• 2021-08-24 02:34:43
  • ព័ត៌មាន

ផ្អែក​តាមអង្គរក្សអាជីព ហេតុអ្វីអង្គរក្សត្រូវធ្វើចរិតតឹងរឹងដាក់ Idol ពេលស្និទ្ធស្នាលជាមួយ Fan?

  • 2021-08-24 02:34:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលនិយាយ​ដល់អង្គរក្ស ការងារ​ចម្បងគឺការពារ​ Idol ឬ​តារាល្បីៗ មិនឲ្យមាន​អ្នកណា​អាច​មក​យាយី​បានឡើយ។ ប៉ុន្តែ​ដូចមនុស្សទូទៅ​បាន​ជ្រាប​ស្រាប់ថា​ អ្នកគាំទ្រមាន​ន័យ​យ៉ាងណា​ចំពោះ​ Idol ហើយតើ​ចំនួន​នៃសន្ធឹក​ការ​គាំទ្ររបស់អ្នកគាំទ្រមាន​ធំធេង​យ៉ាងណា​សម្រាប់តារាៗ។ ដូចគ្នានេះ នៅពេល​តារា​ចេញ​ក្រៅ​ម្ដងៗ មុខជា​មាន​អ្នកគាំទ្រ​ជា​ច្រើន​នាក់នាំគ្នា​មក​រោមជិត ដើម្បី​សម្ដែង​ក្ដី​ស្រឡាញ់ផ្ទាល់។

ស្ថិតក្នុង​វីដេអូភាគ​ថ្មី​របស់ AYO លោក Jeong Seung Min​ និង Yang Tae Il ដែលជា​អង្គរក្សរបស់តារា K-Pop ដែល​មាន​បទពិសោធរាប់ឆ្នាំមក​នោះ​ បាន​ជុំគ្នា​ពិភាក្សា​ពី​អ្វី​ដែល​អង្គរក្ស​ត្រូវធ្វើដែល​សុទ្ធតែជាការងារពិបាក​ មិនស្រួល​ដូច​យើងគិតឡើយ។

Jeong Seung Min និយាយថា​ នាមជា​អង្គរក្ស​ ការងារ​សំខាន់គឺធានា​សុវត្ថិភាព​ ធ្វើយ៉ាង​ណា​កុំឲ្យអ្នកគាំទ្រទៅជិត ឬ​ប៉ះពាល់​តារាៗទាំង​ស្ថិតនៅ​តាម​ផ្លូវ ឬ​ការ​ប្រគំតន្ត្រី​ក៏ដោយ។

មិនដូចអ្វី​ដែល​អ្នក​គិត​ទេ ព្រោះបើ​តាម​អ្វី​ដែល​លោក Yang Tae Il បាន​បង្ហើប​ថា​៖ «យើង​ត្រូវ​តែ​ឃាត់ពួកគេ បើ​ពួកគេធ្វើរឿងអស់នេះ (ប៉ះពាល់)។ ប៉ុន្តែដោយសារពួកគេគឺជាអ្នកគាំទ្រ ដូច្នេះ​ពួកយើងក៏មិនអាចរុញ ឬច្រានពួកគេ​ឲ្យធ្វើបែប​ហ្នឹងដែរ»។

លោក Jeong Seung Min វិញ លើកឡើងថា តារា​ខ្លះស្រឡាញ់​អ្នកគាំទ្រពេក ហើយទប់ចិត្តមិនបាន ពួកគេក៏ហុចដៃឲ្យ Fan ចាប់ដៃ ហេតុនេះ​កាលៈទេសៈបែបនេះ សម្រាប់អង្គរក្សពិតជាពិបាក​បញ្ឈប់ណាស់។ ប៉ុន្តែ​ត្រូវ​មើលសភាពការណ៍ដែរ ថា​គួរ​បញ្ឈប់ ឬបន្ត។

ជាការពិត ការងារ​នេះ​ គិតជា​ការងារ​ដែល​ពិបាក និងគ្រោះ​ថ្នាក់​បំផុត​លើ​លោកនេះ។ ទោះ​បី​បំណង​ធំ​គឺការពារ តារាៗ ប៉ុន្តែ​ក្រុមអង្គរក្សទាំង​អស់​ពិតជាយល់ច្បាស់ណាស់ពីទំហំក្ដីស្រឡាញ់របស់ Fan ទាំងអស់ គ្រាន់តែអង្គរក្សត្រូវ​ថ្លឹងថ្លែង​ឲ្យស្មើគ្នានូវ​ការរក្សាស្ថានភាព ដើម្បីឲ្យគ្រប់គ្នា​មាន​សុវត្ថិភាព និង​សប្បាយចិត្តទាំងសង្ខាង៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់