• 2022-08-02 08:18:33
  • ព័ត៌មាន

ក្រុមនាយពាក់មី បន្ដចាប់ដៃគ្នាថតឲ្យក្រុមហ៊ុនថ្មី ស្រាប់តែលេចដំណឹងនាយក្ដីវិលចូលសិល្បៈវិញដែរ

  • 2022-08-02 08:18:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក្ដី ដែលមានឈ្មោះពិត ឈុន សុវណ្ណភក្ដី ប្រកាសចូលសិល្បៈវិញ បន្ទាប់ពីដកខ្លួនពីអាជីពសម្ដែងជាង ៣ឆ្នាំ ដោយសារបញ្ហាជំងឺកូវីដ-១៩ ព្រមទាំងរវល់នឹងការងារលក់កង់ និងបើកភោជនីយដ្ឋានមួយនៅខេត្ដកំពង់ស្ពឺ។

នាយក្ដី បានប្រាប់Sabay នៅរសៀលថ្ងៃទី២ ខែសីហា ថា បច្ចុប្បន្នមានក្រុមហ៊ុនមួយហៅលោកថត ប៉ុន្ដែមិនទាន់កំណត់ពេលវេលាច្បាស់លាស់ ហើយលោកក៏រង់ចាំស្វាគមន៍ចំពោះផលិតកម្ម ឬក្រុមហ៊ុនផ្សេងទាក់ទងមកលោកដើម្បីថតដែរ។ គិតមកដល់ថ្ងៃនេះ លោកពុំទាន់មានជាប់កុងត្រាការងារជាផ្លូវការជាមួយក្រុមហ៊ុនណានៅឡើយទេ។

នាយក្ដី គឺជាអតីតសមាជិកក្រុមកំប្លែងនាយពាក់មី កាលពីនៅស្ថានីយទូរទស្សន៍CTN។ នាយក្ដី និងនាងខ្ញុង ដែលជាតារាសម្ដែងរួមក្រុមបានដើរចេញក្រុមព្រមគ្នាតាំងអំឡុងពេលស្ថានភាពជំងឺកូវីដ-១៩ រាតត្បាតខ្លាំងនៅកម្ពុជា។ បច្ចុប្បន្ននាយពាក់មី និងក្រុមការងារជាច្រើនទៀត ក៏បានដើរចេញពីទ្រនំចាស់របស់ខ្លួនអស់ហើយដែរ ហើយបច្ចុប្បន្នសមាជិកក្រុមនេះខ្លះបន្ដចាប់ដៃគ្នាសម្ដែងឲ្យក្រុមហ៊ុនមួយផ្សេងទៀត។

ទន្ទឹមគ្នានេះក៏លេចដំណឹងថានាយក្ដីចង់ប្រឡូកក្នុងអាជីពសម្ដែងឡើងវិញ ប៉ុន្ដែលោកមិនទាន់មានទ្រនំថ្មីច្បាស់លាស់នៅឡើយទេ។ លោកថា បើមានក្រុមហ៊ុន ឬផលិតកម្មណាហៅលោកទៅថតនោះ គឺលោកស្វាគមន៍គ្រប់ពេល ព្រោះបច្ចុប្បន្នលោកមានពេលវេលាគ្រប់គ្រាន់ ហើយបើទោះបីជាលោករវល់ខ្លាំងមិនអាចដកឃ្លារួចនៅថ្ងៃអនាគត់នោះក៏មានបងស្រីម្នាក់នៅចាំជួយមើលការខុសត្រូវការងារលក់កង់ និងគ្រប់គ្រងភោជនីយដ្ឋានជំនួសលោកដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់