• 2022-12-06 04:20:53
  • ភាពយន្ត

តិចអត់ដឹង? ប្រិយមិត្ដក៏មានសិទ្ធិផ្ដល់ពានឲ្យផលិតករ ក្នុងមហោស្រពជាតិ ភាពយន្ដខ្លីឆ្នាំនេះ

  • 2022-12-06 04:20:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រពជាតិ ភាពយន្ដខ្នាតខ្លីឆ្នាំ២០២២ រយៈពេល ៥ថ្ងៃ នឹងឈានចូលមកដល់នៅថ្ងៃទី១៦ ខែធ្នូ ខាងមុខនេះហើយ។ ព្រឹត្ដិការណ៍សំខាន់មួយចំនួនក្នុងមហោស្រពឆ្នាំនេះ ប្រហែលជាប្រិយមិត្ដខ្លះមិនទាន់បានជ្រាបច្បាស់។

ទីប្រឹក្សា និងមន្ដ្រីជាន់ខ្ពស់ នៃក្រសួងវប្បធម៌ អះអាងថា ព្រឹត្ដិការណ៍មួយក្នុងចំណោមព្រឹត្ដិការណ៍ដ៏អស្ចារ្យទាំង ៥ថ្ងៃ គឺមហាជន ឬអ្នកទស្សនាមានសិទ្ធិសម្រេចផ្ដល់ពានរង្វាន់ពិសេសមួយសម្រាប់ផលិតករណាដែលខ្លួនពេញចិត្ដតាមរយៈរឿងរបស់ពួកគេ។

ប្រធាននាយកដ្ឋានសិល្បភាពយន្ដ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ប៉ុក បូរក្ស មានប្រសាសន៍ថា ពិធីបើកចាក់បញ្ចាំងរឿងខ្នាតខ្លីជាផ្លូវការ នឹងចាប់ផ្ដើមពីថ្ងៃទី១៦ ខែធ្នូ។ ទន្ទឹមគ្នានោះគណៈមេប្រយោគក៏មានភារកិច្ចក្នុងការពិនិត្យ វាយតម្លៃ និងផ្ដល់ពិន្ទុ ក៏ប៉ុន្ដែទស្សនិកជនខ្លួនឯងក៏មានសិទ្ធិជ្រើសរើសរឿងដែលខ្លួនឯងបានទស្សនា ហើយពេញចិត្ដដែរ។

លោក ប៉ុក បូរក្ស៖ “យើងនឹងផ្ដល់ពានរង្វាន់លើកទឹកចិត្ដ...ព្រោះពេលខ្លះមេប្រយោគលោកគិតលើCategories និងផ្ដល់ពិន្ទុទៅតាមលក្ខណ្ឌបច្ចេកទេសរបស់លោក តែទស្សនិកជនអត់ទេ គឺលោកពេញចិត្ដអាហ្នឹង(រឿង) មិនខ្វល់ថាអាហ្នឹងថតមកពន្លឺមិនល្អអីទេ តែលោកពេញចិត្ដនូវសាច់រឿងហ្នឹង គឺគាត់គ្រីសយក អីចឹងពេលប្រមូលទៅបានចំនួនគ្រីសច្រើនលើរឿងណាមួយ យើងនឹងប្រគល់ពានមួយឲ្យគាត់ គឺពានAudience award”។

បើតាមប្រធាននាយកដ្ឋានរូបនេះ មហោស្រពជាតិ ភាពយន្ដខ្នាតខ្លី២០២២ ក្រោមប្រធានបទ “ភាពយន្ដខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្ដខ្លាតវែង” នឹងសម្ពោធបើកនៅថ្ងៃទី១៦ ខែធ្នូ។ ក្នុងរយៈពេល៥ថ្ងៃ នៃដំណើរការប្រកួតប្រជែងរឿង និងចាក់បញ្ចាំងនូវស្នាដៃផលិតករ ក៏មានសិក្ខាសាលាតាមថ្ងៃនីមួយៗ ដើម្បីពង្រឹងសមត្ថភាពរបស់ផលិតករដែរ។

លោក ប៉ុក បូរក្ស លើកឡើងថា គ្រប់ប្រទេសនៅលើពិភពលោក ដែលមានការអភិវឌ្ឍន៍ខ្លាំងវិស័យភាពយន្ដ គឺត្រូវពឹងលើការបណ្ដុះបណ្ដាលធនធានមនុស្ស ទឹកចិត្ដ និងវាយតម្លៃស្នាដៃយុវផលិតករ និងពង្រីកទីផ្សារឲ្យពួកគេ។ ចំណែក កម្ពុជាក៏កំពុងឆ្ពោះទៅរកវឌ្ឍនភាពនេះដែរ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកមហោស្រពនេះ គឺជាកន្លែងវាស់ស្ទង់សមត្ថភាពយុវផលិតកររបស់ខ្មែរ និងជាវេទិកាដែលអាចឲ្យពួកគេចូលរួមបញ្ចេញគំនិត ទស្សនទាន តាមរយៈការផលិតភាពយន្ដខ្នាតខ្លី ហើយផ្សព្វផ្សាយទៅលើអេក្រង់ផ្ទាំងសំពុតស។ ក្រសួងក៏សង្កេតឃើញថា យុវជនមួយចំនួនមានសមត្ថភាព និងគំនិតច្នៃប្រឌិតច្រើន ហើយបើមានឱកាស និងបានបញ្ចេញសមត្ថភាពរបស់ខ្លួនតាមផ្ទាំងសំពុតស ឬតាមបណ្ដាញសង្គមទៀតនោះ គឺវាកាន់តែជ្រួតជ្រាបដល់មហាជន និងដៃគូគាំទ្រនានា៕

ជិន សុភ័ក្ដ្រ

មតិយោបល់