• 2021-09-08 00:50:00
  • ព័ត៌មាន

ខ្ញីចាស់ប្រចាំ K-Pop ៤រូបជាអ្នកជីកគាស់សមត្ថភាព IU និងរុញនាងឲ្យខំរហូតឡើងដល់កំពូលដូចពេលនេះ

  • 2021-09-08 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតនាពេល​បច្ចុប្បន្ននេះ IU គឺជាតារាទោលស្រី​ដែល​ឈាន​មុខគេ​ប្រចាំ​វិស័យ K-Pop ហើយគ្មាន​អ្វី​ត្រូវ​បដិសេធ​បាន​ឡើយ។ នាង​បាន​ឆ្លងកាត់បទពិសោធជា​ច្រើន​ទម្រាំ​មាន​ឈ្មោះជា​រាជិនីតារាស្រីពេល​នេះ ប៉ុន្តែមាន​រឿងមួយ​ដែល​ជម្រុញ​ឲ្យ IU ប្រឹងបាន​រហូតមាន​ថ្ងៃនេះ ក៏ជាចំណែក​ពីតារារៀមច្បង រូបដែរ។

ផ្ដើមពីដំបូង​នោះគឺ​ ត្រឡប់កាលពីនៅរៀនថ្នាក់មធ្យមសិក្សា IU ជួប​បញ្ហា​ជាមួយនឹង​គ្រូ។ ជា​ការពិន័យ IU ត្រូវ​ច្រៀងនៅចំពោះ​អ្នក​គ្រប់គ្នា ហើយអ្វីដែល​ទទួល​បាន​មក​វិញ​គឺការ​សរសើរ​មិនដាច់ពីមាត់ពីគ្រូ ដោយសារសំឡេង​នាង​មិនអន់នោះទេ។ ក្រោយមក​នាង​ក៏បាន​ដឹង​ខ្លួន​ថា​ខ្លួនផ្ដើមមាន​និស្ស័យនឹង​ការ​ច្រៀង ក៏បាន​ទៅដាក់ពាក្យប្រឡង មាន​ពេលខ្លះ​ធ្លាក់ ពេលខ្លះក៏ត្រូវជាប់តែត្រូវគេបោកប្រាស់ រហូត​ចុងក្រោយនាង​ជាប់ចូល​ផលិតកម្មត្រឹម​ត្រូវបាន​សម្រេច។

ដូច្នេះ​ ទៅ​ស្គាល់​ពីតារាដែល​ធ្វើឲ្យ​ IU ប្រឹង​បាន​ដូចពេលនេះ៖

១. ផលិតករ Choi Gab Won

ផលិតកររូបនេះ បច្ចុប្បន្នគឺជា​កវីនិពន្ធ និងផ​លិតករបទ​ចម្រៀងប្រចាំវិស័យ K-Pop និងក៏ជា​អ្នក​ដែល​ធ្លាប់វាយតម្លៃ​ការ​ប្រឡងវគ្គ Audition ប្រចាំផលិតកម្ម LOEN​ កាល​ពីពេល​ IU ប្រឡងដែរ។ ចាំបានថាកាលនោះ លោក Choi បានសរសេរបទ «Coward» របស់ BUZZ និង «Memory Loss» របស់ Gummy ដែលសុទ្ធ​តែជា​បទ​ល្បី។ នៅពេលឮសំនៀងរបស់ IU ពេល​ច្រៀងបទ «I Miss You» (បទដើមរបស់ Kim Bum Soo និងច្រៀងឡើងវិញដោយ Gummy)​ លោកក៏ពេញចិត្ត​និងជម្រុញឲ្យ IU ចុះកុងត្រាជាមួយផលិតកម្ម LOEN តែម្ដងទៅ។

