• 2022-01-07 01:45:00
  • ព័ត៌មាន

ធ្លាប់តែលេចហើបៗក្នុងវិស័យសិល្បៈ ឥឡូវ ប៊ុន សំបូរ ត្រៀមចេញបទជាច្រើនជាមួយផលិតកម្មសុរិន្ទ

  • 2022-01-07 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងលេចហើបៗក្នុងវិស័យសិល្បៈ លោក ប៊ុន សំបូរ កំពុងព្យាយាមរក្សាលំនឹងក្នុងអាជីពចម្រៀងរបស់ខ្លួន ដោយកន្លងមកបទចម្រៀងរបស់លោកទាំងOriginal songs ទាំងច្រៀងឡើងវិញនូវបទមរតកដើម សុទ្ធតែទទួលបានការគាំទ្រច្រើនពីមហាជន ប៉ុន្ដែគេមិនស្គាល់រូបលោក។

តាមរយៈបទសម្ភាសន៍ខ្លីមួយជាមួយSabay កាលពីរសៀលថ្ងៃទី៦ ខែមករា លោក ប៊ុន សំបូរ បញ្ជាក់ថា រូបចាប់ផ្ដើមសហការផលិតបទចម្រៀងទាំងខ្មែរកណ្ដាល និងខ្មែរសុរិន្ទ ជាមួយផលិតកម្មល្បីឈ្មោះមួយនៅខេត្ដសុរិន្ទ។ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ បទចម្រៀងថ្មីៗរបស់លោកនឹងចេញជាផ្លូវការ ហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងពេញចិត្ដ ហើយបន្ដការគាំទ្រ។

លោក ប៊ុន សំបូរ៖ “និយាយទៅខ្ញុំ ចូលសិល្បៈតាំងពីឆ្នាំ២០១០ ហើយបទល្បីរបស់ខ្ញុំកាលណោះ...គឺបទ"ឈប់យំទៅអូន” តែមកដល់ចុងឆ្នាំ២០២០ ខ្ញុំមានបទល្បីមួយទៀត គឺបទ "ប៉ូលិសព្រំដែន” ទើបធ្វើឲ្យខ្ញុំមានកម្លាំងតស៊ូទៅមុខទៀត”។

បើតាម ប៊ុន សំបូរ រយៈពេល៤ឆ្នាំ នៃការប្រឡូកក្នុងអាជីពចម្រៀងមិនសូវគេស្គាល់លោកច្រើនទេ ហើយរកលុយក៏មិនសូវបានពីអាជីពនេះ ទើបនៅឆ្នាំ២០១៤ លោកសម្រេចដើរចេញពីសិល្បៈមួយរយៈ ប៉ុន្ដែក្រោយមក ពោលគឺនៅឆ្នាំ២០១៨ លោកបានត្រឡប់មកប្រឡូកក្នុងសិល្បៈម្ដងទៀត ហើយសន្ទុះនៃការគាំទ្រក៏ហក់ឡើងនៅចុងឆ្នាំ២០២០ បន្ទាប់ពីលោកចេញបទចម្រៀងមួយបទក្រោមចំណងជើងថា “ប៉ូលិសព្រំដែន”។

តារាចម្រៀងមានស្រុកកំណើតនៅខេត្ដបន្ទាយមានជ័យ រូបនេះ ធ្លាប់ចូលរួមច្រៀងក្នុងកម្មវិធីប្រគុំតន្ដ្រីទាំងផ្លូវរដ្ឋ និងឯកជន ព្រមទាំងបានច្រៀងក្នុងកម្មវិធី“ចម្រៀងគ្រួសារខ្មែរ”ទៀតផង។ បទចម្រៀងល្បីៗរបស់លោក គឺមានដូចជា៖ បទ“ទឹកភ្នែកកូនអ្នកក្រ” “ប៉ូលិសព្រំដែន” បទខ្មែរសុរិន្ទ “រដូវភ្លៀងធ្លាក់” អន្ទិតសឹកថ្មី និងបទ “ឈប់យំទៅអូន” ជាដើម៕

ជិន សុភ័ក្ដ្រ

មតិយោបល់