• 2021-10-13 04:03:51
  • ព័ត៌មាន

អ៊ិន សុខលីដា តារា​ស្រី​ស្អាត​ដែល​មាន​រូប​រាង​ស្អាត​សម​សួន​អត់​ទាស់ បាត់​មុខ​រាប់​ឆ្នាំ តាម​ពិត​កំពុង​រស់​នៅឯនាយ​សមុទ្រ

  • 2021-10-13 04:03:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ិន សុខលីដា គឺ​ជា​តារា​ស្រី​មួយ​រូប​ដែល​មាន​រូបរាង​អំណោយ​ផល​ល្អ​កម្រ​រក​បាន ពោល​គឺ​ស្អាត​សមសួន​ល្អ​ទាំង​ព្រម។ នាង​បាន​មុខ​ពី​សិល្បៈ​ប្រមាណ ១០​ឆ្នាំ​មក​ហើយ ដោយ​ឥឡូវ​ទើប​ដឹង​ថា នាង​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក​ជាមួយ​ស្វាមី និង​កូន​ម្នាក់។

សម្អាង​លើ​រូប​រាង​អំណោយ​ផល​នោះ លីដា ត្រូវ​បាន​គេ​ដឹង​ថា​​ជា​ដៃគូ​សម្ដែង​សាក​សម​បំផុត​មួយ​ជាមួយ​លោក ព្រាប សុវត្ថិ ដែល​គេ​អាច​រក​ឃើញ​ការ​សម្ដែង​របស់​ពួក​គេ​នៅ​ក្នុង​បទ​ចម្រៀង​មួយ​ចំនួន​របស់​កំពូល​តារា​ចម្រៀង​ប្រុស មាន​ដូច​ជា​បទ "ស្រក់​ទឹក​ភ្នែក​ពី​ភ្នំពេញ​ដល់​បាត់​ដំបង" និង​បទ "យំ​ឲ្យ​ធ្លាយ​ទ្រូង​" ជា​ដើម។

ក្រៅ​ពី​នោះ​នាង​ក៏​បាន​ចូល​រួម​សម្ដែង​ក្នុង​ខ្សែភាពយន្ត និង​បទ​ចម្រៀង​របស់​ផលិតកម្ម​ជា​ច្រើន​ទៀត។ ប៉ុន្តែ​ក្រោយ​ពី​បាន​សាង​កេរ្តិ៍ឈ្មោះ​ឲ្យ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​រយៈ​ពេល​ខ្លី ស្រី​ស្អាត លីដា ក៏​បាន​បាត់​មុខ​ឈឹង​ពី​ការ​សម្ដែង​នានា។ ចុង​ក្រោយ​នេះ ក៏​ដឹង​ថា នាង​បាន និង​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក។

តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន បាន​ឲ្យ​ដឹង​ថា នាង​បាន​ចាក​ចេញ​ពី​កម្ពុជា​មក​រស់​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ ២០១០ មក​ដល់​បច្ចុប្បន្ន។ លីដា ត្រូវ​បាន​គេ​មើល​ឃើញ​ថា នាង​រស់​នៅ​យ៉ាង​មាន​សុភមង្គល​ជាមួយ​ស្វាមី និង​កូន​ ក្នុង​ជីវភាព​យ៉ាង​សមរម្យ។ ចំណុច​នេះ អតីត​តារា​ស្រី បាន​សរសើរ​សំណាង​ខ្លួន​ឯង​ដែល​ជួប​ប្រសព្វ​ជាមួយ​ស្វាមី​របស់​នាង​នា​ពេល​បច្ចុប្បន្ន។

នាង​ថ្លែង​ថា "ជីវិតរស់នៅប្រទេសអាមេរិករបស់ខ្ញុំមានសំណាង ក៏ដោយសារស្វាមុីរបស់ខ្ញុំ! បើគ្មានគាត់ទំនុកបម្រុង​នឹងណែនាំផ្លូវ និង​ការខិតខំប្រឹងប្រែងធ្វើការទាំងពីរនាក់ប្តីប្រពន្ធ ក៏យើងគ្មានថ្ងៃនេះដែរ!”។

អ៊ិន សុខលីដា គឺ​ជា​អតីត​បវរកញ្ញា​ទេសចរណ៍​ឆ្នាំ ២០០៣ ហើយ​នាង​បាន​ផ្ដើម​អាជីព​សិល្បៈ​ទាំង​ដែល​ខ្លួន​គ្មាន​ជំនឿ​ និង​មិន​បាន​ព្រៀង។ លីដា ប្រាប់​ថា នាង​មិន​មាន​ទេពកោសល្យ​ក្នុង​ការ​សម្ដែង​ទេ និង​ក៏​មិន​ចង់​សម្ដែង​ដែរ ប៉ុន្តែ​ភាព​ចៃដន្យ​បាន​នាំ​នាង​ដើរ​លើ​វិថី​សិល្បៈ។

"បន្ទាប់មកពីប្រឡងបវកញ្ញាអន្តរជាតិនៅប្រទេសម៉ាឡេសុី វិញក៏មានការចុះផ្សាយព្រោងព្រាតពីខាងទស្សនាវដ្ដី កាសែត...ថ្ងៃមួយក៏មានខាងក្រុមហ៊ុនមួយអញ្ជើញខ្ញុំទៅធ្វើ Even ជាមួយបងប្រុស ព្រាប សុវត្ថិ. ពេលនោះបងប្រុស ព្រាប សុវត្ថិ បានសាកសួរចង់អញ្ជើញខ្ញុំអោយចូលរួមថតបទចំរៀងរបស់គាត់! ខ្ញុំប្រាប់គាត់ថាខ្ញុំអត់ចេះសម្តែងទេ! តែគាត់ចង់អោយខ្ញុំសាកល្បងសិនទៅ!”។

ក្រោយ​បាន​ការ​លើក​ទឹកចិត្ត​ពី​លោក ព្រាប សុវត្ថិ រួច​មក សុខលីដា ក៏​បាន​បោះជំហាន​ចូល​ការ​សម្ដែង ដោយ​បាន​សម្តែងខារ៉ាអូខេ​លើកដំបូង​ជាមួយ​កំពូល​តារា​ប្រុស​ក្នុងបទ "ស្រក់ទឹកភ្នែកពីភ្នំពេញទៅបាត់ដំបង" បន្ទាប់ពីនោះក៏​បាន​បន្ត​សម្តែងជាច្រើនអោយផលិតកម្មក្នុង និងក្រៅស្រុក។

ក្រោយ​ពី​កសាង​កេរ្តិ៍​ឈ្មោះ​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍ អ៊ិន សុខលីដា បាន​បន្សាត់​ខ្លួន​ចេញ​ពី​សិល្បៈ​អំឡុង​ឆ្នាំ ២០១០ ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក និង​បាន​ជួប​ប្រសព្វ​នឹង​ស្វាមី​ដែល​នាង​អះអាង​ថា ជា​ផ្ដល់​សំណាង​ថ្មី​មក​ឲ្យ​នាង។ បច្ចុប្បន្ន អ៊ិន សុខលីដា មិន​បាន​បន្ត​អាជីព​សិល្បៈ​ទៀត​ទេ ប៉ុន្តែ​នាង​ជា​ម្ចាស់​អាជីវកម្ម​ផលិតផល​ថែ​រក្សា​សម្រស់​មួយ ដែល​ធានា​ដល់​ជីវភាព​របស់​នាង និង​ក្រុម​គ្រួសារ​អាច​រស់​នៅ​សុខ​ស្រួល​បាន៕

អត្ថបទ៖ ទារិកា

មតិយោបល់