• 2021-08-26 08:52:46
  • ព័ត៌មាន

ទូរទស្សន៍​ឈាន​មុខ​គេ​៣​នៅ​កម្ពុជា ដាក់​ទុនវិនិយោគរួមគ្នាបង្កើតថ្នាលទូរទស្សន៍ឌីជីថលកម្ពុជាតែ១

  • 2021-08-26 08:52:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកម្ពុជា បានកសាងប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតក្នុងវិស័យសោតទស្សន៍ និងផ្សព្វផ្សាយ នៅ​ពេល​ដែលក្រុម​ហ៊ុនបណ្ដាញផ្សព្វផ្សាយធំៗចំនួន៣ ដែល​រួមមាន​ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប របស់លោកជំទាវ ហ៊ុន ម៉ាណា និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលមានទូរទស្សន៍ CBS និង​ Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប របស់លោកឧកញ៉ា អ៊ឹង ឆៃងួន បាន​ចុះហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀង​បណ្តាក់​ទុន​រួម​គ្នា​ ដើម្បី​បង្កើត​ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា​។

ពិធីចុះហត្ថលេខាខាងលើនេះ គឺជាកិច្ចព្រមព្រៀងបន្ថែមទៀតលើការចុះអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខារវាងភាគីទាំង៣ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។ "ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា" បង្កើតឡើងក្នុងគោលបំណងបង្កើត​ក្រុមហ៊ុនចម្រុះរវាងរដ្ឋ និងឯកជនសម្រាប់គ្រប់គ្រង "ថ្នាលទូរទស្សន៍ឌីជីថលជាតិ" ដើម្បីធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ឈានទៅសម្រេចឲ្យ​បានតាមផែនការរបស់អាស៊ាន​។

កិច្ច​ព្រម​ព្រៀង​នេះ​ធ្វើ​ឡើង​ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការដាក់ឲ្យដំណើរការថ្នាលទូរទស្សន៍ឌីជីថលជាតិ ដោយតម្រូវឲ្យក្រុមហ៊ុនទូរទស្សន៍ Analog ឯកជនទាំងអស់ មកប្រើប្រាស់សេវាថ្នាលទូរទស្សន៍ឌីជីថលជាតិ និងបន្តការផ្សាយព្រមគ្នា​ជាប្រព័ន្ធ Analog និងប្រព័ន្ធឌីជីថលស្របគ្នាមុននឹងដល់ដំណាច់ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទសម្រាប់បិទការផ្សាយទូរទស្សន៍តាមប្រព័ន្ធ Analog ជាស្ថាពរ។

"ថ្នាលទូរទស្សន៍ឌីជីថលជាតិ" ដែលជាក្រុមហ៊ុនចម្រុះរវាងរដ្ឋ និងឯកជនថ្មី​នេះ នឹងផ្តល់ជូននូវសេវាថ្នាលទូរទស្សន៍ឌីជីថលផ្សាយតាមប្រព័ន្ធ DVB-T2 ដែលមានប៉ុស្តិ៍ច្រើនប្រភេទសម្បូរបែប សំដៅ​លើក​ស្ទួយ​វិស័យព័ត៌មាន អប់រំ ចំណេះដឹង សិល្បៈកម្សាន្ត កីឡា និងទស្សនីយភាពត្រជាក់ៗ ដែលនាំមកនូវភាពសុខដុមរមនាដល់ក្រុមគ្រួសារកម្ពុជា។

លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប បានមានប្រសាសន៍ថា៖ "ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្នុងការសហការគ្នាបង្កើតថ្នាលទូរទស្សន៍ឌីជីថលនេះ ហើយក៏ជាផ្នែកមួយផងដែរ ក្នុងការគាំទ្រការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្នកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ ក្រោមម្លប់សន្តិភាព និងស្ថេរភាពនយោបាយ"។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា​៖ "យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចាប់ដៃគូសហការគ្នាបង្កើតក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា និងមានមោទនភាពដែលបានចូលរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងវិស័យសោតទស្សន៍ និងផ្សព្វផ្សាយ ឲ្យទៅជាប្រព័ន្ធឌីជីថលពេញលេញ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមសម្រេចឲ្យបានសេដ្ឋកិច្ច សង្គមឌីជីថលកម្ពុជា ស្របតាមគន្លង ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលជំនាន់ទី៤"។

