• 2021-07-28 08:49:12
  • ព័ត៌មាន

សប្បាយ​ចិត្ត​អី​យ៉ាង​នេះ! ដួង ម៉ានិច បញ្ចេញ​វីដេអូ​រាំ​លោតកញ្ឆេង និងគ្រវីក្បាល​ស្ទើរ​ដាច់​នៅ​ក្នុង​បន្ទប់​

  • 2021-07-28 08:49:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី ដួង ម៉ានិច បង្កើត​ភាព​ភ្ញាក់ផ្អើល​មួយ​ដល់​មហាជន ជា​ពិសេស​អ្នក​គាំទ្រ​របស់​ខ្លួន​តាម​រយៈ​សកម្មភាព​ដ៏​ចម្លែក។ នៅ​ក្នុង​វីដេអូ​ដែល​បញ្ចេញ​ដោយ​នាង​ផ្ទាល់​តាម​បណ្ដាញ​សង្គម​Instagram កាល​ពី​ថ្ងៃ​ម្សិលម្ង៉ៃ គេ​ឃើញ​នាង​នៅ​ក្នុង​បន្ទប់​មួយ​ជាមួយ​កញ្ញា​ជីមី ហើយ​នាង​បាន​ឈ​រាំ​គ្រលែង​ចង្កេះ ព្រម​ទាំង​គ្រវីក្បាល​ស្ទើរ​ដាច់​តាម​ចង្វាក់​ភ្លេង​ចាក់​តាម​ទូរស័ព្ទ។

តាម​រយៈ​សកម្មភាព​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខ្លះ​និយាយ​ថា ម្ដង​នេះ​ម៉ានិច​សប្បាយ​លើស​ពី​ពាក្យ​ចាស់​លោក​ពោល​ថា"សប្បាយ​ផ្ដាំ​ចាស់" ទៅ​ទៀត"។ រីឯ​ម៉ានិច​ខ្លួន​ឯង ក៏​និយាយ​អម​នឹង​វីដេអូ​នោះ​តាម​បណ្ដាញ​សង្គម​ថា៖"បាន​ឃើញ​Video ខ្លួន​ឯង​ហើយ"។

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០២១ Sabay មិន​ទាន់​អាច​ទាក់ទង​តារា​ស្រី​រូប​នេះ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​លើ​វីដេអូ​ដែល​បាន​បញ្ចេញ​នេះ​ទេ។ ប៉ុន្តែ​តាម​រយៈ​វីដេអូ​នោះ គេឃើញ​មាន​វត្ដមាន​កញ្ញា ដួង ម៉ានិច និង​កញ្ញា ជីមមី ព្រម​ទាំង​មិត្តភ័ក្ដិ​ម្នាក់​ទៀត​ជុំ​គ្នា​នៅ​តុ​អាហារ​មួយ​ដោយ​បាន​ដាក់​ទូរស័ព្ទ​ចាក់​បទ​ញាក់ ហើយ​នាង និង​ជីមមី បាន​រាំ​តាម​ចង្វាក់​ភ្លេង តែ​មាន​តែ​ដួង ម៉ានិច ប៉ុណ្ណោះ​ដែល​ក្រោក​ពី​កៅអី ហើយ​រាំ​ចាក់​ក្បាច់​មួយ​ទំហឹង​មនុស្ស​ចាស់​តែ​ម្ដង។

តារា​សម្ដែង​រាង​តូច​ច្រឡឹង ដួង ម៉ានិច ធ្លាប់​បញ្ចេញ​សកម្មភាព​ចម្លែក​ស្រដៀង​គ្នា​ម្ដង​ដែរ​កាល​ពី​ឆ្នាំ​២០២០ ជាមួយ​តារា​សម្ដែង​ប្រុស អេឡិច ចត្រា។ កាលណោះ​នាង និង​អេឡិច បាន​យក​ដៃ​ទាំង​ពីរ​ដាក់​លើ​ក្បាល រួច​លោក​ចុង​ជើង​ពី​ជ្រុង​ម្ខាង​ទៅ​ជ្រុង​ម្ខាង​ទៀត នៃ​ជញ្ជាំង​បន្ទប់​មួយ​រហូត​ដល់​ហត់​ទាំង​ពីរ​នាក់។ ក្រោយ​មក​ទើប​នាង​បកស្រាយ​ថា ការ​បញ្ចេញ​រូប​ភាព ឬ​សកម្មភាព​ប្លែកៗ​បែប​នេះ គឺ​គ្រាន់​តែ​ចង់​បង្កើត​អនុស្សាវរីយ៍​ជាមួយ​មិត្ត​រួម​អាជីព ឬ​អ្នក​ស្និទ្ធស្នាល​ប៉ុណ្ណោះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់