• 2021-06-09 10:59:59
  • ព័ត៌មាន

ឲ្យ​ហេតុ! ពាក្យ​របស់ តន់ ច័ន្ទសីម៉ា លើក​ឡើង​ថា ប៉ះ​ពូ​សិរីមន្ត​លើក​ដំបូង កំពុង​ធ្វើ​ឲ្យ​រំជើបរំជួល

  • 2021-06-09 10:59:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ស្ងប់ស្ងាត់​ព័ត៌មាន​មួយ​រយៈ ឥឡូវ Galaxy Navatra មាន​រឿង​ភ្ញាក់​ផ្អើល​ទៀត​ហើយ ដោយ​ប៉ុន្មាន​នាទី​មុន​នេះ​ គេ​ឃើញ​រូប​ភាព​ជា​ច្រើន​សន្លឹក​របស់​​តារា​ចម្រៀង​កញ្ញា តន់ ច័ន្ទសីម៉ា ថត​ជា​មួយ​និង តារា​ចម្រៀង​លោក ខេមរៈ សិរីមន្ត ស្រប​ពេល​តារា​ស្រី​ក៏​លាន់​មាត់​ថា នេះ​ជា​ការ​ជួប​ធ្វើ​ការងារ​ជាមួយ​រៀម​ច្បង​លើក​ដំបូង​បំផុត។

ប្រិយមិត្ត បាន និង​កំពុង​ភ្ញាក់​ផ្អើល និង​ងឿង​ឆ្ងល់​ចំពោះ​តារា​ទាំង​ពីរ ពិសេស​ភាគី​ខាង​ប្រុស ព្រោះ​ថា លោក​គឺ​ជា​តារា​ចម្រៀង​ផលិតកម្ម​មួយ​ផ្សេង ហេតុអ្វី​បាន​មាន​វត្តមាន​ធ្វើ​ការងារ​ជាមួយ​តារា​ចម្រៀង និង​ផលិតកម្ម​មួយ​ផ្សេង​ទៀត។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឹ​ថា រូប​ភាព​​ទាំង​នោះ​ត្រូវ​បាន​បង្ហោះ​លើ​​ផេក​ផ្លូវ​ការ​របស់​កំពូល​តារា​ចម្រៀង​​ក្នុង​​ផលិតកម្មGalaxy Navatra តែ​ម្ដង។

អម​ជា​​មួយ​រូប​ថា ជា​ច្រើន​សន្លឹក​នោះ កញ្ញា តន់ ច័ន្ទសីម៉ា បាន​សរសេរ​រៀបរាប់​បែប​នេះ "ថ្ងៃនេះបំពេញការងាជាមួយលោកពូ ខេមរៈ សិរីមន្តជាលើកដំបូង​សូមផ្ញើរក្ដីនឹករលឹក​ដល់ពុកម៉ែ​បង​ប្អូន​ផង!”។ ជាមួយ​គ្នា សីម៉ា ថែម​ទាំង​ចោទ​សួរ​ទៅ​អ្នក​គាំទ្រ​របស់​នាង រឿង​អាយុ​នាង​ធៀប​នឹង ខេមរៈ សិរីមន្ត ថែម​ទៀត​ផង។ "បងប្អូនទាយមើលថាសីម៉ាអាយុតិចជាងគាត់ប៉ុន្មានឆ្នាំ?”។

ក្រោយ​ពី​មាន​ការ​ភ្ញាក់​ផ្អើល ប្រិយមិត្ត​មួយ​ចំនួន​បាន​ចោទ​សួរ​ថា តារា​ចម្រៀង ខេមរៈ សិរីមន្ត មក​ចូល​រួម​ជាមួយ​ផលិតកម្ម​​ Galaxy Navatra របស់​អ្នក​ឧកញ៉ា​វ័យ​ក្មេង ឡេង ណា​វ៉ាត្រា ឬ​យ៉ាង​ណា។ ចម្ងល់​នេះ ព្រោះ​ថា ក្រៅ​ពី​រូបភាព​ប៉ុន្មាន​សន្លឹក​នេះ គេ​ក៏​ដឹង​ថា​អ្នក​​ឧកញ៉ា ឡេង ណា​វ៉ាត្រា និង តារា​ចម្រៀង​​​ លោក ខេមរៈ សិរីមន្ត ក៏​មាន​ភាព​ស្និទ្ធស្នាល​ខ្លាំង​ណាស់​ដែរ។

