• 2021-07-29 03:14:27
  • ព័ត៌មាន

ចេញ​ហើយ នេះ​គឺ​ក្រុម​រាំ K-POP លំដាប់​កំពូល នៅ​កម្ពុជា​ឆ្នាំ ២០២១ ក្រោយ​ប្រកួត​ស្វិតស្វាញ

  • 2021-07-29 03:14:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី K-POP World Festival នៅកម្ពុជាប្រចាំឆ្នាំ២០២១ ដែល​ឆ្នាំ​នេះ ធ្វើ​តាម​ប្រព័ន្ធ​អនឡាន ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ដោយ​បាន​រក​ឃើញ ក្រុម​ជយលាភី​ប្រចាំ​ឆ្នាំ ២០២១ ហើយ ជាមួយ​នឹង​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំងពីសំណាក់ យុវជនកម្ពុជាដែលស្រលាញ់ K-POP។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងស្ថិតក្រោមការគ្រប់គ្រងដឹកនាំកម្មវិធីពី k’ve Entertainment។

នៅក្នុងសន្ទរកថាអបអរសាទររបស់លោក​ ផាក​ ហ៊ឹងខ្យង់ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានថ្លែងលើកទឹកចិត្តថា "ខ្ញុំសូមអរគុណដល់ គណៈ កម្មការវាយតម្លៃ ការប្រកួតកម្មវិធី K-POP K’ve Entertainment និងយុវជនកម្ពុជា ដែលមានចំណាប់អារម្មណ៍ខ្ពស់ និងផ្តោតការយកចិត្តទុកដាក់ ចំពោះកម្មវិធី K-POP ហើយបានត្រៀមខ្លួន យ៉ាងស្វាហាប់ បើទោះបីជាមានស្ថានភាពលំបាក ដោយសារជំងឺកូវីដ-១៩ក៏ដោយ"។

លោក​បានបាន លើកឡើងទៀតថា "កម្មវិធី K-POPនេះ ក៏ជាបណ្តាញដ៏រឹងមាំក្នុងការ ផ្សារភ្ជាប់ទំនាក់ទំនងរវាង យុវជនកូរ៉េ និងយុវជនកម្ពុជា ដែលមានការយល់ដឹង និងចេះរីករាយជាមួយនឹងសម្រស់ សិល្បៈ"។

កម្មវិធី K-POPលើកនេះ មាន​ចំនួន ៤៥ក្រុមបានដាក់ពាក្យចូលរួមការប្រកួតប្រជែង ហើយក្រុមជយលាភីចំណាត់ថ្នាក់ពីលេខ ១ ដល់លេខ ៣ ត្រូវបានជ្រើសរើសតាមរយៈ ការវិនិច្ឆ័យដោយយុត្តិធម៌។​ នៅក្នុងកម្មវិធីនេះ ត្រូវបានផ្តល់ជូនសម្រាប់ចំណាត់ ថ្នាក់លេខ ១ នូវទឹកប្រាក់ចំនួន ១,០០០ដុល្លារ លេខ ២ ចំនួន ៥០០ដុល្លារ និងលេខ ៣ ចំនួន ៣០០ដុល្លារ។

ក្រោយ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ ការប្រកួត K-POP ឆ្នាំនេះ ក្រុមដែលទទួលបានជយលាភីកិត្តិយស ក្រុមរាំចម្រុះ ដែលមានសមាជិក ១១នាក់ គឺក្រុមរាំ Dinest។ ក្រុមរាំ Dinest បានបង្ហាញពីក្តីស្រលាញ់ របស់ពួកគេចំពោះ K-POP ដោយនិយាយថា "ចាប់តាំងពីខ្ញុំស្គាល់ក្រុម K-POP និងក្រុម idolកូរ៉េ ចំណង់ចំណូលចិត្តរៀនរាំរបស់ខ្ញុំកើតមានឡើង ហើយមានអារម្មណ៍ថាជីវិតប្រចាំថ្ងៃ ធម្មតារបស់ខ្ញុំ បានផ្លាស់ប្តូរ"។

តាម​លក្ខខណ្ឌ ក្រុម​ឈ្នះ​ជយលាភី​ខាង​លើ អាច​ទទួល​បាន​សិទ្ធិ​ចូលរួមប្រកួតជាអន្តរជាតិក្នុង ព្រឹត្តិ​ការណ៍ K-POP World Festival ដែលនឹងប្រារព្ធឡើងតាមអនឡាញនៅឯទីក្រុង ឆាំងវ៉ុនប្រទេសកូរ៉េក្នុងខែតុលា ឆ្នាំនេះ​ទៀត ប្រសិន​បើ​ក្រោយ​ឆ្លងកាត់ការវិនិច្ឆ័យចុងក្រោយរបស់​អ្នកជំនាញក្នុង ប្រទេសកូរ៉េ បញ្ជាក់​ថា ពួកគេ​មានលក្ខណសម្បត្តិគ្រប់គ្រាន់​សម្រាប់​ការ​ប្រកួត​ដ៏​ធំ​នោះ៕

ទស្សនា​វីដេអូ​ឃ្លិប Hight Light របស់​ពួក​គេ​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់