• 2022-12-05 06:49:17
  • ព័ត៌មាន

អង្គការ The Sound Initiative សហការជាមួយក្រសួងវប្បធម៌ បញ្ជ្រាបចំណេះដឹងដល់ផលិតករស្ដីពីសិទ្ធិអ្នកនិពន្ធ និងការចុះបញ្ជីសិល្បករតន្ដ្រី

  • 2022-12-05 06:49:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចការគ្រោងទុក អង្គការ The Sound Initiative បានសហការជាមួយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈនាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល បានរៀបចំសិក្ខាសាលាស្ដីអំពី សិទ្ធិអ្នកនិពន្ធ និងការចុះបញ្ជីសម្រាប់សិល្បករតន្ដ្រី កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅឯក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ក្នុងឱកាសប្រកាសបើកសិក្ខាសាលានេះ ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ឹម សត្ដា មានប្រសាសន៍ថា សិទ្ធិអ្នកនិពន្ធពិតជាមានអត្ថន័យ និងសារសំខាន់ណាស់នៅក្នុងជីវភាពប្រចាំថ្ងៃរបស់យើង ហើយវាក៏បានរួមចំណែកលើកម្ពស់សេដ្ឋកិច្ច វប្បធម៌ និងបច្ចេកវិទ្យាបច្ចុប្បន្ន។

លោក ស៊ឹម សត្ដា៖ “ខ្ញុំសំណូមពរ ថាក្នុងនាមយើងជាអ្នកនិពន្ធ ជាអ្នកបង្កើតស្នាដៃ គួរបង្កើតអ្វីដែលថ្មីៗ ជាជាងយើងធ្វើតាមស្នាដៃចាស់ ឬស្នាដៃបរទេស ព្រោះវាមិនអាចជំរុញឲ្យវិស័យវប្បធម៌របស់យើងរីកចម្រើនបានទេ។ អីចឹងហើយ…តាមរយៈសិក្ខាសាលានៅថ្ងៃនេះ យើងនឹងបានយល់ដឹងបន្ថែមពីសារសំខាន់ នៃសិទ្ធិអ្នកនិពន្ធ និងការចុះបញ្ជី"។

បើតាមលោក ស៊ឹម សត្ដា កិច្ចការពារសិទ្ធិអ្នកនិពន្ធដោយច្បាប់ដែលកម្ពុជាបានបង្កើតតាំងពីឆ្នាំ២០០៣ ដោយអនុលោមទៅតាមសន្ធិសញ្ញាអន្ដរជាតិទៀតនោះ ធ្វើឲ្យផលិតករខ្មែរទទួលបានប្រយោជន៍សំខាន់ចំនួន៣ ពោលគឺជួយលើកទឹកចិត្ដអ្នកនិពន្ធឲ្យបង្កើតស្នាដៃថ្មីៗ ដើម្បីផ្សព្វផ្សាយស្នាដៃវប្បធម៌ខ្មែរទៅកាន់ពិភពលោក។ ផលប្រយោជន៍ទី២ គឺផ្នែកសេដ្ឋកិច្ច ព្រោះកម្ពុជាអាចនឹងទាក់ទាញអ្នកវិនិយោគបរទេស ឲ្យធ្វើសមាហរន្ដកម្មសេដ្ឋកិច្ចនៅកម្ពុជា។ និងទីប្រយោជន៍ទី៣ គឺប្រជាជនមានការងារធ្វើ តាមរយៈការបង្កើតស្នាដៃវប្បធម៌ថ្មីៗ។

ទូតសុច្ឆន្ទៈយុវជនច្នៃប្រឌិតមួយរូប ប្រចាំ អង្គការ The Sound Initiative ដែលជាអ្នកនិពន្ធនិងជាអ្នកចម្រៀងគឺ សេម រ៉កខ័រ បានបង្ហាញការចាប់អារម្មណ៍ចំពោះសិក្ខាសាលានេះ ហើយក៏ឆ្លៀតបង្ហាញស្នាដៃរបស់ខ្លួនខ្លះៗ ទៅកាន់អ្នកចូលរួមក្នុងឱកាសនោះផងដែរ។ សេម ដែលចាប់អាជីពនិពន្ធនិងច្រៀងតាំងពីឆ្នាំ២០១២ សារភាពថា ខ្លួនទើបតែយល់ច្បាស់ក្នុងពេលថ្មីៗនេះអំពីសិទ្ធិអ្នកនិពន្ធ និងការលួចចម្លងស្នាដៃ។

សេម រ៉កខ័រ“យើងដឹងទាំងអស់គ្នា ថាអ្នកនិពន្ធបទចម្រៀងត្រូវការប្រើខួរក្បាល ប្រើពេលវេលាច្រើនទម្រាំបានមួយបទៗ តែបើពេលណាមួយមានគេយកបទយើង ឬស្នាដៃយើងទៅប្រើដោយពុំមានការអនុញ្ញាត គឺយើងមិនអាចទៅនិយាយអីបានត្រឹមត្រូវទេដើម្បីការពាររបស់យើងទេ បើទោះបីជាយើងមានភស្ដុតាំងសរសេរស្នាដៃហ្នឹងក៏ដោយ បើយើងអត់ទាន់បានចុះបញ្ជីជាផ្លូវការ”។

ចំពោះ សេម រ៉កខ័រ នៅតែព្រួយបារម្ភថាការលួចចម្លងស្នាដៃអ្នកនិពន្ធនៅតែបន្ដកើតមាន ហើយពិបាកវែកញ៉ែករកម្ចាស់ស្នាដៃពិត បើអ្នកនិពន្ធ ឬអ្នកបង្កើតស្នាដៃមិនបានចុះបញ្ជីជាផ្លូវការនៅក្រសួង។ ដូច្នេះសេម យល់ថា សិក្ខាសាលានេះមានសារសំខាន់សម្រាប់សេមផ្ទាល់ និងផលិតករដទៃទៀតដែលមិនទាន់បានចុះបញ្ជីហើយមានស្នាដៃថ្មីៗរបស់ខ្លួនជាច្រើននោះ។

សេម និងតំណាងអង្គការ The Sound Initiative ក៏បានលើកទឹកចិត្តដល់អ្នកចូលរួម និងសាធារណជន ធ្វើការដោនឡូតកម្មវិធីសិក្សា EdApp នៅលើទូរស័ព្ទដៃ ដើម្បីធ្វើការសិក្សាបន្ថែមលើប្រធានបទ “សិទ្ធិអ្នកនិពន្ធ” នេះដោយឥតគិតថ្លៃ តាមរយៈ https://bit.ly/2ZSS9gR

សូមរំលឹកថា អង្គការ The Sound Initiative សហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាសាលារយៈពេលមួយល្ងាច នៅទីស្ដីការក្រសួងផ្ទាល់ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។ សិក្ខាសាលានេះ មានអ្នកចូលរួមប្រមាណ ៥០នាក់ ដែលភាគច្រើនជាអ្នកនិពន្ធ និងអ្នកចម្រៀងវ័យក្មេង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់