ស្ថានភាព​របស់​តារា​ចម្រៀង​រូប​នេះ គេ​នឹក​ឃើញ​ទៅ​ដល់ ស្ថានភាព​របស់​លោក ខេម ដែល​បាន​សម្រេច​ចិត្ត​មក​ចូល​រួម​ជាមួយ Galaxy កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​មុន ក្រោយ​ពី​មាន​ចចាមអារ៉ាម​ដូច​គ្នា​ជា​ហូរហែ។ បែប​នេះ​ក្ដី តាម​ព័ត៌មាន​មួយ បាន​ឲ្យ​ដឹង​ថា ​រឿង​នេះ ទំនង​អាច​មិន​ទាន់​កើត​ឡើង​​​ទេ​គិត​មក​ដល់​ម៉ោង​នេះ ព្រោះ​ថា លោក ខេមរៈ សិរីមន្ត មិន​ទាន់​​ចប់​កុង​ត្រា​ជា​មួយ​ផលិតកម្ម​ដែល​លោក​កំពុង​តែ​ច្រៀង​ឲ្យ​ឡើយ​ទេ។

ការ​ជួប​គ្នា​របស់ កញ្ញា តន់ ច័ន្ទសីម៉ា ​និង លោក ខេមរៈ សិរីមន្ត ត្រូវ​បាន​​ប្រភព​ច្បាស់​ការ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​បញ្ជាក់​ឲ្យ​ដឹង​ថា ពួក​គេ​ទាំង​ពីរ បាន​បំពេញ​ការ​ងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ឲ្យ​​ក្រុមហ៊ុន​ធំ​លំដាប់​អន្តរជាតិ​មួយ។ ប្រភព​ដដែល​​នោះ​មិន​បាន​ទម្លាយ​ឈ្មោះ​ក្រុម​ហ៊ុន​ដែល​កំពូល​តារា​ចម្រៀង​ទាំង​​ពីរ​ថត​ឲ្យ​​នោះ​ឡើយ​ទេ ហើយ​ថា ចំពោះ​តម្លៃ​ខ្លួន​នៃ​ការ​ថត​វិញ​​ក៏​មិន​បាន​ទម្លាយ​ឲ្យ​ដឹង​នោះ​ដែរ គ្រាន់​តែ​ប្រាប់​ថា ពួក​គេ​ទាំង​ពីរ​ជា​តារា​​លំដាប់​ A ដូច​នេះ​តម្លៃ​ខ្លួន ក៏​ទៅ​តាម​នោះ​ដូច​គ្នា។

រូបភាព៖ ហ្វេសប៊ុកផេក សីម៉ា

ជុំវិញ​បញ្ហា​នេះ សិរីមន្ត នៅ​មិន​ទាន់​អាច​ស្នើ​សុំ​ការ​បញ្ជាក់​លំអិតបាន​នៅ​ឡើយ នៅ​ខាង​ផលិតកម្ម​របស់​លោក​ក៏​ដូច​គ្នា។ ដោយ​ឡែក កញ្ញា តន់ ច័ន្ទសីម៉ា​ ក៏​មិន​ខុស​គ្នា​ដែរ ដោយ​ទូរសព្ទ​របស់​​​នាង ​ខល​ចូល មិន​មាន​អ្នក​ទទួល។ ទោះ​យ៉ាង​ណា ​លោក​យឹម តាស្រង់ អ្នក​​គ្រប់គ្រង​ទូទៅ​របស់​ផលិតកម្ម​ Galaxy Navatra បាន​ប្រាប់​ថា លោក សិរីមន្ត មិន​បាន​មក​ចូល​រួម​ជាមួយ​ផលិតកម្ម​​Galaxy Navatra របស់​លោក​នោះ​ទេ។ ប៉ុន្តែ​ដូច​នឹង​ការ​លើក​ឡើង​ពី​ប្រភព​ខាង​លើ លោក​ យឹម តាស្រង់ បញ្ជាក់​ថា តន់ ច័ន្ទសីម៉ា គ្រាន់​តែ​​កិច្ចការ​ធំ​មួយ​ជា​មួយ លោក ខេមរៈ សិរីមន្ត លើ​ការងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​​ប៉ុណ្ណោះ៕

អត្ថបទ៖ ទារិកា

មតិយោបល់