• 2022-04-19 04:35:02
  • ចម្រៀង

បទ“អូនលែងប្ដីហើយ” មិនទាន់អស់ចំហាយល្បី ការជជែកគ្នាក៏នៅតែបន្ដ ឥឡូវដល់ប្អូនស្រី ខាត់ សុឃីម ម្ដង

  • 2022-04-19 04:35:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ“អូនលែងប្ដីហើយ” ច្រៀងដោយតារាចម្រៀងពហុជំនាញ ខាត់ សុឃីម ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំ២០២២ ទើបបញ្ចប់ទៅកាលពីថ្ងៃម្សិលម៉្ងៃនេះ មិនទាន់អស់ចំហាយល្បីនៅឡើយទេ។ ពិធីបុណ្យចូលឆ្នាំ បានបញ្ចប់ទៅហើយក៏ពិតមែន តែមតិចម្រូងចម្រាសលើខ្លឹមសារបទនេះមិនទាន់ចប់នៅឡើយទេ។

ខណៈនៅមានការជជែកគ្នាលើរឿងនេះ អ្នកលេងបណ្ដាញសង្គមម្នាក់ឈ្មោះ ឈួរ សុបញ្ញា ក៏លើកឡើងថា “អូនលែងប្តីហើយ” ជាចម្រៀងឆ្នាំខ្លា តែលោកយល់ថា វាជាបទមួយមិនសមរម្យនោះទេ ហើយមើលទៅហាក់បង្អាប់តម្លៃស្រ្តីខ្មែរ ជាពន្លឹក ព្រោះថាស្រ្តីខ្មែរមិនមែនលែងប្តីហើយដើរប្រកាសប្រាប់គេឯង ហើយប្រកាសរកសង្សាថ្មីដូចនៅក្នុងបទចម្រៀងនោះទេ។

លោកបន្ថែមថា វាហាក់ប្រមាថដល់តម្លៃសង្គមកម្ពុជា ដែលរាជរដ្ឋាភិបាលបាន និងកំពុងលើកតម្កើងតម្លៃស្រ្តី និងសីលធម៌សង្គម។ យើងមានសិទ្ធិនិពន្ធ តែការនិពន្ធត្រូវគិតពីតម្លៃសង្គម សីលធម៌ វប្បធម៌ ប្រពៃណី និងមរតកជាតិ កុំដើម្បីតែប្រាក់ធ្វើតាមចិត្តភ្លេចអស់រសនិយម និងតម្លៃជាតិ។

លោក ឈួរ សុបញ្ញា៖ “ចំពោះខ្ញុំសូមប្រកាសថ្កោលទោសដល់អ្នកនិពន្ធបទនេះ ព្រោះវាមានចរិតប្រមាថស្រ្តីខ្មែរ និងផ្សព្វផ្សាយអំពើ ហឹង្សាក្នុងគ្រួសារ”។

ឆ្លើយតបនឹងការលើកឡើងរបស់លោក ឈួរ សុបញ្ញា មានមតិជាច្រើនបានឯកភាពចំពោះការលើកឡើងរបស់លោក ប៉ុន្ដែក៏មានមតិខ្លះទៀតយល់ថា វាគ្រាន់តែជាការផលិតឡើងដើម្បីកម្សាន្ដអារម្មណ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ហើយអ្នកខ្លះទៀតក៏យល់ថា វាក៏បានបង្កប់នូវគំនិតអប់រំខ្លះដែរ។

ទន្ទឹមគ្នានេះប្អូនស្រីពៅរបស់តារាចម្រៀង ខាត់ សុឃីម គឺអ្នកនាង ខាត់ ណាចា យល់ថា មនុស្សប្រុសភាគច្រើនស្រលាញ់កិត្តិយស មិនចង់ឲ្យគេមើលងាយ ឬជេរ និងដឹងរឿងផ្ទៃក្នុងរបស់ខ្លួន ឬគ្រួសារខ្លួនទេ តែចូលចិត្តប្រព្រឹត្តរឿងខុស ធ្វើរឿងអាប់ឱនកេរ្ដិ៍ឈ្មោះ។

ខាត់ ណាចា៖ “និយាយងាយយល់ គឺស្រលាញ់កិត្តិយស តែចូលចិត្តធ្វើខ្លួនឲ្យគេមើលងាយ ហើយប្រឹងលាក់។ មនុស្សស្រីលែងប្ដីហ៊ានប្រកាសថាខ្លួននៅទំនេរ ខុស នឹងអស់តម្លៃត្រង់ណា? ចង់ឲ្យលាក់ដូចមនុស្សប្រុសមានស្រីក្បត់ប្រពន្ធ ទើបមានតម្លៃ?”។

ផលិតកម្ម Davitra-Meadia បានផលិតMV បទ “អូនលែងប្ដីហើយ” ហើយដាក់នៅលើបណ្ដាញសង្គមជាផ្លូវការកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។ បទនេះ និពន្ធទំនុកច្រៀង និងភ្លេងដោយ គិន កក្កដា និងច្រៀងដោយតារាចម្រៀងស្រីសម្បូរវោហារ ខាត់ សុឃីម។

បន្ទាប់ពីចេញបទនេះ មានការគាំទ្រក៏ច្រើន ហើយការរិះគន់ក៏ច្រើន តែយ៉ាងណាតំណាងផលិតកម្ម បានលើកឡើងយ៉ាងខ្លីថា អគុណបងប្អូនទាំងអស់គ្នា សម្រាប់ការគាំទ្រ និងការបញ្ចេញមតិរិះគន់ក្នុងន័យកែលម្អរ និងមតិសរសើរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់