• 2023-01-03 06:59:27
  • ព័ត៌មាន

លេងសើចម៉េចបាន! THO Meet ផ្ទុះ​ជាមួយ ភិទិ នៅ​ដំណាច់​ឆ្នាំ​ចាស់ ផ្លាស់​ចូល​ឆ្នាំ​ថ្មី!

  • 2023-01-03 06:59:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​សាង​ស្នាដៃ និង​ធ្វើ​ឲ្យ​តារាចម្រៀង​ជា​ច្រើន​របស់​ហង្សមាស​ផ្ទុះ​កក្រើក​តាំង​ពី​ដើម​ឆ្នាំ ស្រាប់​តែ​ថ្មីៗ​នេះ អ្នកនិពន្ធ​ល្បី​ឈ្មោះ​មួយ​រូប​របស់​ហង្សមាស គឺ​លោក Tho Meet បាន​ផ្ទុះ​ជា​ថ្មី​ទៀត​ជាមួយ​បទ​ចម្រៀង​ដែល​លោក​សម្រិតសម្រាំង​ឲ្យ ថុល សុភិទិ។

នោះ​ជា​បទ​ចម្រៀង​សម្រាប់​កំដរ​យុវវ័យ​ឆ្លង​ឆ្នាំ​ចាស់ ផ្លាស់​ចូល​ឆ្នាំ​ថ្មី ២០២២-២០២៣ មាន​ចំណង​ជើង​ថា "ឆ្លងឆ្នាំយប់នេះខ្ញុំខូចចិត្តបំផុត" ច្រៀង​ដោយ ថុល សុភិទិ អតីត​បេក្ខជនវគ្គផ្ដាច់ព្រ័ត្រ​កម្មវិធី " Cambodian idol” រដូវកាល​ទី ៣។ បទ​នេះ​បាន​ចេញ​នៅ​លើ​បណ្ដាញ​សង្គម ចំ​ថ្ងៃ​ឆ្លង​ឆ្នាំ​តែ​ម្ដង។ ដោយ​សារ​ត្រូវ​នឹង​ឱកាស​ផង ទឹកដៃ​អ្នកនិពន្ធ និង​សាច់​រឿង​ចាក់​បេះដូង​យុវវ័យ​ទៀត​បទ​នេះ​ផ្ទុះ​តែ​ម្ដង។

THO Meet បាន​ប្រាប់​ថា រូប​គេ​បាន​តាម​មើល​ពី​កម្រិត​នៃ​សន្ទស្សន៍​អ្នក​ទស្សនា​តាំង​ពី​ថ្ងៃ​ដំបូង ឃើញ​ថា មាន​សន្ទុះ​ខ្លាំង​ដូច​នឹង​បទ​ដែល​លោក​បាន​ធ្វើ​រៀម​ច្បង​របស់ ភិទិ ដូច​ជា​បទ "នឹក​បង​ខ្លះ​ទេ" របស់ ខេមរៈ សិរីមន្ត បទ "ទោះ​បង​ស្ទាវ ក៏​មាន​លុយ​ចិញ្ចឹម​អូន" របស់ គង់ ចំរើន និង​បទ "ប្ដី​លើ​ផែន​ដី អស់​ល្អ​ត្រឹម​ប្ដី​អូន​ហើយ!” របស់ សុគន្ធ និសា ជា​ដើម។

តាម​អ្នកនិពន្ធ​រូប​នេះ ស្នាដៃ​ចុង​ក្រោយ​របស់​លោក​សម្រាប់​ឆ្នាំ ២០២២​នេះ ទទួល​បាន ១លាន​ដង​ពី​ទស្សនិកជន​ត្រឹម​រយៈ​ពេល ៥ថ្ងៃ​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ មិន​បង្អង់​យូរ អ្នកនិពន្ធ​កូន​២ បាន​ចេញ​មក​សារ​សារ​ថ្លែង​អំណរគុណ​ចំពោះ​ប្រិយមិត្ត។ "នេះដែលជាកម្លាំងចិត្តដល់ខ្ញុំបាទ THO MEET ក្នុងការផលិតបទចម្រៀងថ្មីៗបន្តទៀត ឆ្នាំថ្មីនេះខ្ញុំបានត្រៀមអ្វីដែលថ្មីៗបន្តទៀត...”។

THO MEET បាន​ចូល​រួម​ធ្វើ​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​ឲ្យ​ផលិតកម្ម​ហង្សមាស កាល​ពី​ចុង​ឆ្នាំ ២០២០។ ក្នុង​រង្វង់ ២​ឆ្នាំ​មក​នេះ លោក​និពន្ធ​បទ​ចម្រៀង​បាន​ជាច្រើន​បទ ឲ្យ​តារា​ហង្សមាស​ស្ទើរ​ទាំង​អស់​ច្រៀង។ ភាគ​ច្រើន​ក្នុង​ចំណោម​នោះ ផ្ទុះ ដោយ​កញ្ឆក់​បាន​ការ​ចូល​ស្ដាប់ និង​ទស្សនា​លឿន​ក្នុង​រយៈ​ពេល​ខ្លី។ សម្រាប់​ឆ្នាំ​ថ្មី​លោក​ថា បាន​ត្រៀម​ស្នាដៃ​មួយ​ចំនួន​រួច​ហើយ ដែល​នឹង​បញ្ចេញ​ឲ្យ​តារា​ចម្រៀង​របស់​ហង្សមាស បង្ហើរ​សំនៀង​បន្តបន្ទាប់៕

អត្ថបទ៖ ទារិកា

មតិយោបល់