• 2021-10-04 03:10:03
  • ព័ត៌មាន

កូវីដទន្ទ្រានប្រទេសខ្លាំង ការងារក៏អស់ តែបុរសម្នាក់ប្រែវាសនាខ្លួនឯងក្លាយតារា TikTok ល្បីស្មានមិនដល់

  • 2021-10-04 03:10:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Khabane "Khaby" Lame គឺជាបុគ្គលល្បី​ឈ្មោះ​ទី២ប្រចាំ TikTok ដែល​មានអ្នក​ Follow ច្រើន​ជាងគេ​បង្អស់លើ​បណ្ដាញ​សង្គម​នេះ។ លោកគឺជា​តារា TikTok ដែល​មាន​អ្នកចាប់អារម្មណ៍​ច្រើន ដោយសារ​តែ​វីដេអូបែប​កំប្លែង​ស្ងួត មិនបាច់​និយាយ ឬធ្វើអ្វី​ហត់ក៏វីដេអូ​ផ្ទុះ​ការ​គាំទ្រ​ខ្លាំងដែរ។ ប៉ុន្តែ​ដើមហេតុដំបូង​នាំ​លោកល្បីដូចសព្វថ្ងៃនេះ មិនមែនគ្រប់គ្នា​សុទ្ធ​តែ​អាច​ស្មានត្រូវ​ពី​ខ្សែជីវិត​របស់លោកទេ។

នៅពេលប្រទេសអ៊ីតាលី រងការវាយ​ប្រហារ​ដោយ​ជំងឺឆ្លងកូវីដ-១៩​ កាលពីឆ្នាំមុន ប្រទេ​សនេះ​ក៏​សម្រេច​បិទខ្ទប់ (Lockdown) ជាបណ្ដោះអាសន្ន ជាហេតុបណ្ដាអាជីវកម្ម ក៏ដូចជាក្រុមហ៊ុនមួយចំនួន​សម្រេច​ផ្អាក​សកម្មភាព​ការងារ និង​បញ្ឈប់បុគ្គលិកខ្លះចេញ។ ស្របពេល​មាន​បញ្ហា​សេដ្ឋកិច្ចបែបនេះ Khabane Lame ក៏​ក្លាយជា​មនុស្សម្នាក់ដែលត្រូវបាត់បង់ការងារ​នៅរោងចក្រដែល​ខ្លួន​ធ្លាប់ធ្វើដែរ។

ក្រោយ​ក្លាយជា​អ្នក​ដើរទាត់ខ្យល់ លោក​ក៏បាន​ចំណាយ​ពេល​នៅតែ​ផ្ទះ​របស់​ឪពុកម្ដាយ នៅ​ Chivasso ជាមួយនឹង​បងប្អូន​ ៣​នាក់ទៀត ហើយអង្គុយឆែករកការងារ​ធ្វើតាមអ្វី​ដែល​ខ្លួនអាច​ធ្វើបាន។ ថ្ងៃមួយលោក​បាន​ Download កម្មវិធីកម្សាន្ត TikTok និង​ចាប់ផ្ដើម​លេង​ក្នុង​បន្ទប់​ ហើយបង្ហោះ​វីដេអូថតខ្លួនឯង​ហូរហែ។

មិនខុសពីតារា​ TikTok ទូទៅ​ផ្សេងទៀតទេ ដំបូង​ឡើយលោក​គ្រាន់តែ​បង្កើតវីដេអូឃ្លីបរាំ មើលវីដេអូហ្គេម ឬ​ក៏វីដេអូកំប្លែង​ផ្សេងទៀត។ បន្ទាប់​មក​នៅ​ដើម​ឆ្នាំនេះ​ ស្រាប់​តែ​លោក​ចាប់​ផ្ដើម​នឹក​ឃើញ​បង្កើតវីដេអូបែបកំប្លែង​តបនឹង​វីដេអូ Life-Hack ផ្សេងដែល​ផ្ទុះ​ពេញ TikTok។ លោកបាន​ធ្វើវីដេអូ React លើវីដេអូទាំងនោះ ហើយទទួល​បាន​មក​វិញ​នូវ​ការ​ចូលចិត្តច្រើនមិនធម្មតា។

ឈាន​ដល់ពេល​នេះ​ Lame គឺជាបុរសដែល​ល្បី​ខ្លាំង​បំផុតលើ TikTok ជាមួយនឹង​អ្នក​ Follow ចំនួន ១១៤លាននាក់ទៅហើយ ហើយមនុស្សតែ​ម្នាក់គត់ដែលនាំមុខ Lame គឺ​ អ្នករាំ​ដ៏ចំណាប់ Charli D’Amelio

អ្វី​ដែល​គួរ​ឲ្យសរសើរ​នោះ ភាពល្បី​ល្បាញ​ដែល​ Lame យុវជន​វ័យ ២១ឆ្នាំរូបនេះ​ទទួល​បាន​ គឺ​បាន​មក​ពីវីដេអូកំប្លែងបែប​ស្ងប់ស្ងាត់ ដោយមិននិយាយស្ដីសូម្បីមួយម៉ាត់ ឬ​ធ្វើកាយវិការហត់​ច្រើនក៏មានអ្នកសើចដែរ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់