• 2021-09-08 04:26:31
  • ចម្រៀង

គាំទ្រ​តារា​ចម្រៀង​​ខ្មែរក្រោម​ផង! ថាច់ សាថេន ប្ដូរ​ផ្នត់គំនិត​ក្នុង​ការ​ផលិត​បទ​ចម្រៀង​ថ្មីៗ​ទៅ​កាន់​អ្នក​គាំទ្រ

  • 2021-09-08 04:26:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​មាន​ទឹកដម​សំឡេង​ស្រទន់ និង​កាយវិការ​ស្រគត់ស្រគំ​មក​ពី​ទឹកដី​កម្ពុជា​ក្រោម លោក ថាច់ សាថេន បាន​ប្ដូរ​ផ្នត់គំនិត​លើ​ការ​ផលិត​បទ​ចម្រៀង​របស់​ខ្លួន​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន។ អ្វី​ដែល​លោក​បាន​ប្ដូរ​នោះ គឺ​ផ្អាក​ច្រៀង​ឡើង​វិញ​​ ឬcover នូវ​បទ​មរតក​ដើម ហើយ​ងាក​មក​ចម្រៀង​បទ​ដែល​និពន្ធ​ដោយ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​បំផុត។

តារា​ចម្រៀង​រូប​នេះ បាន​ប្រាប់​Sabay នៅ​ថ្ងៃ​ទី៨ ខែ​កញ្ញា ថា ដំបូង​ឡើយ​លោក​ធ្លាប់​ចម្រៀង​បទ​មរតក​ដើម ហើយ​ចេញ​តាម​Page ហូរហែ ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ​២០១៩ រូប​លោក​បាន​ផ្អាក​ការ​យក​បទ​ដែល​និពន្ធ​ដោយ​ខ្មែរ​កណ្ដាល ឬ​បទ​មរតក​ដើម​មក​ច្រៀង​ទៀត ហើយ​គិត​មក​ដល់​ពេល​នេះ​លោក​បាន​ច្រៀង​បទ​ដែល​និពន្ធ​ខ្លួន​ឯង​បាន​១១​បទ​ហើយ។

ថាច់ សាថេន៖"ខ្ញុំ​ចង់​ឲ្យ​មាន​បទ​Original Song ខ្មែរ​ក្រោម ហើយ​ចេញ​ឲ្យ​បាន​គ្រប់​ចង្វាក់​នៅ​ថ្ងៃ​ខាង​មុខ ព្រោះ​ពី​មុន​ខ្មែរ​ក្រោម​ច្រៀង​តាម​តែ​ខ្មែរ​កណ្ដាល ហើយ​មក​ដល់​ពេល​នេះ​ខ្ញុំ​និពន្ធ​បាន​៤​បទ​ទៀត​ហើយ​បង"។

លោក ថាច់ សាថេន គឺ​ជា​តារា​ចម្រៀង​ខ្មែរ​មាន​ដើម​កំណើត​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម ហើយ​បាន​ចូល​ប្រឡូក​វិស័យ​សិល្បៈ​នៅ​កម្ពុជា​ច្រើន​ឆ្នាំ​ហើយ ហើយ​កេរ្តិ៍ឈ្មោះ​របស់​លោក​ល្បី​ប្រដំប្រសងគ្នា​នឹង​តារា​ចម្រៀង​ប្រុស​ម្នាក់​មក​ពី​កម្ពុជា​ក្រោម​ដែរ គឺ​លោក ខាន់ ស៊ីអឿន ដែល​និយម​ច្រៀង​បទ​ញាក់​ជាមួយ​នាយ​ចឺម​ក្នុង​ផលិតកម្ម​សាន់ដេ។

ជាក់​ស្ដែង​លោក សាថេន ទើប​ចេញ​បទ"កំលោះ​កង់​បី" និង​បទ"កំដរ​សង្សារ​គេ"ដែល​ចេញ​លើ​Page​របស់​ខ្លួន ហើយ​មាន​អ្នក​គាំទ្រ​ច្រើន៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់