េ ឬ​ដឹកនាំថតបាន​មួយរឿង។ ខ្ញុំចង់ឲ្យមាន​ភាពជិតស្និទ្ធ​បន្ថែម​ជាមួយនឹង​វិស័យភាពយន្តកូរ៉េនៅថ្ងៃខាងមុខ»

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់