ដោយឡែក លោកឧកញ៉ា អ៊ឹង ឆៃងួន ប្រធានក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប ក៏បានលើកឡើងផងដែរថា៖ "ថ្នាលទូរទស្សន៍ឌីជីថលនេះ នឹងនាំមកនូវទស្សនីយភាពនិងស្តង់ដាថ្មីស្រឡាងមួយទៀតដែលមានកម្រិតផ្សាយ គុណភាពខ្ពស់ ច្បាស់ត្រជាក់ភ្នែក ពីកម្រិត HD ដល់ UHD 4K ។ ទូរទស្សន៍ឌីជីថលនេះជាថ្នាលប្រមូលផ្តុំនៃកម្មវិធីសិល្បៈ កម្មវិធីកំសាន្ត កម្មវិធីព័ត៌មាន ភាពយន្ត តន្រ្តី និង ទស្សនីយភាព ដ៏សម្បូរបែបជាច្រើនទៀត ដែលធានានូវការផ្តល់ជូនចំណីចក្ខុដ៏រីករាយជូនទស្សនិកជនទូទាំងប្រទេស ក្នុងកន្លែងតែមួយ “One-Stop Media Services"។

លោក​បាន​បន្ថែម​ទៀត​ថា៖ "នេះជាភាពរីកចម្រើនមួយដ៏ធំក្នុងវិស័យសោតទស្សន៍ និង ផ្សព្វផ្សាយ ស្របតាមគោលនយោបាយរដ្ឋាភិបាលសម្រាប់សង្គមឌីជីថលកម្ពុជា ឲ្យដើរស្របតាមគន្លងឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលជំនាន់ទី៤ ដូច្នេះការផ្លាស់ប្តូររូបរាងថ្មី និងបទពិសោធន៍នៃការកំសាន្តនេះ ធ្វើឲ្យប្រទេសកម្ពុជា អាចដើរតាមបច្ចេកវិទ្យាឈានមុខទន្ទឹមនឹងឆាកអន្តរជាតិ ដោយទស្សនិកជនអាចទស្សនារាល់ទស្សនីយភាពដែលផលិតឡើងមានគុណភាពស្តង់ដាខ្ពស់ ច្បាស់ត្រជាក់ភ្នែក ពីគេហដ្ឋាន ឬមើលតាមទូរស័ព្ទដៃ គ្រប់វេលា គ្រប់ទីកន្លែង នៅលើថ្នាលតែមួយ។ នេះក៏ជាការលើកទឹកចិត្តដល់ផលិតករ ឲ្យផលិតនូវទស្សនីយភាពមានគុណភាពខ្ពស់បន្តទៀត ដែលមានថ្នាលអាចបង្ហាញស្នាដៃរបស់ខ្លួនទៅកាន់ពិភពលោក"។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុននីមួយៗបានបម្រើទស្សនីយអារម្មណ៍តាមរយៈ​ព័ត៌មាន អប់រំ ចំណេះដឹង និងសិល្បៈកម្សាន្ត ក្នុងវិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជាអស់រយៈពេល ២៥ ឆ្នាំមកហើយរហូតមកដល់ពេលនេះ ហេតុ​នេះ ដោយ​ផ្អែកលើបទពិសោធន៍ ជំនាញ និងធនធានមនុស្ស ក្រុមហ៊ុនទាំ​៣​មានជំនឿយ៉ាងមុតមាំថានឹងអភិវឌ្ឍឧស្សាហកម្មសោតទស្សន៍និងផ្សព្វផ្សាយឲ្យទទួលបានជោគជ័យ៕

មតិយោបល់