• 2021-06-17 06:44:25
  • ព័ត៌មាន

រឿង​រ៉ាវ​លម្អិត​ចេញ​ហើយ សុទ្ធ បញ្ចកា រៀបរាប់​អស់ហេតុការណ៍​​នាង​ត្រូវ ​អេដវីន ចាក់​គន្លឹះ​ទ្វារ ហើយ​វាយ​មិន​ដកដៃ

  • 2021-06-17 06:44:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រមោល​ខ្មៅ​ងងឹត​នៅ​តែ​អន្ទោល​តាម​ប្រាណ​អ្នក​មេម៉ាយ​កូន​២ សុទ្ធ បញ្ចកា។ នោះ​គឺ​ការ​នឹក​ឃើញ​របស់​នាង ពេល​ដែល​អេដវីន ប្រើ​ហិង្សា​លើ​នាង ដោយ​ទាញ​ទ្វា​បិទ​មិន​ឲ្យ​ន​ណា​ចូល​ជួយ រួច​ក៏​ហូត​យក​ខ្សែ​ក្រវាត់​វាយ​នាង​ចំនួន​១០​ដង បោក​នាង​ផ្ទប់​ទៅ​នឹង​ជញ្ជាំង ហើយ​បោច​សក់ ទះកំផ្លៀង​នាង​យ៉ាង​ដំណំ។ នេះ​បើ​តាម​ការ​អះអាង​របស់ សុទ្ធ បញ្ចកា។

សុទ្ធ បញ្ចកា បាន​សរសេរ​សារ​ដ៏​វែងអន្លាយ​មួយ​នៅ​លើ​គណនី​Facebookផ្ទាល់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី១៧ ខែ​មិថុនា ថា ទោះ​បី​រូប​កាយ​គ្រាំគ្រា​ប៉ុណ្ណេះ​ក៏​នាង​មិន​ឈឺ​ដែរ តែ​អ្វី​ដែល​នាង​ឈឺ​បំផុត​នោះ គឺ​ឈឺ​ចិត្ដ ត្បិត​ថា​មនុស្ស​ដែល​នាង​ធ្លាប់​ស្រលាញ់​ស្មើ​នឹង​ជីវិត​បែរ​ជា​លើក​ដៃ​វាយ​នាង​យ៉ាង​កម្រោល។

សុទ្ធ បញ្ចកា៖"ប៉ុន្មានថ្ងៃកើតហេតុភ្លាម ញុំពិតជាមិនចង់យករូបបែបនេះ យកមក post ទេ ព្រោះពេលចង់សសេរហើយ ខ្ញុំសសេរទៅមុខអត់រួចទេ ព្រោះបេះដូងខ្ញុំឈឺខ្លាំង ទឹកភ្នែកខ្ញុំហូរខ្លាំងទប់មិនជាប់ទេ"។

បញ្ចកា បាន​រៀបរាប់​ហេតុការណ៍​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ​២០២១ នោះ​ថា អេដវីន បាន​បិទ​ជិត​មិន​ឲ្យ​អ្នក​ចូលមកជួយ ហើយ​ដក​ខ្សែ​ក្រវាត់ ទំហំ​ប៉ិន 3 ម្រាមដៃ វាយ​ក្បាល​នាង ប្រហែល 10 ដង វាយ​យក​ៗ មិន​ដកដៃ ពេល​នោះ​នាង​ឈឺ​ពេក​ក៏​យក​ដៃ​រង ហើយ​គេ​មិន​ឈប់​ទេ គេ​មក​វាយ ខ្លួន​នាង​ថែមគ្រប់កន្លែង រហូត​ដល់​នាង​រត់​ទៅ​កន្លាត​ពូក លើក​ដៃ​សំពះ ហើយ​និយាយ​ថា“ បងអើយ! ឈប់វាយអូនទៅ អូនឈឺណាស់ អូនអត់ខុសជាមួយបងទេ មិចបងមិនជឿអូន“ ។

បញ្ចកា បន្ថែម​ថា បើ​ទោះ​បី​ជា​លើក​ដៃ​សំពះ​អង្វរ​យ៉ាង​ណា​តែ​អេដវីន​មិនឈប់ដដែល គេ​វាយយក​ៗ​ទៀត រហូត​នាង​គាំង ស្ទះ គេ​ក៏​ឈប់​មួយ​ភ្លែត ហើយ​ឃើញ​នាង​ងើប​បាន​មក​វិញ គេ​ក៏​បោច​សក់​នាង​អូស​ទម្លាក់​ពី​លើ​ជណ្តើរ ហើយ​ក្បាល​នាង​ផ្នែក​ខាង​ក្រោយ​ត្រូវ​បោក​ទៅ​នឹង​ជញ្ជាំង​មួយ​ទំហឹង បន្ទាប់​មក​ទៀត​ក៏​ចាប់​នាង​បោក​ផ្ទប់​ទៅ​នឹង​ឥដ្ឋ ហើយ​នាង​នៅ​តែ​យំ​អង្វរ​អេដវីន​ថា៖"បងអើយឈប់ទៅ អូនឈឺណាស់ “ តែគេមិនស្តាប់ វាយរហូត​នាង​ស្រងល់ ហើយ​ចាប់អូស​នាង​ឡើងម៉ូតូ ទៅ​ផ្ទះ​នាង​១​ទៀត ដែល​កូន​នាង​នៅ​ទីនោះ។

អ្នក​មេម៉ាយ​កូន​២ សុទ្ធ បញ្ចកា ដែល​កំពុង​មាន​ស្នាម​របួស​ជាំ​ស្ទើរ​ពេញ​ខ្លួន អះអាង​ថា រូប​នាង​នឹង​រៀបរាប់​បន្ថែម​ទៀត​នូវ​មូលហេតុ​ដែល​ឈាន​ដល់​ការ​ប្រើ​ហិង្សា ក្រោយ​ពី​នាង​ធូរស្បើយ​ផ្លូវ​ចិត្ដ​បន្តិច។ បញ្ចកា ថា​ពេល​នេះ​នាង​គ្រាំ​ក្នុង យប់​ឡើង​ឈឺ​ក្បាល​ទ្រាំ​មិន​បាន​រហូត​ដល់​យំ ហើយ​គេង​មិន​លក់​ពីរ​ថ្ងៃ​មក​ហើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់