• 2021-06-21 07:28:23
  • ព័ត៌មាន

សាយ សៀរ៉ា ទើប​ទទួល​បាន​ឱកាស​សម្ដែង​ជា​តួអង្គ​ឯក តែ​ធ្លោយមាត់​ថា​លោក​កំពុង​ភ័យខ្លាច​ទៅ​វិញ

  • 2021-06-21 07:28:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទទួល​បាន​ឱកាស​សម្ដែង​ជា​តួអង្គ​ឯក គាប់​ជួន​នឹង​ឱកាស​ការងារ​សិល្បៈ​ផ្នែក​ផ្សេង​ៗ​មិន​ដំណើរការ​ផង សាយ សៀរ៉ា ក៏​បាន​សម្រេចចិត្ត​ទទួល​ថត​ខ្សែ​ភាពយន្ត​មួយ​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥ គឺ​រឿង"ស្រមោល​ជីវិត" ប៉ុន្ដែ​លោក​បែរ​ជា​មាន​អារម្មណ៍​ភ័យខ្លាច​ទៅ​វិញ​ក្រោយ​ថត​បាន​បី ឬ​បួន​ភាគ។

តារា​សម្ដែង​វ័យ​កណ្ដាល​រូប​សង្ហា សាយ សៀរ៉ា បាន​ប្រាប់​Sabay នៅ​រសៀល​ថ្ងៃ​ទី២១ ខែ​មិថុនា នេះ​ថា អ្វី​ដែល​លោក​ខ្លាច​បំផុត​នោះ គឺ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ-១៩។ លោក​ថា​គ្រប់​ឈុត​ឆាក​ដែល​លោក​សម្ដែង​ប៉ុន្មាន​ឈុត​មក​នេះ គឺ​ថត​តែ​នៅ​អហ្វីស ស្ទូឌីយោ និង​ទីតាំង​មិន​សូវ​មាន​មនុស្ស​ប៉ុណ្ណោះ។

សាយ សៀរ៉ា៖"ខ្ញុំ​សម្រេច​ទទួល​ថត​ហ្នឹង​តាំង​ពី​ខែ​៥​ណោះ ឥឡូវ​កំពុង​ថត​បណ្ដើរ​ភ័យ​បណ្ដើរ តែ​ធ្វើ​ម៉េច​យើង​ទទួល​គេ​ហើយ ហើយ​ម្យ៉ាង​យើង​ក៏​ខ្វះ​ខាត ព្រោះ​ត្រូវ​ចំណាយ​ច្រើន...ដល់​ពេល​យើង​នៅ​ផ្ទះ​រហូត​អីចឹង​ថ្លៃ​ទឹក ភ្លើង​ឡើង ហើយ​ចំណាយ​លើ​សាំង​ឡាន​ផង​អី​ផង​យើង​រត់​អត់​ចង់​រួច ព្រោះ​គាំង​ជិត​២​ឆ្នាំ​ហើយ"។

សាយ សៀរ៉ា គឺ​ជា​តារា​សម្ដែង​ប្រុស​វ័យ​កណ្ដាល​សែល​នៅ​តែ​មាន​ប្រជា​ប្រិយភាព​ក្នុង​ចង្កោម​អ្នក​សិល្បៈ ប៉ុន្ដែ​ចំពោះ​ការងារ​សិល្បៈ​វិញ​លោក​ក៏​ជួប​បញ្ហា​ដូច​តារា​ដទៃ​ដែរ គឺ​មិន​អាច​ចេញ​សម្ដែង ឬ​ច្រៀង​បាន​ពេញ​លេញ​ជិត​២​ឆ្នាំ​ហើយ ដោយសារ​បញ្ហា​ឆ្លង​រាតត្បាត នៃ​ជំងឺ​កូវីដ-១៩។ បើ​តាម​លោក សាយ សៀរ៉ា នៅ​អំឡុង​ពេល​ដែល​លោក​ទទួល​ថត​រឿង​នេះ​ក៏​មាន​ផលិតកម្ម​មួយ​ផ្សេង​ទៀត​ហៅ​លោក​ឲ្យ​ថត​ដែរ តែ​លោក​បដិសេធ ព្រោះ​លោក​មិន​ចង់​ប្រឈម នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​ខ្លាំង​ជាង​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់