• 2022-01-16 04:27:07
  • ព័ត៌មាន

កតញ្ញូបំផុត! ឱក សុគន្ធកញ្ញា ទៅក្រាបសំពះដល់បាតជើងដឹងគុណអ្នកមានគុណទី ២ ក្នុងថ្ងៃពិសេស

  • 2022-01-16 04:27:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបីពេល​នេះ ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀង​យុវវ័យ ប៉ុន្តែ​យ៉ាងណាអ្នកនាងក៏ជាអតីតនាថការីរបាំបុរាណម្នាក់ ដែលទទួល​បាន​ការបណ្ដុះបណ្ដាលពីលោកគ្រូ អ្នកគ្រូជា​ច្រើននាក់។ គុណដែល​លោកទាំងអស់មាន​ចំពោះ​នាង កញ្ញាពិតជា​ចងចាំ និងតែងគោរពដឹងគុណគ្រប់ពេល។

ដូចកាល​ពីថ្មីៗនេះ​ ស្ថិតក្នុងពិធីចម្រើនជន្មាយុរបស់វីរសិល្បករ ព្រឿង ឈាង តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បាន​ទៅចូលរួម និង សម្ដែង​ការគោរពដោយស្មោះទៅកាន់លោក ក៏ដូចជាលោកគ្រូ អ្នកគ្រូផ្សេងទៀតដែល​បាន​បង្ហាត់បង្រៀននាង និងកូនខ្មែរជា​ច្រើននាក់ទៀតនូវមូលដ្ឋានគ្រឹះ និងធ្វើជាប្រទីបបំភ្លឺផ្លូវ ឈានមករកភាពជោគជ័យរៀងៗខ្លួនដូចថ្ងៃនេះ។

រូបភាព​ជា​ច្រើន​សន្លឹកត្រូវ​បាន​បង្ហោះ ដោយក្នុងនោះ កញ្ញា ក៏បាន​សរសេរនូវអារម្មណ៍ពិតចេញពីការគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់ចំពោះ លោកគ្រូអ្នកគ្រូទាំងអស់ដែលនាង​ចាត់ទុកជាឪពុកម្ដាយទី ២របស់ខ្លួនដែរថា៖ «ក្នុងនាមកូនជាសិល្បៈការិនីមួយរូបនិងជាអតីតនាថការីរបាំ កូនពិតជារំភើបសម្រាប់ថ្ងៃនេះដែលកូនបានមានឱកាសក្រាបសំពះស្រង់ទឹកជូនលោកគ្រូដែលជាឳពុកម្តាយទី២ជាការគោរពដឹងគុណបំផុតនូវការលះបង់ស្ទើរពេញមួយជីវិតដើម្បីសិល្បៈវប្បធម៍ជាតិនិងជាពិសេសបង្ហាត់បង្រៀន ផ្ទេរចំណេះជំនាញដល់សិស្សៗគ្រប់រូបឥតហត់នឿយទោះលោកមានព្រះជន្មច្រើនហើយក៏ដោយ។ ថ្ងៃនេះកូនពិតជារំភើបដែលបានរួមចំណែកក្នុងកម្មវិធីចម្រើនព្រះជន្មលោកគ្រូក៏ដូចជាការគោរពដឹងគុណគ្រូដ៏មានអត្ថន័យបំផុត កូនសូមបួងសួងវត្ថុសក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាលោកគ្រូអ្នកគ្រូជាវីរសិល្បករជា"មរតកមនុស្សរស់" សូមលោកមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ជាម្លប់នៃកូនៗជាសិល្បករបន្តវេណនិងក្នុងបុព្វហេតុរក្សាវប្បធម៌នៃដួងព្រលឹងជាតិខ្មែរ។ ឆ្លៀតក្នុងឱកាសនេះកូនសូមគោរពអរគុណ និងគោរពដឹងគុណអ្នកគ្រូឃួន អ្នកគ្រូមុំ និងលោកគ្រូអ្នកគ្រូទាំងអស់ដែលលោកបានបង្ហាត់បង្រៀនខ្ញុំ ដែលលោកទាំងអស់ ជាប្រទីបបំភ្លឺផ្លូវជាការផ្តល់មូលដ្ឋានគ្រឹះ និងជាចំណែកដ៏ធំដែលធ្វើអោយកូនមានថ្ងៃនេះ ។ កូននឹងចងចាំនូវរាល់បណ្តាំលោកគ្រូអ្នកគ្រូ រួមថែរក្សាសិល្បៈ វប្បធម៌ ក្នុងទម្រង់ជាខ្មែរ ​" បុរាណមិនយឺត សម័យមិនបរទេស" ដោយក្តីគោរពដឹងគុណពីកូន ១៥.០១.២០២២»

ជាការពិត ឱក សុគន្ធកញ្ញា ឈានជើងចូលសិល្បៈដំបូង គឺត្រឹមជាកុមារីតូចដែល​ហាត់រៀនរាំរបាំបុរាណ ក្រោមការបណ្ដុះបណ្ដាលពីលោកគ្រូអ្នកគ្រូ មានន័យថាកុមារភាពរបស់នាងគឺនៅជាមួយសិល្បៈបុរាណរាល់ថ្ងៃ។ រហូត​ដល់ចម្រើនវ័យបន្តិច នាង​ក៏បានចូលប្រឡូកក្នុងវិស័យចម្រៀង ផ្អែកលើដុងមានពីកំណើតផង ហើយក៏តស៊ូពុះពារគ្រប់ឧបសគ្គ ជម្នះទាល់តែបាន​ក្លាយជាតារាចម្រៀងក្នុងចិត្តយុវវ័យ និងល្បីឈ្មោះ​មិនធម្មតាដូចបច្ចុប្បន្ននេះ៕

អត្ថបទ៖ យី សុធារី

មតិយោបល់