• 2022-05-23 03:52:18
  • ព័ត៌មាន

បេក្ខភាពសប្ដាហ៍ថ្មីធ្វើឲ្យ Judge ណុប​ បាយ៉ារិទ្ធ ភាំងដូចចុចស្កុប ពេលដើរចូលបន្ទប់ប្រកួត

  • 2022-05-23 03:52:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈានចូលសប្ដាហ៍ទី ៣នៃកម្មវិធី Cambodian Idol រដូវកាលទី ៤ អ្នកតាមដានកាន់តែជក់ចិត្ត និងចង់ឃើញការបង្ហាញសមត្ថភាពរបស់បេក្ខភាពទាំងឡាយដែល​បាន​ចូលរួម​ជាបន្ត។ អ្វី​ដែល​សំខាន់ គ្រប់គ្នា​ពិតជា​ចង់ដឹង​ថា នៅសប្ដាហ៍ថ្មីនេះ​អ្នកណា ដែលធ្វើឲ្យគណៈកម្មការភ្ញាក់ផ្អើលខ្លះ?

១. ចំរើន ដារ៉ា អាយុ ២៦ឆ្នាំ មកពីរាជធានីភ្នំពេញ

វត្តមានរបស់ ដារ៉ា ក្នុងថ្ងៃនេះ​ពិតជា​ធ្វើឲ្យ គណៈកម្មការ ណុប​បាយ៉ារិទ្ធិ ភ្ញាក់ផ្អើលបំផុត ព្រោះតែស្គាល់គ្នា។ អ្វីដែល​កាន់តែស្មានមិនដល់នោះគឺ ដារ៉ា គឺជាប្អូនប្រុសរបស់តារាចម្រៀង ចំរើន សុភា និងចំរើន សុភ័ក្ត្រ។ ជាមួយគ្នានោះ លោក ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាសិល្បករសិល្បៈចម្រុះ ហើយដោយសារចង់ឃើញការសម្ដែងរបស់ ដារ៉ា ក្រៅពីច្រៀង គណៈកម្មការក៏បានសំណូមពរឲ្យលោកសម្ដែងរបាំសហសម័យដែរ។

២. ស៊ីម ម៉ាការ៉ាត់ពេជ្រចរណៃ អាយុ ២១ឆ្នាំ មកពីសហរដ្ឋអាមេរិច

ដ្បិតមាន​ឈ្មោះជាបវរកញ្ញា Miss Universe ២០២១ ប៉ុន្តែក្នុងបេះដូងរបស់ចរណៃ គឺដក់ជាប់ជាមួយនឹង​វិស័យចម្រៀងតាំងពីដើមមកម្ល៉េះ។ យ៉ាងណាមិញ គ្រាន់តែដើរចូលក្នុងបន្ទប់ប្រកួត កូនកាត់ ៣សាសន៍ (ខ្មែរ-ចិន-អាមេរិក) រូបនេះ​ធ្វើឲ្យគណៈកម្មការ ណុប បាយ៉ារិទ្ធិ បើកភ្នែកសស្លែតតែម្ដង ព្រោះ​ស្គាល់នាងច្បាស់ថា​ជា Miss Universe Cambodia ម្នាក់ដែរ។

ដល់ពេលបង្ហើបពីប្រវត្តិគ្រួសារ នាង​បាន​ធ្វើឲ្យគ្រប់គ្នាភ្ញាក់មួយតង់ទៀត ដោយឲ្យដឹងថាម្ដាយរបស់នាងគឺជាអតីតបវរកញ្ញាម្នាក់ដែរ គឺអ្នកស្រី ណឹប កេសី។ សម្រស់ និងប្រវត្តិរូបគឺជារឿងពិសេសមួយ ប៉ុន្តែសមត្ថភាពច្រៀងរបស់នាងក៏មិនធម្មតា រហូតទាក់ចិត្តគណៈកម្មការ ឲ្យត្រូវតែឆ្លើយថា Yes ទទួលនាងទៅវគ្គបន្តទាល់ តែបាន។

៣. វ៉ៃ សម្បត្តិសក្កដា អាយុ ២២ឆ្នាំ មកពីរាជធានីភ្នំពេញ

សក្កដា គឺជាយុវជន​ដែល​បាន​ទទួល​បទពិសោធច្រើន ពិសេសក្នុងពិភព K-Pop លោក​លោកធ្លាប់ជាអ្នកហ្វឹកហាត់ K-Pop នៅក្នុងប្រទេសកូរ៉េ ដើម្បីចេញមុខក្នុងវិស័យនេះ ប៉ុន្តែដោយសារបញ្ហាផ្លូវចិត្ត ទើបម្ដាយសម្រេចឲ្យលោកនៅខ្មែរវិញ។ ជាលទ្ធផលនៅក្នុងការបង្ហាញសមត្ថភាពនៅមុខគណៈកម្មការពេលនេះ សក្កដា ធ្វើបានល្អ​រហូតទទួល​បាន​ Yes ដល់ទៅ ៤ និងត្រូវត្រៀមខ្លួនទៅវគ្គបន្ត៕

អត្ថបទ៖ ធារី

មតិយោបល់