• 2021-05-14 08:43:33
  • ព័ត៌មាន

សែន​អាសូរ​ វីដេអូ​ចេញ​ក្នុង​ឡាន​ពេទ្យ ឃើញ យាយ ណាង ដង្ហក់​ខ្លាំង គួរ​ឲ្យ​បារម្ភ​ណាស់

  • 2021-05-14 08:43:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​យាយ ណយ សំណាង សិល្បករ​កំប្លែង​ដ៏​មាន​ប្រជាប្រិយ​មួយ​រូប បាន និង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឲ្យ​បារម្ភ និង​ស្ថិត​ក្នុង​ការ​សង្ស័យ​ថា មាន​ពាក់​ព័ន្ធ​មេរោគ​កូវីដ ១៩។ នេះ​បើ​តាម​វីដេអូ​ខ្លី​មួយ។

វីដេអូ​នេះ បង្ហោះ​ដោយ​តារា​ចម្រៀង វណ្ណា សក្ដិ ជា​កូន ក្នុង​ពេល​ដែល​ពួក​គេ​ទាំង​ពីរ​កំពុង​នៅ​លើ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​ពេទ្យ​ដែល​កំពុង​បើក​បរ។ ស្ថានភាព​នេះ គេ​ឃើញ​លោក​យាយ ណយ សំណាង ស្ថិត​ក្នុង​អាការ​ហត់ និង​ដង្ហក់​ខ្លាំង​គួរ​ឲ្យ​បារម្ភ។ ដូច្នេះ​ហើយ គេ​ឃើញ​លោក វណ្ណា សក្តិ កំពុង​មាន​ការ​បារម្ភ​ពី​អ្នក​មាន​គុណ។

តារា​ចម្រៀង​ផលិតកម្ម M បាន​បង្ហោះ​វីដេអូ និង​សារ​វែង​មួយ​ប្រាប់​ពី​ស្ថានភាព​ម្ដាយ និង​ក្ដី​កង្វល់​របស់​លោក ដែល​មិន​គួរ​ណា អ្នក​មាន​គុណរបស់​លោក​ជួប​រឿង​ដូច្នេះ​សោះ។ លោក​សរសេរ​ថា "មិន​គួរ​ណា​មាន​បញ្ហា​ចឹងមកលើម៉ាក់ខ្ញុំ និងគ្រួសារខ្ញុំសោះ ហេតុអ្វីទៅលោកអើយ...”។

ម្ចាស់​បទ "ពេល​ផឹក​ស្រវឹង​នឹក​អូន​ជាង​គេ" មិន​បាន​បញ្ជាក់​ឡើយ​ថា លោក​យាយ ណាង ជា​ម្ដាយ​របស់​លោក​មាន​ជំងឺ​អ្វី​ពិត​ប្រាកដ​នោះ​ទេ ខណៈ​គេ​ឃើញ​ប្រិយមិត្ត​ជា​ច្រើន​បាន​ចូល​ទៅ​សាក​សួរ​ក្នុង​បំណង​ចង់​ដឹង​ពី​ជំងឺ​ដែល​កំពុង​រុក​ទន្ទ្រាន​លើ​សិល្បករ​ជើង​ចាស់ ប៉ុន្តែ​គេ​មិន​ទាន់​ឃើញ មាន​ការ​ឆ្លើយ​តប​នោះ​ទេ។ នៅ​​ក្នុង​គ្រា​នេះ ក្រៅ​ពី​បង្ហាញ​ពី​ការ​បារម្ភ និង​ទុក្ខ​សោក​ពាក់​ព័ន្ធ និង​ស្ថានភាព​របស់​ម្ដាយ​ខ្លួន លោក វណ្ណា សក្តិ បាន​ត្រឹម​បន់​ស្រន់​ប៉ុណ្ណោះ។

"សូមវត្ថុ ស័ក្តិសិទ្ធជួយតាមថែរក្សាម៉ាក់ខ្ញុំឆាប់ជាពីរជម្ងឺនេះផង សុខចិត្តអោយខ្ញុំធ្វើអ្វីក៏បានដែរ ខ្ញុំព្រមធ្វើតាមទាំងអស់ អោយតែម៉ាក់បានជាសះស្បើយពីជម្ងឺរកាចសាហាវនេះ។ ខ្ញុំមិន​ដឹង​និយាយ​ថាម៉េចអោយត្រូវទេ គាំង​អស់ហើយ មានតែសុំពាក្យជូនពរពីរបងប្អូនទាំងអស់គ្នា អោយម៉ាក់ខ្ញុំនិងគ្រួសារខ្ញុំបានជាសះស្បើយពីរជម្ងឺនេះផងចុះ យកជីវិតខ្ញុំទៅ សូមកុំយកជីវិតម៉ាក់ខ្ញុំអី"។

ក្នុង​ពេល​ដែល​មិន​អាច​ជួយ​អ្វី​បាន គេ​ឃើញ​ប្រិយមិត្ត​ជា​ច្រើន បាន​ចូល​រួម​ផ្ញើ​សារ​លើក​ទឹក​ចិត្ត និង​ជួយ​បន់​ស្រន់​ជូន​ក្រុម​គ្រួសារ​សិល្បករ​រូប​នេះ និង​សង្ឃឹម​ថា លោក​យាយ ណាង បាន​ឆ្លង​ផុត​គ្រោះ​នា​ពេល​នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់