• 2022-06-07 02:20:41
  • ព័ត៌មាន

បង្ហាញមុខនារីពូកែម្នាក់ដែលនៅពីក្រោយជោគជ័យនៃរឿងភាគខ្មែរនៅភីអិនអិន

  • 2022-06-07 02:20:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរទស្សន៍ ភីអិនអិន មានយុទ្ធសាស្ត្រខ្ពស់ និងយូរអង្វែងក្នុងការបង្កើតរូបភាពថ្មីពេញទៅដោយគុណតម្លៃសម្រាប់ភាពយន្តខ្មែរ ហើយនេះមិនមែនអាចទទួលបានលទ្ធផលដោយចៃដន្យនោះទេ។

កញ្ញា ទូច បុប្ផា អ្នកគ្រប់គ្រងកម្មវិធីផ្សាយ និងគ្រប់គ្រងការផលិតភាពយន្តខ្មែរ ក៏ជាអ្នកផ្តើមគំនិតលើខ្សែរឿងភាគ សេរ៊ី របស់ទូរទស្សន៍ដ៏មានប្រជាប្រិយភាពមួយនេះ បានលើកឡើងថា ចំណុចសំខាន់ក្នុងជម្រុញគុណភាពភាពយន្តខ្មែរ គឺការស្វែងរកមនុស្សដែលមានចក្ខុវិស័យច្បាស់ មានជំនាញ មានបេះដូងស្រលាញ់វិស័យផលិតភាពយន្តនេះដ៏ពិតប្រាកដ ហើយអនុញ្ញាតឱ្យពួកគេមានសេរីភាពធ្វើការតាមរបៀបពួកគេ ឬតាមការច្នៃប្រឌិតថ្មី បានជាសាច់រឿង និមួយៗមានការផ្លាស់ប្តូរដ៏អស្ចារ្យមិនច្រំដែល ស្មានមិនដល់និងមិនស្រដៀងបន្លំជាមួយអ្នកណាទាំងអស់ ហើយខាងស្ថានីយ៌ទូរទស្សន៌ត្រូវបើកចិត្ត អោយបានទូលាយក្នុងការសហការផ្សព្ធផ្សាយភាពយន្តនោះ។

កញ្ញាគូសបញ្ជាក់បែបនេះ កាលក្នុងកម្មវិធីសម្ពោធនូវខ្សែរឿងភាគទូរទស្សន៍ដ៏សម្រិតសម្រាំងជំនាន់ទីបី ក្រោមចំណងជើងដ៏មានប្រជាប្រិយភាពរបស់ខ្លួនគឺ រឿង«រសជាតិអ្នកមាន»វគ្គ ហេឡូអ្នកម៉ាក់។

អ្នកគ្រប់គ្រងកម្មវិធីផ្សាយ និងគ្រប់គ្រងការផលិតភាពយន្តខ្មែររូបនេះបញ្ជាក់បន្ថែមថា ៖ «ពីមួយឆ្នាំទៅមួយឆ្នាំ គ្រប់ផែនការទាំងផលិត និងផ្សាយ ត្រូវបានធ្វើឡើងដោយគណៈកម្មាការដែលត្រូវបានបង្កើតឡើងផ្តុំដោយអ្នកនិពន្ធ ផលិតករមានទេពកោសល្យ និងក្រុមដែលមានឆន្ទះចង់ឃើញការរីកចម្រើនលើវិស័យនេះ! ក្នុងការផលិតទូរទស្សន៍ដ៏អស្ចារ្យមួយទាមទារមូលដ្ឋានគាំទ្រច្រើន ទាំងធនធានមនុស្ស ថវិកា កម្លាំងចិត្តនិងការមានយុទ្ធសាស្ត្រមេច្បាស់លាស់ដែរ! ហើយនៅភីអិនអិនយើងខ្ញុំយកចិត្តទុកដាក់ណាស់លើការងារនេះ»។

រឿងភាគសេរ៊ី រសជាតិអ្នកមាន ដ៏ល្បីរបស់ទូរទស្សន៍ភីអិនអិនដែលជារឿងខ្មែរឆ្លុះបញ្ចាំងពីការតស៊ូកែប្រែកម្រិតសមត្ថភាពសង្គមរបស់ស្ត្រីពីទន់ជ្រាយមករឹងប៉ឹង មិនស្ងៀមស្ងាត់ចំពោះអំពើហិង្សានិងគំនាប អាពាហ៏ពិពាហ៍ពោរពេញដោយភាពផិតក្បត់ ជាស្នាដៃថ្មី នៃអ្នកនិពន្ធនិងដឹកនាំរឿងដ៏មានកេរ្តិឈ្មោះ គឺលោកស្រី ពាន់ភួង បុបា្ជ។

កញ្ញា ទូច បុប្ផា បញ្ជាក់ឱ្យដឹងថែមទៀតថា ភី អិន អិន បានធ្វើការប្រមូលផ្តុំអ្នកនិពន្ធ និង អ្នកដឹកនាំរឿងសំខាន់ៗក្នុងប្រទេស មកបែងចែកគ្នាដើម្បី អភិវឌ្ឍការងារនេះពីមួយឆ្នាំទៅមួយឆ្នាំជានិច្ច ។ «យើងចង់ធ្វើអ្វីៗដែលយើងមិនធ្លាប់ឃើញពីមុនមក! បើធ្លាប់ឃើញពីមុនហើយទស្សនិកជនលោកមិនចំណាយពេលមើលទៀតទេ»។

កញ្ញាឱ្យដឹងលំអិតបន្ថែមដែរថា ឧស្សាហកម្មកម្សាន្តគឺជាបេសកកម្មការងារដ៏លំបាកមួយ ក្នុងការប្រជែង ខណៈដែលទីផ្សារភាពយន្តក្នុងស្រុកមានភាពតូចចង្អៀត និងធនធានផ្នែកនេះមានការរីកលូតលាស់យឺត ដូច្នេះ ប្រតិបត្តិករទូរទស្សន៍ត្រូវតែស្វែងរកគំនិតថ្មីៗមិនឈប់ឈរទេ និងឆន្ទះដ៏ពិតប្រាកដក្នុងជំរុញ និងលើកស្ទួយនូវវិស័យមួយនេះ ដោយមិនគិតតែពីកំរៃចំណេញតែមួយមុខឡើយ ។

«ដូចជា រឿងភាគខ្មែរយើង ប្រសិនបើយើង មានគំនិតថ្មី រួមបញ្ចូលធាតុសំខាន់ៗដូចជា តួអង្គ សាច់រឿង គ្រោងស្គ្រីបមានការច្នៃប្រឌិត ឡូយឆាយ និងទាន់សម័យកាល និងរចនាសម្ព័ន្ធរឿងសាមញ្ញស្រួលយល់មិនស្មុគស្មាញ ជម្លោះដែលទាក់ទាញអ្នកមើលតែមានដំណោះស្រាយ សបស្របផង។»

ជាមួយនឹងគម្រោងរឿងភាគខ្មែរធំៗជាច្រើនសម្រាប់ឆ្នាំនេះ ទូរទស្សន៍ ភីអិនអិន នឹងចាក់ផ្សាយកម្រងភាពយន្ត រឿង «រសជាតិអ្នកមាន» វគ្គ ហេឡូអ្នកម៉ាក់ នៅរៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហ វេលាម៉ោង ៨ ដល់ ៩យប់ ចាប់ពីថ្ងៃទី ០៦ ខែមិថុនាតទៅ៕

មតិយោបល់