• 2021-10-01 03:22:57
  • ចម្រៀង

លោក សែម សង្វាត លាយើងទៅហើយ តែនៅអាល័យបទល្បីៗរបស់លោកកាលពីជាង១០ឆ្នាំមុន!

  • 2021-10-01 03:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងជើងចាស់ សែម សង្វាត បានចេញផុតពីវិស័យសិល្បៈខ្មែររហូតហើយ ដោយលោកបានទទួលមរណៈភាពដោយសារជំងឺមហារីកថ្លើម នៅមន្ទីរពេទ្យព្រះកុសុមៈ ឬពេទ្យលោកសង្ឃកាលពីម៉ោង១២ និង១០ រម្លងអាទ្រាធឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ នេះ។

ត្បិតថារូបកាយរបស់លោក ឃ្លាតឆ្ងាយពីប្រិយមិត្ដលែងវិលត្រឡប់ទៅហើយក្ដី ប៉ុន្ដែសំនៀងរបស់លោកជាច្រើនបទនៅតែដិតជាប់ក្នុងក្រអៅបេះដូងកូនខ្មែរ និងមិត្ដសិល្បៈរួមជំនាន់នៅឡើយ។ លោកបានបន្សល់បទទាំងនេះតាមរយៈផលិតកម្ម ស្ទឹងសង្កែ និងផលិតកម្មKH Promotion ដែលលោកធ្លាប់ច្រៀងឲ្យកន្លងមក។

ថ្ងៃនេះ Sabay សូមរំលឹកឡើងវិញនូវអត្ថន័យ នៃបទចម្រៀងល្បីរបស់លោក១បទ ក្នុងចំណោមបទមនោសញ្ចេតនាជាច្រើនទៀត នោះគឺបទ"ជីវិតកម្មករឆ្លងដែន”។ បទនេះ លោកច្រៀងឲ្យផលិតកម្មKH Promotion។

រៀមលា ឆោមឆាយ រកការងារឆ្ងាយស្រុកដែលធ្លាប់ផ្ញើសង្ខា ផ្សងវាសនា ស៊ូឃ្លាតកល្យាណ នឹករំពឹងបាន ជីវិតសុខសាន្ដឧត្ដម! កុំទឹកភ្នែក រៀមបែកពីម៉ុម នៅផ្ទះធ្វើបុណ្យ ដាក់បាត្រ បន់ស្រន់ឲ្យបងបានសុខ។

មើលថែកូន ដុសខ្លួនលប់មុខ ដាក់មុងឲ្យគេង ពេលក្រោកពីដេកញ៉ាំបាយទៅរៀន! មកដល់ដីថៃ ថ្ងៃត្រង់ក្ដៅងំ កម្មករញែកក្រុមចែកការងារ តាមលំអានរបស់មេការ មិនហ៊ានខកខាន ទោះប្រាណហេវហត់ក៏ទ្រំ! រែកដី សែងឥដ្ឋម៉ឺនដុំ មិនហ៊ានសម្រាក មិនត្អូញលំបាក នាមជាងសំណង់។

កម្មសែនក្រាស់ ប៉ះមនុស្សមិនត្រង់ គេបោកទាំងស្រុង ថៅកែសំណង់ ចិត្ដចោរអប្រិយ ឈឺចិត្ដណាស់ ណាអាណិតកូន ប្រពន្ធនៅផ្ទះ គិតយូរសែនខ្មាស អស់ញាតិទាំងស្រុក គេទាំងពួងមិនល្ងង់ដូចខ្ញុំ រស់សាន្ដសុខដុម គ្រួសារគេជុំ រកស៊ីស្រុកឯង។

លាហើយដីថៃ ថ្ងៃណាក៏ទុក្ខ មិនដែលផ្ដល់សុខឲ្យខ្ញុំ រស់ដីគេ ខុសដីខ្មែរសុខុម ភូមិដ្ឋានមនោរម្យ ធ្លាប់រស់ជុំញាតិផៅ ស្អែកទៅដល់ថើបថ្ពាល់កូនពៅ ថាឪនឹកណាស់ ឪលែងចោលផ្ទះរកស៊ីស្រុកគេ។ ឆ្លងដែនទៅ គ្មានសល់អ្វីទេ ដល់ផ្ទះទទេ គ្មានបន្សល់កេរ កម្មករឆ្លងដែន។

ក្រៅពីបទ“កម្មករឆ្លងដែន” ក៏មានបទដ៏កម្សត់របស់លោកមួយចំនួនទៀតដែរដែលប្រិយមិត្ដនៅដិតជាប់ក្នុងបេះដូង និងខ្លះបានឮឈ្មោះលោកក៏នឹកដល់បទទាំងនេះ។ នោះគឺបទ “ស្នេហ៍តែអូន” និង “រាជនីដួងចិត្ដ”។

នៅអំឡុងឆ្នាំ២០០០ លោក សែម សង្វាត និងក្រុមEv Band របស់លោកដែលមានដូចជា៖លោក ឃុំ ប៉ុណ្ណាដែត អ្នកនាង យក់ ឋិតរដ្ឋា អ្នកនាង ឱក សុគន្ធកញ្ញា និងលោក បូរ វិចិត្រ ទទួលបានការគាំទ្រខ្លាំងណាស់ពីមហាជនតាមរយៈបទចម្រៀងពួកគេ។ រីឯបទចម្រៀងទោលរបស់លោក សែម សង្វាត កាលណោះ ក៏ទទួលបានការគាំទ្រខ្លាំងណាស់ដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់