
- 2021-09-03 10:20:58
- ភាពយន្ត
មកដឹងតម្លៃ និងពេលវេលាថតខ្សែភាពយន្តប្រវត្តិសាស្ត្ររឿង"អ្នកតាឃ្លាំងមឿង"ទស្សវត្ស៦០ ពិតជាមិនធម្មតា!
- 2021-09-03 10:20:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃ និងពេលវេលាថតខ្សែភាពយន្តប្រវត្តិសាស្ត្ររឿង"អ្នកតាឃ្លាំងមឿង"ទស្សវត្ស៦០ ពិតជាមិនធម្មតា!
ចន្លោះមិនឃើញ
កិត្តិនាមរបស់មេទ័ពខ្មែរនាសម័យលង្វែកដ៏អស្ចារ្យ គឺតាមឿង ឬអ្នកតាឃ្លាំងមឿងដែលមានរូបសំណាកតម្កល់ទុករហូតដល់សព្វថ្ងៃគ្រាន់ពលរដ្ឋខ្មែរគោរពបូជានាខេត្តពោធិ៍សាត់ នៅតែដិតជាប់ក្រអៅបេះដូងកូនខ្មែរនៅឡើយ។ ដោយកិត្តិនាមល្បីល្បាញ និងគួរឲ្យគោរពនេះហើយ បានជាផលិតករភាពយន្តខ្មែរបង្កើតវណ្ណកម្មនេះឡើងក្នុងទស្សវត្ស៦០។
វាជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយក្នុងខ្សែភាពយន្តខ្មែរដែលផលិតករបានរួមគ្នាផលិតរឿង"អ្នកតាឃ្លាំងមឿង" ដំបូងគេក្នុងសម័យសង្គមរាស្ត្រនិយម ដោយប្រើពេលជិត២ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៩។ រឿងនេះ ត្រូវបានផលិតកម្មចំនួនពីរបានសហការគ្នាផលិតរវាងផលិតកម្ម"វណ្ណ ច័ន្ទ" និងផលិតកម្ម"ឥន្ទ្រានិមិត្តភាពយន្ត" ដោយចំណាយទឹកប្រាក់អស់ជាង៣លានរៀល។
ប្រភពពីក្រុមព្រះសុរិយាដែលមានបេសកកម្មស្រាវជ្រាវ និងចងក្រងប្រវត្តិសិល្បករ និងខ្សែភាពយន្តជំនាន់ដើម បានបង្ហាញថា "អ្នកតាឃ្លាំងមឿង" គឺជាខ្សែភាពយន្តមួយដឹកនាំសម្ដែងដោយផលិតករ សុម៉ាន់ ឈាវ និងផលិតករ ឡាយ ងួនហេង ដោយលោក ប៉ូច តឹក ជាជំនួយបច្ចេកទេសថត ហើយបានថតជាហ្វីល៣៥មីលីម៉ែត្រ ពណ៌ធម្មជាតិស្កុប។
ផលិតករ បានតំណាលរឿងទាំងស្រុងតាមប្រវត្តិសាស្ត្រនាសម័យលង្វែករៀបរាប់អំពីវីរភាពដ៏អស្ចារ្យ នៃបុព្វបុរសខ្មែរឈ្មោះមឿងដែលបានចេញច្បាំងជាមួយទ័ពសៀម រហូតពលីជីវិត ហើយបានទៅកែនទ័ពខ្មោចព្រាយបិសាចមកច្បាំងនឹងទ័ពសៀមបន្តទៀត រហូតបានជោគជ័យ រំដោះព្រះរាជបល្ល័ង្ករួចផុតពីគ្រោះមហន្តរាយ។
ខ្សែភាពយន្តមួយនេះ ប្រជុំដោយតារាសម្ដែងល្បីៗជាច្រើនរូប គឺមានដូចជា៖ លោក ពៅ យូឡេង លោកស្រី ម៉ម ស៊ីផាន លោក ជា យុទ្ធថន លោកស្រី ទិត្យ វិជ្ជរាដានី លោក មាស សំអែល លោក ណុប ណែម លោកស្រី គីមណូវ៉ា លោក ពេជ្រ សាលឿន និងលោក ពេជ្រ សាន់ជាដើម។ ក្រៅពីតារាសម្ដែងល្បីៗទាំងនេះ ក៏មានប្រជាជនជាច្រើនបានចូលរួមសម្ដែងជាតួអង្គទាហាន និងប្រជារាស្ត្រ។
សូមបញ្ជាក់ថា រឿង"អ្នកតាឃ្លាំងមឿង" បានដាក់បញ្ចូលនូវចម្រៀងចំនួនពីរបទយ៉ាងពីរោះ គឺបទ"ក្រសាលស្រះស្រង់" ច្រៀងដោយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និងបទ"បណ្ដាំវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ" ច្រៀងដោយលោកស្រី ម៉ៅ សាវ៉េត។
ប្រភព និងរូបភាព៖ ក្រុមព្រះសុរិយាខ្សែភាពយន្តខ្មែរដ៏អស្ចារ្យមួយនេះ បានថតចប់សព្វគ្រប់ និងធ្លាប់បានចាក់បញ្ចាំងរយៈពេល៤ថ្ងៃជាប់ៗគ្នា គឺចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៦៩ នាឱកាសបុណ្យចូលឆ្នាំចិន នៅរោងភាពយន្ត"ភ្នំពេជ្រ" និងរោងភាពយន្ត"អង្គរ"៕