២. តារាចម្រៀង Gummy

ក្នុង​នាម​ជា​មិត្តល្អរបស់លោក Choi Gab Won តារា​ចម្រៀងរូបនេះក៏ឧស្សាហ៍មក​លេង Studio របស់មិត្តជា​រឿយៗដែរ។ ពេល​ចំ​ថ្ងៃប្រឡង Gummy បាន​អង្គុយចុះ​ ហើយមើល IU ច្រៀងបទ​របស់នាង! ភ្លាមៗនោះ Gummy ស្រាប់តែលង់នឹងសំឡេង​របស់ IU ហើយមិនបង្អង់យូរក៏បញ្ចុះបញ្ចូល Gab Won សុំឲ្យ IU ជាប់តែម្ដង។

៣. តារាចម្រៀង Ha Dong Kyun

ក្រោយពេល IU ជាប់​ និងបាន​ចូលជា​តារា​របស់ផលិតកម្ម LOEN ហើយ តារាចម្រៀង Ha Dong Kyun ក៏បាន​ដាក់ការងារឲ្យ IU ហ្វឹកហាត់។ ពេលនោះផលិតកម្ម បាន​សុំឲ្យ Dong Kyun ដាក់កម្រិតលើ IU ឲ្យខ្លាំង ក្នុងនាម​ជារៀមច្បងបង្វឹក។ ដូច្នេះមិនចាំយូរឡើយ ព្រោះ​ចង់ឲ្យសិស្សប្អូន​បាន​ល្អទៅថ្ងៃមុខ លោកក៏ប្រឹងជម្រុញ​ IU ខ្លាំង​ឡើងៗ។ ក្នុងបទសម្ភាសកម្មវិធីវិទ្យុមួយ IU បាន​លើកឡើងថា Dong Kyun ជាមនុស្សតែម្នាក់គត់ដែលធ្វើឲ្យអាជីពការងារនាងកាន់តែពិបាកឡើងៗ (ក្នុងន័យរវល់ជាប់ ហើយនាងត្រូវប្រឹងឥតឈប់)។ នាង​បន្ថែម​ថា​ ជីវិតជា​អ្នកហ្វឹកហាត់ជាមួយនឹង Ha Dong Kyun ត្រូវ​តែត្រៀមគ្រប់យ៉ាងទាំងអស់ មិនត្រូវ​ភ្លាត់នៅវិនាទីណាមួយឡើយ។

IU ថា Dong Kyun គឺជាអ្នកដែល​ស្គាល់នាង​យូរជាងគេក្នុងវិស័យសិល្បៈនេះ ហើយក៏ជាអ្នកដែលតែងជម្រុញនាងរហូតដែរ។

៤. តារាចម្រៀង Wheesung

លោកធ្លាប់បាន​និយាយថា ខ្លួន​ជួបនឹង​ IU ដំបូង​ កាល​នាងរៀនថ្នាក់ទី ៨។ ញាណក្នុងនាម​ជាផលិតកររបស់ Wheesung បាន​កត់សម្គាល់ឃើញថា ក្មេងស្រីម្នាក់នេះពិតជា​ឆ្លាតវៃណាស់។ ពេលនាង​ចង់រៀនលេងហ្គីតា Wheesung ក៏បង្រៀននាងភ្លាមដោយក្ដីរីករាយ ហើយសម្លឹងតាមដាន​ពីភាពលូតលាស់របស់នាងជាប់។ ពេល​ IU ចេញមុខលើសិល្បៈដំបូង ចិត្តរបស់ Wheesung គឺចង់បើកបង្ហាញទៅកាន់ពិភពលោក ថា​នាងពិតជាមានអ្វីពិសេសក្នុងខ្លួនមែន។ សូម្បី​ស្ថិតក្នុង​ការប្រគំតន្ត្រីរបស់លោក Wheesung បាន​ឱប IU យ៉ាងណែន ព្រមទាំងណែនាំនាងតាមកម្មវិធីទូរទស្សន៍ទៀត។ ការគាំទ្ររបស់រៀមច្បងរូបនេះ ទៅកាន់ IU ពិតជាមិនតូចតាចទេ ហើយលោកកាន់តែរំភើប ពេលឃើញពីភាពជោគជ័យរបស់ IU ពីមួយថ្ងៃទៅមួយថ្ងៃ៕​​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់