• 2020-04-30 04:12:42
  • ព័ត៌មាន

មាន សូនីតា ស្ទើរ​ស្រក់​ទឹក​ភ្នែក ថ្លើម​ស្រុត​ដល់​ដី ពេល​ឃើញ​ទិដ្ឋភាព​លោក​​នៅ​វត្ត​១នា​ខេត្ត​កំពង់ឆ្នាំង

  • 2020-04-30 04:12:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជិនី​ក្រមា មាន សូនីតា រួម​ជាមួយ​ម្ដាយ​នៅ​ព្រឹក​នេះ បាន​នាំ​យក​ចង្ហាន់ និង​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ទៀត​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​មួយ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់ឆ្នាំង ជា​ទី​ដែល​នាង​អះអាង​ថា នាង​ស្ទើរ​ស្រក់​ទឹក​ភ្នែក ឯ​ថ្លើម​ស្រុត​ចុះ​ដល់​ដី ក្រោយ​ទិដ្ឋភាព​ព្រះសង្ឃ​គង់​នៅ​វត្ត​មួយ​នេះ។

"ពេល​ទៅ​ដល់​ភ្លាម​ឃើញ​លោក​ឆុង​មី​កញ្ចប់ ១​អង្គ ឃើញ​ហើយ​ចង់​ស្រក់​ទឹកភ្នែក ស្រុត​ថ្លើម​ដល់​ដី" នីតា ថ្លែង។វត្ត​ដែល​ស្ថិត​នៅ​លើ​ខេត្ត​ជា​ទឹកដី​នាង​កង្រី មាន​ឈ្មោះ​ថា "វត្ត​ទួល​មេត្រី" ដែល​ពេល​នេះ ព្រះ​សង្ឃ​ស្ទើរ​ដាច់​ចង្ហាន់ ដោយ​ព្រះ​សង្ឃ​ដែល​ឃើញ​មាន​ទាំង​ចាស់ និង​កូន​នេន​តូច​ៗ​ផង​នោះ គឺ​ឆាន់​តែ​មី​កញ្ចប់​ប៉ុណ្ណោះ។

តារា​ស្រី​បាន​បញ្ជាក់​ថា នាង​បាន​ដឹង​ដំណឹង​ពី​វត្ត​នេះ​តាម​រយៈ​អ៊ុំ​របស់​នាង​ម្នាក់​ដែល​ធ្លាប់​ទៅ​ដល់​វត្ត​នេះ​តាំង​ពី​ច្រើន​ឆ្នាំ​មក​ហើយ និង​បាន​ដឹង​ថា វត្តមាន​ខ្សត់​ណាស់​ទើប​សម្រេច​នាំ​អ្នក​ម្ដាយ​របស់​នាង​ទៅ​ធ្វើ​បុណ្យ​សន្សំ​កុសល​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ និង​បាន​ឃើញ​ទិដ្ឋភាព​ជាក់​ស្ដែង​ផ្ទាល់​ភ្នែក​​ធ្វើ​ឲ្យ​នាង​សង្វេគ​ចិត្ត​តែ​ម្ដង។ តាម នីតា វត្ត​នេះ​ខ្សត់​ខ្សោយ​ស្រាប់ លុះ​មក​ដល់​បច្ចុប្បន្ន​ ជា​កាលៈទេសៈ ខូវីដ ១៩ រាតត្បាត​ទៀត រឹត​តែ​ខ្សត់​ថែម​ទៀត។

បញ្ហា​នេះ ម្ចាស់​គម្រោង "ស្រឡាញ់" ឲ្យ​ដឹង​ថា ដោយ​សារ​ភ័យ​ខ្លាច Covid-19 វត្ត​នេះ មិន​មាន​ឧបាសក ឧបាសិកា​ចំណុះ​ជើង​វត្ត​ដាក់​វេន​ទេ ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ខ្វះ​ចង្ហាន់។ ជាក់​ស្ដែង​ពេល​ដែល​នាង​ទៅ​ដល់​ព្រឹក​នេះ គឺ​ព្រះសង្ឃ និង​យាយ​ជី​ផង ឆាន់ និង​ពិសា​តែ​មី​ស្រុះ​ម្នាក់​១​កញ្ចប់​ប៉ុណ្ណោះ។

មាន សូនីតា និង​ម្ដាយ​បាន​ទៅ​ដល់​វត្ត "ទួល​មេត្រី" នៅ​ព្រឹក​នេះ ដោយ​មុន​ពេល​ទៅ​ដល់ នាង​បាន​ជួប​រឿង​ជា​ច្រើន ដោយ​សារ​តែ​នាង​មិន​បាន​ស្គាល់​ទីតាំង​ភូមិ​សាស្ត្រ​ច្បាស់​លាស់។ ដោយ​សារ​តែ​បែប​នេះ នាង​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន សួរ​នាំ​គេ​គ្រប់​គ្នា ទម្រាំ​អាច​តែ​អាច​នាំ​ផ្លូវ​ម្ដាយ​ទៅ​ដល់​វត្ត​គោលដៅ​បាន ដោយ​ស្ទើរ​ផុត​ចង្ហាន់​លោក​ថែម​ទៀត។

ប៉ុន្តែ​យ៉ាង​ណា ដូច​ធ្វើ​បុណ្យ​ចំ​ខែ​ភ្លឺ ព្រោះ​ជាក់​ស្ដែង នាង​បាន​ទៅ​ទាន់​ចង្ហាន់ ពិសេស​បាន​ធ្វើ​បុណ្យ​ដោយ​ចិត្ត​ជ្រះ​ថ្លា​ជាមួយ​វត្ត​ដ៏​ខ្សត់​ខ្សោយ​មួយ​នេះ។ សូនីតា និង​ម្ដាយ​បាន​ប្រគេន​ចង្ហាន់ និង​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ជូន​ព្រះសង្ឃ ទុក​ដោះស្រាយ​ការ​លំបាក​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ។ ជាមួយ​គ្នា នាង​បាន​អំពាវនាវ​ដល់​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ សូម​ទៅ​សាង​កុសល​ជាមួយ​វត្ត​ខាង​លើ​បាន ដោយ​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ ០១២ ៥៦៣ ៦០១៕

រូបភាព៖ ហ្វេសប៊ុក សូនីតា

អត្ថបទ៖ ទារិកា

មតិយោបល់