• 2021-05-07 04:04:36
  • ព័ត៌មាន

នៅ​តែ​មោះមុត បវរកញ្ញា ភូមា៖ មកុដ​របស់​ខ្ញុំ ត្រូវ​ជា​មកុដ​តំណាង​ឲ្យ​ប្រជាជន និង​ប្រទេស​របស់​ខ្ញុំ

  • 2021-05-07 04:04:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញា ភូមា Hann May ដែល​ពេល​នេះ​កំពុង​ជ្រក​កោន​នៅ​ប្រទេស​ថៃ​នៅ​ឡើយ បាន​ចេញ​មុខ​ជា​ថ្មី​​ពី​ទស្សនៈ និង​ផ្នត់​គំនិត​របស់​នាង​ចំពោះ​ប្រទេស និង​ប្រជាជន​មីយ៉ាន់ម៉ា​របស់​នាង។

Hann May ថ្លែង​ថា៖ "មកុដ​របស់​ខ្ញុំ ត្រូវ​ជា​មកុដ​តំណាង​ឲ្យ​ប្រជាជន និង​ប្រទេស​របស់​ខ្ញុំ"។ នេះ​ជា​សារ​ថ្មី​ទៀត របស់​យុវតី​មាន​ភក្ដីភាព​ជាមួយ​ជាតិ​មាតុភូមិ​ ភូមា ឬ​មីយ៉ាន់ម៉ា​រូប​នេះ ចាប់​តាំង​ពី​នាង​បាន​ប្រើ​ប្រាស់​វេទិកា​កម្មវិធី Miss Grand International ថ្លែង​សារ​ស្ដី​ពី​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​របស់​នាង​បន្ត​បន្ទាប់។

អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ ដែល​ប្រទេស​ភូមា ធ្លាក់​ក្នុង​ភាព​វឹកវរ ចាប់​តាំង​ពី​មាន​អំពើ​រដ្ឋ​ប្រហារ​យោធា​កាល​ពី​ខែ​កុម្ភៈ​មក។ សំឡេង​កាំភ្លើង ដែល​ជា​ការ​តតាំង​របស់​ទាហាន​ក្រុម​រដ្ឋ​ប្រហារ ទប់ទល់​នឹង​បាតុករ​ប្រជាជន និង​ការ​ប្រយុទ្ធ​តតាំង​ជាមួយ​ក្រុម​រដ្ឋ​នានា​ដែល​មិន​ចំណុះ​ឲ្យ​ក្រុម​ទាហាន​របស់​មេដឹកនាំ ម៉ីង អ៊ុងឡាំង បាន​លឺ​ស្ទើរ​គ្រប់​កន្លែង​ក្នុង​ប្រទេស​ជា​រៀងរាល់​ថ្ងៃ។

ស្ថានភាព​នេះ យុវតី​ជាតិ​ភូមា Hann May បាន​ព្យាយាម​ប្រើ​សំឡេង​របស់​ខ្លួន នៅ​បរទេស​ធ្វើ​ជា​សារ​ប្រាប់​ទៅ​ពិភព​លោក​អំពី​ប្រជាជន​ភូមា​ដែល​កំពុង​ជួប​ការ​ប្រឈម​ដោយ​សារ​តែ​ពួក​គេ​មិន​ចង់​បាន​ការ​គ្រប់​គ្រង​របស់​របប​យោធា។ នៅ​លើ​វេទិកា Miss Grand International កន្លង​មក យុវតី បាន​ស្រែក​រក​ការ​ជួយ​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ប្រឆាំង​នឹង​របប​រដ្ឋ​ប្រហារ ក្នុង​ចេតនា​ស្តារ​ប្រទេស​របស់​នាង​ឲ្យ​ទៅ​រក​សភាព​ដើម​មុន​ថ្ងៃ​រដ្ឋ​ប្រហារ​វិញ។

ការ​ខិត​ខំ​របស់​នាង​ម្ដង​ហើយ​ម្ដង​ទៀត​នេះ បាន​នាំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​អំពី​សុវត្ថិភាព​របស់ ស្រប​ពេល​ដែល​មិត្ត​រួម​ជាតិ​របស់​នាង ដែល​ជា​សិល្បករ​ល្បី​ៗ​មួយ​ចំនួន ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​រួច​ទៅ​ហើយ ក្នុង​បេសកកម្ម​ដូច​គ្នា។ ជាក់​ស្ដែង ដូច​ជា​តារា​សម្ដែង​ប្រុស​ដ៏​ល្បី Paing Takhon ជា​ដើម ដែល​តាម​ព័ត៌មាន លោក​ត្រូវ​បាន​ទាហាន​ចាប់​ឃុំ​ខ្លួន​នៅ​នឹង​ផ្ទះ​របស់​ខ្លួន​កាល​ពី​ដើម​ខែ​មេសា ពេល​ដែល​លោក​ត្រឡប់​ពី​ការ​ភៀស​ខ្លួន ហើយ​វិល​​មក​ផ្ទះ​វិញ​ដោយ​សារ​ស្ថានភាព​សុខភាព។

រូបភាព៖ IG Hann May

ងាក​មក Hann May វិញ នាង​ត្រូវ​បាន​ប្រទេស​ថៃ​អនុញ្ញាត​ឲ្យ​នាង​ជ្រក​កោន​បណ្ដោះ​អាសន្ន​មួយ​រយៈ​ពេល​វែង។ អំឡុង​ពេល ជ្រក​កោន​នៅ​បរទេស យុវតី​ភូមា ជា​រឿយ​ៗ នៅ​តែ​ចេញ​មុខ​និយាយ​ពី​ឆន្ទៈ​របស់​នាង​ចំពោះ​ជាតិ និង​ប្រជាជន​ភូមា​របស់​ខ្លួន ដូច​នឹង​សារ​ចុង​ក្រោយ​នេះ​ដែល​ថា មកុដ​ដែល​នាង​មាន​ពាក់​លើ​ក្បាល គឺ​គ្រឿង​ដែល​ត្រូវ​តែ​តំណាង​ឲ្យ​ប្រទេស និង​ជន​រួម​ជាតិ​របស់​នាង៕

អត្ថបទ៖ ទារិកា

មតិយោបល់