• 2021-07-22 04:51:08
  • ព័ត៌មាន

កក្រើក​មែន​ទែន​ហើយ លេច​រឿង Galaxy បញ្ជា​ទិញ Robot ១គ្រឿង​តម្លៃ​កប់​ក្ដោង​ពី​អាឡឺម៉ង់​មក​ដាក់​ក្នុង​សង្វាក់​ផលិតកម្ម​របស់​ខ្លួន

  • 2021-07-22 04:51:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា​មើល​ពី​ខាង​ក្រៅ​អ្វី​ស្ងប់ស្ងាត់ ប៉ុន្តែ​តាម​ព័ត៌មាន​បាន​ឲ្យដឹង​ថា ផលិតកម្ម Galaxy Navatra កំពុង​មាន​ផែនការ​ធំ ដោយ​ថ្មី​ៗ​នេះ ទើប​មាន​ដំណឹង​ថា បាន​បញ្ជា​ទិញ Robot មួយ​គ្រឿង​ពី​ប្រទេស​អាឡឺម៉ង់ថែម​ទៀត​ផង។

នេះ គឺ​ដំណឹង​ដ៏​កក្រើក​មួយ ហើយ​ប្រសិន​បើ​វា​ជា​ការ​ពិត នេះ​គឺ​ជា​លើក​ដំបូង​បង្អស់​លើ​គ្រប់​វិស័យ​ទាំង​អស់ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ដាក់​បញ្ចូល Robot ទៅ​ក្នុង​សង្វាក់​ផលិតកម្ម​នៃ​ការងារ​របស់​ខ្លួន ខណៈ​ស្ថានភាព​នេះ ប្រិយមិត្ត​ធ្លាប់​តែ​បាន​ឃើញ​នៅ​បណ្ដា​​ប្រទេស​ជឿនលឿន​ខាង​បច្ចេកវិទ្យា ដូច​ជា អាមេរិក អាឡឺម៉ង់ ជប៉ុន ជា​ដើម​ប៉ុណ្ណោះ។

ដំណឹង​នេះ បាន​លេច​ចេញ​ពី​ផ្ទៃក្នុង​របស់​ផលិតកម្ម​ផ្ទាល់​តែ​ម្ដង។ តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​នេះ Robot ដែល​ផលិតកម្ម Galaxy បាន​បញ្ជា​ទិញ​នោះ គឺ​ជា​ប្រភេទ​ដៃយន្ត ដែល​គេ​ឃើញ​ប្រើ​ភាគ​ច្រើន​នៅ​ក្នុង​ឧស្សាហកម្ម​ហូលីវូដ។ ដៃយន្ត​នេះ នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​សង្វាក់​ផលិតកម្ម​ផលិត​បទ​ចម្រៀង​របស់​ខ្លួន ដើម្បី​ធានា​គុណភាព និង​ប្រសិទ្ធភាព។

រូប​តំណាង

ធ្វើ​បែប​នេះ ព្រោះ​ថា គ្រឿង​យន្ត ឬ Robot មួយ​គ្រឿង​នោះ មាន​ភាព​បត់បែន​ជាង ​ចំណេញ​ពេល​វេលា ព្រម​ទាំង​កាត់​បន្ថយ​ហានិភ័យ​បាន​ច្រើន​ជាង ទាំង​លើ​​ការ​ប្រើ​ឧបករណ៍ និង​កម្លាំង​ពលកម្ម​មនុស្ស​ថែម​ទៀត។ យ៉ាង​ណា ក៏​ដោយ​តម្លៃ​វិញ ក៏​ខ្ពស់​កប់​ពពក​ដែរ ក្នុង​នោះ បើ​តាម​ការ​បង្ហើប​របស់​ប្រភព​ដដែល Robot មួយ​គ្រឿង​នេះ​មាន​តម្លៃ​ប្រមាណ​ជាង ២ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

តាម​ដំណឹង Robot ១​គ្រឿង​នេះ ផលិតកម្ម​សម្បូរ​លុយ​មួយ​នេះ បាន​បញ្ជា​ទិញ​រួចរាល់​ហើយ ប៉ុន្តែ​គេ​មិន​បាន​ដឹង​ឡើយ​ថា គ្រឿង​យន្ត​មួយ​នេះ នឹង​អាច​មក​ដល់​ស្រុក​ខ្មែរ ក៏​ដូច​ជា​ផលិតកម្ម​នៅ​ពេល​ណា​នោះ​ទេ។ ជុំវិញ​បញ្ហា​នេះ មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​ថ្នាក់​ដឹកនាំ​របស់​ផលិតកម្ម​នៅ​ឡើយ។ លោក យឹម តាស្រង់ បាន​សុំ​សិទ្ធិ មិន​អធិប្បាយ​ពី​រឿង​នេះ។

ដោយ​ឡែក​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ម្ចាស់​ថវិកា​ដ៏​សន្ធឹកសន្ធាប់​នោះ ក៏​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន​ដូច​គ្នា៕

អត្ថបទ៖ ទារិកា

មតិយោបល់