• 2021-05-10 08:30:57
  • ចម្រៀង

នៅ​ចាំ​តារា​ចម្រៀង​ម្នាក់​នេះ​អត់? លោក ត្រៀម​បទ​មនោសញ្ចេតនា និង​បទ​ញាក់​ជា​ច្រើន​បទ​សម្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន

  • 2021-05-10 08:30:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ខ្មែរ​កម្ពុជា​ក្រោម​លោក ថាច់ សាថេន គ្រោង​ចេញ​បទ​មនោសញ្ចេតនា និង​បទ​ញាក់​កន្ទ្រាក់​អារម្មណ៍​ចំនួន​ពីរ​បទ​បន្ថែម​ទៀត​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២១ នេះ។ ត្បិត​ថា សាថេន បាន​បញ្ចប់​កុងត្រា​ច្រៀង​ឲ្យ​ផលិតកម្មSasda តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០២០ ប៉ុន្តែ​លោក​កំពុង​តែ​ព្យាយាម​និពន្ធ និង​ច្រៀង​បទ​ចម្រៀង​ថ្មី​ៗ​ឲ្យ​បាន​ច្រើន។

ម្ចាស់​បទ"មិន​គួរ​អូន​រៀបការ​ចោល​បង" ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​ឆ្នាំ​២០១៨ លោក ថាច់ សាថេន បាន​ប្រាប់​Sabay នៅ​រសៀល​ថ្ងៃ​ទី១០ ខែ​ឧសភា ថា ក្នុង​ស្ថានភាព​ដ៏​លំបាក នៃ​ជំងឺ​កូវីដ-១៩ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លោក និង​ក្រុម​ការងារ​ក្នុង​ការ​ថត​MV ដើម្បី​បម្រើ​អារម្មណ៍​ប្រិយមិត្ត​ដែរ ប៉ុន្តែ​លោក​នៅ​តែ​ខ្នះខ្នែង​ចេញ​បទ​ថ្មីៗ​ដោយ​ចេញ​ជា​MP3 សិន។

ជាក់​ស្ដែង​នៅថ្ងៃនេះ ​លោក​បានចេញ​បទ​មនោសញ្ចេតនា​១​បទ​ក្រោម​ចំណង​ជើង​ថា"​មិន​ផ្លាស់ប្ដូរ"​មួយ​សិន។

ថាច់ សាថេន៖"ឥឡូវ​ខ្ញុំ​នៅ​ធ្វើ​បទ​ចម្រៀងOriginal Song! អត់​ទាន់​មាន​បំណង​ចូល​ទៅ​ក្នុង​ផលិតកម្ម​ណា​នៅ​ឡើយ​ទេ។ ទៅ​ថ្ងៃ​អនាគត​ខ្ញុំ​ចង់​បើក​ផលិតកម្ម​មួយ​ដោយ​ខ្លួន​ឯង ដើម្បី​ពាំនាំ​យក​ទំនៀមទម្លាប់ និង​ការ​រស់នៅ​របស់​ខ្មែរ​ក្រោម​មក​ឲ្យ​បង​ប្អូន​យើង​បាន​ដឹង​តាម​រយៈ​ចម្រៀង​របស់​ខ្ញុំ"។

តារា​ចម្រៀង ថាច់ សាថេន បាន​ចេញ​ពី​ស្រុក​កំណើត​នៅ​ខេត្ត​ព្រះត្រពាំង នៃ​ទឹកដី​កម្ពុជា​ក្រោម មក​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នៅ​ស្រុក​ខ្មែរ​តាម​រយៈ​អាជីព​ចម្រៀង​កាល​ពី​ឆ្នាំ​២០១៥។ រយៈ​ពេល​ជិត​៧​ឆ្នាំ​មក​នេះ លោក​បាន​និពន្ធ និង​ច្រៀង​ចម្រៀង​ដោយ​ខ្លួន​ឯង​បាន​ជាង​២០​បទ និង​មាន​បទ​ជា​ច្រើន​ទៀត​ដែល​លោក​បាន​ច្រៀង​ឲ្យ​ផលិតកម្មSasda៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់