• 2021-08-25 03:17:15
  • ស្ទីលតារា

រឹត​តែ​ស្រណោះ ពៅ បញ្ញា​ពេជ្រ ស្អាត​ដូច​ផ្កា ពេល​ប្ដូរ​រូបរាង​ទៅ​ជា​នារី​បម្រើ​ការ​លើយន្តហោះ

  • 2021-08-25 03:17:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​ការ​កម្សាន្ត​តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​មុខមាត់ រូបរាង​នៅ​លើ Mobile App គេ​ឃើញ​ពលរដ្ឋ និង​សិល្បករ​ខ្មែរ ក៏​ផ្ដើម​លេង​ព្រោងព្រាត ក្នុង​នោះ​ក៏​មាន​អតីត​តារាចម្រៀង ពៅ បញ្ញាពេជ្រ ដែរ​ដែល​នាង​បាន​ប្រើ​កម្មវិធី​លើ​ទូរស័ព្ទ​ដៃ​ប្ដូរ​នាង​ទៅ​ជា​នារី​អូតេស្ត​ដ៏​ស្រស់​ស្អាត​ម្នាក់។

ប្រិយមិត្ត​បាន​សម្ដែង​ការ​ភ្ញាក់​ផ្អើល ក្រោយ​ឃើញ​ស៊េរី​រូបភាព​ក្នុង​ឯកសណ្ឋាន​ជា​នារី​បម្រើ​ការ​លើ​​យន្តហោះ ឬ​អូតេស្ត​របស់ បញ្ញា​ពេជ្រ ដែល​បាន​មក​ពី​ការ​កែ​ច្នៃ​ដោយ​កម្មវិធី​ទូរស័ព្ទដៃ។ ពួក​គេ​បាន​ពោល​សរសើរ​តារា​ស្រី​អភ័ព្វ ថា​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង និង​ផូរផង់​ណាស់។

ស្ថានភាព​នេះ ក៏​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ខ្លះ​សង្វេគ​ចំពោះ​អតីត​តារាចម្រៀង ព្រោះ​​ថា ភាព​ស្រស់​ស្អាត​បាន​ការ​កែ​ច្នៃ​នេះ បាន​លាក់​បាំង​ការ​ពិត​របស់ បញ្ញា​ពេជ្រ ទាំង​ស្រុង ត្រង់​ថា តាម​ពិត​នាង​មិន​អាច​ឈរ ឬ​ដើរ​បាន​នោះ​ទេ ថែម​ទាំង​មិន​ស្អាត​ផូរផង់​ដល់​ថ្នាក់​នេះ​ដែរ។

ពៅ បញ្ញា​ពេជ្រ ត្រូវ​បាន​ខ្មាន់ កាំភ្លើង​បាញ់​ប្រហារ​ជា​ច្រើន​គ្រាប់ ដោយ​ក្នុង​នោះ​១គ្រាប់​ត្រូវ​ចំ​ពោះ និង​មួយ​គ្រាប់​ទៀត​ចំ​បំពង់​ករ​កាល​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០០៧ កន្លង​ទៅ។ ក្រោយ​គ្រោះដ៏​អាក្រក់ នាង​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​អស់​​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។នាង​ត្រូវ​បាន​សង្គ្រោះ​ជីវិត ប៉ុន្តែ​បាន​ធ្លាក់​ខ្លួន​ជា​ជនពិការ។

បច្ចុប្បន្ន បញ្ញា​ពេជ្រ កំពុង​រស់​នៅ​ប្រទេស​ថៃ តែ​ឡើង​ចុះ​ៗមក​លេង​ក្រុម​គ្រួសារ​នាង​នៅ​ទីក្រុង​ភ្នំពេញដែរ ស្រប​ពេល​នាង​ធ្វើ​ជា​អ្នក​លក់​ឥវ៉ាន់​លើ​អនឡាញ ហើយ​ដោយ​ការ​អាណិត​ស្រឡាញ់ គេ​ឃើញ​ប្រិយមិត្ត​ជា​ច្រើន​បាន​ជួយ​ជាវ​ទំនិញ​ពីនាង។ ក្រោយ​ពី​អ្វី​ៗ​ហាក់​ដំណើរ​ល្អ ស្រាប់​ប៉ុន្មាន​ខែ​មុន ពៅ បញ្ញា​ពេជ្រ បាន​បង្ហោះ​សារ​ថា​នាង​បាន​ជួប​រឿង​អកុសល​​ថ្មី​ទៀត។

នាង​ថា មាន​គេ​ធ្វើ​ឲ្យ​នាង​បាក់​ជើង​សារ​ជា​ថ្មី ប៉ុន្តែ​មិន​បាន​និយាយ​លម្អិត​លើ​ករណី​នេះ​ទេ ដែល​បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​នាង​កាន់​តែ​ជួប​ការ​លំបាក​ក្នុង​ការ​រស់​នៅ។ ចំណុច​នេះ​ដែរ ក្រោយ​ឃើញ​រូប​ភាព​កែ​ច្នៃ​របស់​នាង ប្រិយមិត្ត​បាន​ចោទ​សួរ​ថា ពេល​នេះ​នាង​អាច​ដើរ​វិញ​ឬនៅ?

បញ្ហា​នេះ តារា​ស្រី​អភ័ព្វ ប្រាប់​ថា នាង​នៅ​តែ​មិន​អាច​ដើរ​បាន​ទេ​​មក​ដល់​ពេល​នេះ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាង កាន់​តែ​សង្វេគ​ថែម​ទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់