• 2022-09-14 02:46:24
  • ព័ត៌មាន

មកដឹងរឿងស្នេហាដ៏សែន Sweet របស់ LOCO និងអនាគតភរិយាដែលជាអ្នកជិតខាង

  • 2022-09-14 02:46:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ LOCO តារា​រ៉េបដ៏ល្បីរបស់កូរ៉េ បាន​ប្រកាសពីព័ត៌មានរៀបការរបស់ខ្លួនជាមួយនឹង គូស្នេហ៍ ដែលជាអ្នករស់នៅក្នុងភូមិស្រុកជាមួយគ្នា។ ហេតុតែនិស្ស័យមិនទាន់ដាច់ ព្រហ្មលិខិតក៏បានដឹកដៃលោក ឲ្យបានចួបនឹងនាងជាថ្មីដោយចៃដន្យបំផុត ហើយជំនួបគ្នាជាថ្មីនោះហើយ ដែលបាន​ត្របាញ់ឲ្យអ្នកទាំង ២ ផ្ដើម​ស្នេហ៍នឹងគ្នាបែបចាស់ទុំតែម្ដង។

ស្ថិតក្នុងសំណេរ ដែលបាន​បង្ហោះលើគណនី Instagram ផ្លូវការ LOCO បាន រៀបរាប់ពីប្រវត្តិស្នេហា ដ៏សែនកក់ក្ដៅ សបញ្ជាក់ពីនិស្ស័យកើតឡើងពិតៗរវាងលោក និងនារីជាទីស្រឡាញ់ ដែលជាអ្នកជិតខាង៖

«សួស្ដី អ្នកទាំងអស់គ្នា! ខ្ញុំ​មានដំណឹង​មួយសម្រាប់អ្នក។ បន្ទាប់ពីខ្ញុំ​បាន​បញ្ចប់កាតព្វកិច្ចពីជួរទាហាន ខ្ញុំ​ក៏បាន​ជួបនឹង​មិត្តភ័ក្តិម្នាក់មានវ័យស្របាលគ្នា ដែលធំដឹងក្ដី​មកក្នុងភូមិស្រុកជាមួយគ្នាតាំងពីក្មេង ដែលជំនួបនោះគឺជាលើកដំបូង​ក្រោយខានជួបគ្នាមួយរយៈធំ។ ខ្ញុំ​មិនដឹង​ថា​ ហេតុអ្វីទេ ប៉ុន្តែ​នៅពេល​ដែលយើង​បាន​នៅជិតគ្នា បេះដូងខ្ញុំលោតញាប់តែម្ដង ហើយមិនយូរប៉ុន្មានយើង​ក៏ក្លាយជា​គូស្នេហ៍នឹងគ្នា។

យើង​បាន​ចំណាយពេល​រីករាយ និង​មាន​តម្លៃជាមួយគ្នារយៈពេល​ ២ឆ្នាំហើយ និងតែងគោរពឲ្យតម្លៃការងារគ្នាទៅវិញទៅមក។ ដូច្នេះ យើង​ក៏ឈាន​ដល់សន្យាថា​នឹងរក្សាទំនាក់ទំនងនេះជារៀងរហូត។

នាង​គឺជា​មនុស្សម្នាក់ដែល​យល់ពីខ្ញុំច្បាស់ជាងអ្នកណាទាំងអស់ ដឹងថាខ្ញុំខ្វល់ខ្វាយ និងមិនស្រណុកចិត្តយ៉ាងណា នៅក្រៅឆាក។ អរគុណដល់នាង ពេលនេះខ្ញុំអាច​ធ្វើការសម្រេច​ចិត្តដោយខ្លួនឯង ដោយមិនភ័យខ្លាចអ្វីទាំងអស់ ហើយខ្ញុំ​គិតថា ខ្ញុំអាចដឹកនាំជីវិតប្រចាំថ្ងៃដ៏រីករាយ ដោយគ្មាន​ការតានតឹងអ្វីឡើយ។ ប្រហែលជាអ្នកគាំទ្រដឹងខ្លះហើយពីរឿង​នេះ តាមពិតម្នាក់នេះហើយដែលជា “Soy Latte Girl” ខ្ញុំ​ឧស្សាហ៍និយាយក្នុង​បទចម្រៀងរបស់ខ្ញុំ​កន្លងមក។

ដោយសារអ្វី​ស្ថិតនៅក្នុងការប្រុងប្រយ័ត្ន ដោយសារការរីករាលដាលនៃជំងឺឆ្លង (COVID19) ដូច្នេះ​យើង​នឹង​រៀបចំ​ពិធីមួយបែប​លក្ខណៈឯកជន ជាមួយនឹងគ្រួសារ និង មិត្តជិតស្និទ្ធ។ ខ្ញុំ​ចង់​ជម្រាបអ្នកទាំងអស់គ្នា​ដោយផ្ទាល់ សម្រាប់ការសម្រេចចិត្តនេះ ដោយក្ដីដឹងគុណដល់អ្នកគ្រប់គ្នា ដែល​តែងគាំទ្រខ្ញុំ។

យ៉ាងណាមិញ រយៈពេល១០ឆ្នាំកន្លងផុតទៅហើយ ចាប់តាំងពីខ្ញុំបានចេញមុខលើសិល្បៈ។ អរគុណដល់អ្នកគាំទ្រទាំងអស់ ខ្ញុំ​អាចបន្តផ្សព្វផ្សាយការងារ ជាមួយនឹង​បេះដូងដែលពេញទៅដោយការអរគុណ។ ខ្ញុំកំពុងរៀបចំស្នាដៃថ្មីដែល​ខ្ញុំ​បាន​ត្រៀម​សម្រាប់ឆ្នាំនេះ ហើយខ្ញុំគិតថា ខ្ញុំអាច​នឹង​បន្តជួបអ្នកគ្រប់គ្នាញឹកញាប់តាមរយៈការសម្ដែងផ្សេងៗ ក៏ដូចជាអាល់ប៊ុមរបស់ខ្ញុំដែល​នឹង​ចេញ​ផ្សាយក្នុងពេល​ឆាប់ៗខាងមុខ។

ខ្ញុំ​តែង​ដឹងគុណចំពោះអ្នកគ្រប់គ្នាជានិច្ច ហើយសូមឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អរហូត!»។

វាជាព័ត៌មាន​ដ៏ល្អ ហើយអ្នកគាំទ្រក៏ពិតជារីករាយនឹង​ដំណឹង​មង្គលមួយនេះ ព្រោះ​ពេលនេះ LOCO ដែលជា Idol របស់ពួកគេ​បាន​ជួបនឹង​គូជីវិត ហើយគ្រប់គ្នាក៏សរសើរនឹងភាពក្លាហានក្នុងការលាតត្រដាងពីរឿងស្នេហា និងសមត្ថភាពក្នុងការថែរក្សាក្ដីស្រឡាញ់របស់លោក​និងអនាគតភរិយាដែរ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់