• 2017-07-26 06:17:19
  • ជីវិតតារា

អស្ចារ្យ​ណាស់កូន​ប្រុស​ស្រី​ ម៉េង កែវពេជ្ជតា រៀនពេលខ្លីតែ​សមត្ថភាព​មិន​ធម្មតា​!​​

  • 2017-07-26 06:17:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់​កូន​ប្រុស​ស្រី​អ្នកនាង ម៉េង កែវពេជ្ជតា រៀន​ផ្នែក​ព្យាណូ​ នៅ​សាលា​ស្រណោះ​តន្ត្រី​​ត្រឹម​តែ​រយៈ​ពេល​ខ្លី​សោះ​តែ​​មាន​ឱកាស​ទទួល​បាន​ពាន​។

តារា​ចម្រៀង​ជើង​ចាស់​រូប​នេះ​បាន​ប្រាប់​ Sabay ថា​ នាង​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ដែល​កូន​ប្រុស​ស្រី​ទាំង​ពីរ​នាក់​មាន​ឱកាស​ទទួល​បាន​ពាន​ក្នុង​កម្មវិធី​ Asian Pacific Arts Festival 2017 នៅ​ប្រទេស​សិង្ហបុរី​ ​ ព្រោះ​កូន​តូច​ៗ​​ទាំង​ពីរ​បាន​សិក្សា​រៀន​សូត្រ​ផ្នែក​ព្យាណូ និង វីយោឡុង មិន​បាន​មួយ​ឆ្នាំ​ផង​។

“កូន​បង​គាត់​ឡើង​ប្រកួត​​ជា​ក្រុម​២​នាក់​បង​ប្អូន​ ដោយ​កូន​ប្រុស​បង​គាត់​លេង​ព្យាណូ ចំណែក​ឯ​កូន​ស្រី​បង​វិញ​គាត់​លេង​វីយោឡុង​ និង​​ច្រៀង​​​បទ​អ្នក​ម្ដាយ​​ រួម​គ្នា​តែ​ម្ដង​ទើប​ ពួក​គាត់​ទទួល​បាន​មេដាយ​មាស​ក្នុង​ការ​ប្រកួត​នេះ​ ក្រោម​ការ​បង្រៀន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​លោក​គ្រូ សូ ស្រណោះ​ អរគុណ​គាត់​ខ្លាំង​ណាស់​"។ នេះ​បើ​តាម​អ្នក​នាង​ ម៉េង កែវពេជ្ជតា លើក​ឡើង​​ក្នុង​ដំណើរ​មក​ដល់​កម្ពុជា​ម្សិល​មិញ​នេះ​។

ចំណែក​ឯ​លោក​ សូ ស្រណោះ​ ដែល​ជា​នាយក​សាលា​ស្រណោះ​តន្ត្រី​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា កូន​ប្រុស​ស្រី​អ្នកនាង ម៉េង កែវពេជ្ជតា ទទួល​បាន​មេដាយ​មាស​ក្នុង​កម្មវិធី​ Asian Pacific Arts Festival 2017 នេះ​ដោយ​សមត្ថភាព​ភាព​ពិត​ៗ​ តាម​រយៈ​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ ពី​សាលា​ស្រណោះ​តន្ត្រី។ ដូច្នេះ​លោក​​នឹង​ខិត​ខំ​​បណ្ដុះ​បណ្ដាល​កូន​ខ្មែរ​ជា​ច្រើន​រូប​ទៀត​ឲ្យ​មាន​ឱកាស​បាន​ចេញ​ទៅ​ប្រកួត​​ជា​លក្ខណ​អន្តរជាតិ​។

លោក​ថា​៖​“ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ខ្លាំង​ណាស់​ដែល​កូន​ខ្មែរ​យើង​ទៅ​ ប្រកួត​នៅ​ប្រទេស​សិង្ហបុរី​ មាន​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​ចូល​រួម​ប្រកួត​ តែ​យើង​ទទួល​បាន​មេដាយ​មាស​ចំនួន​ ១៦ ក្នុង​នោះ​មាន​កូន​អ្នកនាង​ ម៉េង កែវពេជ្ជតា កូន​ស្រី​អ្នកនាង យុគ ចិន្តា ​ និង​កូន​ស្រី​បង​ ហ៊ុន ម៉ាណែត និង​បាន​ទទួល​មេដាយ​​ប្រាក់​ចំនួន​៥"។​

គួរ​បញ្ជាក់​ថា​ កូន​ប្រុស​ស្រី​អ្នក​នាង ម៉េង​ កែវពេជ្ជតា ទទួល​បាន​មេដាយ​មាស​ កូន​ប្រុស​ ឈ្មោះ ពេជ្រ រតនៈ អាយុ​១០ ឆ្នាំ ចំណែក​ឯ​កូន​ស្រី​ឈ្មោះ​ ពេជ្ជតា សង្វាពេជ្រ៕​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់