• 2021-07-22 04:37:54
  • ព័ត៌មាន

ពីកូនអ្នកជំពាក់បំណុលគេជុំទិស IU ប្រឹងទាល់ក្លាយជាសេដ្ឋីនីអចលនទ្រព្យតម្លៃរាប់លានដុល្លារ

  • 2021-07-22 04:37:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

IU គឺ​ជា​តារា​ស្រី​កូរ៉េដែល​មាន​ឈ្មោះ​បោះសំឡេងខ្លាំង​ស្ថិតនៅលំដាប់កំពូល​ដែល​សន្សំ​ភាព​ជោគជ័យ​ទាំងក្នុង​ពិភព K-Pop និង K-Drama​។ ទម្រាំ​មាន​មុខ​មក​ដល់ថ្ងៃនេះ IU ឆ្លង​កាត់ឧបសគ្គលំបាក​ខ្លាំង​បំផុត ប៉ុន្តែ​រឿងទាំងនោះ​ហើយដែល​អាច​ធ្វើ​ឲ្យ​នាង​រឹងមាំ​ដូចបច្ចុប្បន្ន។

រម្លឹក​ពី​អតីតកាល TMI News បាន​ចេញផ្សាយ ដោយលើកយករឿងរ៉ាវជីវិតរបស់ IU​។ ​អ្នកណាៗក៏ដឹង​ថាជីវិតនាង​ដុនដាប​យ៉ាងណា ព្រោះ​នាង​ចេញពីគ្រួសារ​ដែល​មាន​ជីវភាព​យ៉ាប់យ៉ឺនបំផុត ដោយជំពាក់​បំណុលគេ​ជុំទិស។ ដើមហេតុដំបូង​ម្ដាយនាង បាន​ស៊ីញ៉េលើប្រាក់កម្ចីរួមជាមួយនឹង​បងប្អូន ប៉ុន្តែក្រោយមកសាច់ញាតិនោះ​ក៏បាន​យកលុយទៅហើយរត់គេចខ្លួនបាត់ ធ្វើឲ្យម្ដាយ​នាង​ត្រូវរ៉ាប់រងទទួល​បន្ទុក​ទាំងនេះ​ជា​ច្រើន​ឆ្នាំ​ជាប់គ្នា ស្ទើរ​ងើបមុខមិនរួច សូម្បីផ្ទះ​ក៏ប៊ិះត្រូវគេរឹបអូសដែរ។

លំបាក​បែប​នេះ​ហើយទើប នាង​ និងប្អូន​ត្រូវ​បែកពីម្ដាយឪពុក និង​ទៅនៅជាមួយ​នឹង​ជីដូនជរា ដែល​ផ្ទះ​មាន​សុទ្ធ​តែសត្វកន្លាត។ ពេល​ទៅរៀន IU ត្រូវ​ដើរទៅសាលាដែល​នៅឆ្ងាយពីផ្ទះ ព្រោះ​នាង​គ្មានលុយ​ជិះឡានក្រុងដូចគេឡើយ។

ក្រោយមក​ ដោយឃើញពីផលលំបាក​របស់គ្រួសារ IU ក៏សម្រេច​ដាក់ពាក្យចូលប្រកួត។ មិនមែន​ភ្លាមៗ​នាង​ត្រូវ​គេ​ទទួល​ទេ មានន័យ​ថា​ IU ត្រូវគេ​បដិសេធឡើងល្វីងមុខហើយ ហើយដល់ពេល​បាន​ជាប់ នាង​ថែម​ទាំងត្រូវ​ផលិតកម្ម​មួយបោកប្រាស់ទៅទៀត។ ទម្រាំ​រក​បាន​ទ្រនំ​ពិតប្រាកដនាង​ជួប​រឿង​ច្រើន​ណាស់ក្នុងយុវភាព​ តែ IU នៅ​តែ​ស៊ូមិនបោះបង់ឡើយ។

រហូត​ក្រោយមក តារា​ស្រី​រូបនេះ​ក៏បានរកឃើញភាពជោគជ័យ​ជា​បន្តបន្ទាប់លើវិថីសិល្បៈ។ ឈាន​ដល់ឆ្នាំ ២០១៨ មានការរាយការណ៍មក​ថា​ IU សម្រេច​ទិញអគារមួយកន្លែង​នៅ Gwacheon ក្នុងតម្លៃ ៤,៦០ពាន់លានវ៉ុន (ខ្ទង់ ៤លានដុល្លារ)​។

នៅ​ឆ្នាំដដែល IU មាន​លទ្ធភាព​ទិញផ្ទះ​មួយកន្លែង​ទៀត​ ប៉ុន្តែ​លើកនេះគឺ​សម្រាប់​គ្រួសារ​នាង​ម្ដង ដែល​មាន​តម្លៃ ៣ពាន់លានវ៉ុន (ខ្ទង់ ២,៦១លានដុល្លារ)​។

បន្ថែមពី​លើនេះ IU ក៏ជាម្ចាស់អគារ Apartment មួយកន្លែង​នៅ Cheongdam-Dong ដែល​តម្លៃ ១៣,០ពាន់លានវ៉ុន (ខ្ទង់ ១១,៣លានដុល្លារ)​។ អ្វី​ដែល​កាន់​តែ​ភ្ញាក់​ផ្អើល​អគារនេះ នាង​ទិញ​ដោយលុយសុទ្ធ​ ដោយមិនមែនប្រាក់កម្ចីទេ៕

សម្រាប់ព័ត៌មាន និងរឿងរ៉ាវ​លម្អិតបន្ថែម អ្នក​អាច​ទស្សនាវីដេអូទាំងស្រុង​ពី TMI News ដូចខាងក្រោម៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់