• 2021-12-21 00:20:00
  • ព័ត៌មាន

ចម្រៀង ៧បទ ស្នាដៃនិពន្ធ និងច្រៀងផ្ទាល់ដោយ IU ស្ដាប់ហើយ ទុក្ខសោករលាយអស់ដូចទឹកកកត្រូវថ្ងៃ

  • 2021-12-21 00:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​សំឡេងពីរោះស្រទន់ IU ក៏​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ដែលតែង​ទទួល​បាន​ការ​គោរព​ផង​ដែរ ពីសំណាក់តារាៗរួមអាជីព ព្រមទាំងអ្នកគាំទ្រទាំងអស់ ដោយសារតែគ្រប់បទចម្រៀង​នាងតែងបង្កប់​សារ​ដ៏​មាន​អត្ថន័យ​ដែល​នឹង​ធ្វើ​ឲ្យ អ្នក​យល់ពីអត្ថន័យនៃ​​ការ​ស្រលាញ់​ពី​គ្រប់​ជ្រុងទាំងអស់។

ដោយឡែក ទាំងនេះ​ជា​បទ​ចម្រៀង​លួងលោមដែល​អ្នក​ប្រហែល​ជា​មិន​បាន​ដឹងទេ​ថា សុទ្ធតែជាបទដែល​ត្រូវ​បាន​និពន្ធ​ផ្ទាល់ដោយ​តារា​ស្រី​ដែល​មាន​រហស្សនាម «Nation’s Sweetheart» រូបនេះ៖

១. បទ «Through the Night»

បទ​នេះ​និពន្ធ​ដោយ IU ហើយ​រៀបរាប់​ពី​ដំណើរ​ស្វែង​រក​ពាក្យសមរម្យណាមួយ ​ដើម្បី​សារភាព​ស្នេហ៍​ ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​នៅវេលា​យប់ជ្រៅ។

២. បទ «Strawberry Moon»

IU ចង់​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់នាង​ក្នុង​ការ​ចេញ​បទ​ចម្រៀង​ដែល​អាច​ផ្តល់​ទាំង​សុភមង្គល និង​ការលួង​លោម​អារម្មណ៍​ ដល់​អ្នក​ស្តាប់​ ពេលស្រមៃដល់រឿងស្នេហា។

៣. បទ «Peach»

បទ​ចម្រៀង​នេះ​កាន់​តែ​ពិសេស​នៅ​ពេល​ដែល​ IU បង្ហើប​ថា​នាង​និពន្ធវា ពេល​គិត​ដល់មិត្តសំណព្វ Sulli ព្រោះ​អ្នកគាំទ្រតែងហៅនាងថា "Peach Sulli"។

៤. បទ «Hold My Hand»

វា​មិន​ត្រឹម​តែ​ផ្តល់​នូវ​ការ​លួងលោម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បទនេះ​ក៏បាន​លើក​ទឹក​ចិត្ត​អ្នកស្តាប់​ឱ្យ​សន្សំ និងឲ្យតម្លៃ​ពេល​វេលា ហើយបើអាច គួរ​បញ្ចេញនូវអ្វី​គ្រប់យ៉ាង​ដែល​អ្នក​មាន​នៅ​ក្នុងចិត្ត​ ដើម្បី​ដឹង​ពី​ចិត្ត​ពិត​របស់​មនុស្សដែល​អ្នកស្រលាញ់ ព្រោះវាល្អជាងលាក់មិនប្រាប់។

៥. បទ «Ending Scene»

ថ្វី​ត្បិត​បទនេះជាបទ​ខូចចិត្ត ប៉ុន្តែ​ "Ending Scene" គឺ​ជា​បទចម្រៀង​មួយ​បទ​ដែល​អ្នក​អាច​ស្តាប់​បាន​ នៅ​ពេល​ដែល​អ្នក​ត្រូវការ​រំលឹក​ខ្លួន​ឯង​ថា អ្នក​ត្រូវ​បោះបង់​នរណាម្នាក់ចោល​ ឬអ្វីមួយ​ដែល​មិន​មាន​ន័យ​ពិត​ប្រាកដ​សម្រាប់​អ្នក។

៦. បទ «Dear Name»

សារក្នុង​បទ​នេះ​ក៏​មាន​គោល​បំណង​ចង់​ដាស់​តឿន​អ្នក​ស្តាប់​ពី សារជាតិរបស់​មនុស្សថា ទោះ​បី​ជា​មាន​ភាព​ស្រដៀង​គ្នា និង​ខុសគ្នា​ក៏​ដោយ​ គ្រប់គ្នានៅតែជា​មនុស្ស ហើយ​អ្នក​គឺ​ជា​តួអង្គសំខាន់​ក្នុង​ជីវិត​របស់អ្នក។

៧. បទ «Eight»

យ៉ាង​ណា​ក៏​ដោយ ចម្រៀង​នឹង​រំលឹក​អ្នក​ថា ទោះ​បី​ជា​មាន​ការ​លំបាក​ក៏​ដោយ វា​នឹង​មាន​កន្លែង​មួយ​ដែល​អ្នក​អាច​សម្រាក និង​មានអារម្មណ៍សប្បាយ​ចិត្ត ហើយ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​នៅ​ក្មេង​ជា​រៀង​រហូត៕

ប្រភព៖ kpopstarz ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់