• 2020-05-06 08:02:18
  • ព័ត៌មាន

Covid-19 នាំ​ឲ្យ ម៉ូលីកា ខុស​គម្រោង​១ ពេលសម្រាល​កូន​ដំបូង​ខាង​មុខ

  • 2020-05-06 08:02:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ចម្រៀង​រ៉ក់ បច្ចុប្បន្ន​បាន និង​កំពុង​ជោគជ័យ​លើ​ជំនួញ​លក់​ផលិតផល​ថែ​រក្សា​សម្រស់ ម៉ូលីកា បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ជំងឺ​ខូវីដ​១៩​បង្ហាញ​ខ្លួន​នៅ​កម្ពុជា និង​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​នៅ​ឡើយ​នោះ បាន​ធ្វើ​ឲ្យ​នាង​ខក​គម្រោង​មួយ​សម្រាប់​ការ​សម្រាល​កូន​ដំបូង​របស់​នាង​ពេល​ខាង​មុខ។

ម្ចាស់​ហាងអិនខេ ម៉ូលីកា ប៊ីយូធី បាន និង​កំពុង​ពពោះ​កូន​ដំបូង​ជាមួយ​ស្វាមី​ដែល​ជា​អ្នក​សិល្បៈ​ដូច​គ្នា​ដោយ​ជិត​ដល់​ថ្ងៃ​សម្រាល​ហើយ ហើយ​តាម​គម្រោង​នាង​ពី​ដំបូង គឺ​នាង​គម្រោង​ទៅ​សម្រាល​កូន​នេះ​នៅ​ប្រទេស​ថៃ ប៉ុន្តែ​ឥឡូវ​នេះ អ្វី​ៗ​ទំនង​ត្រូវ​លុប​ចោល​​ហើយ ដោយ​សារ​តែ​កម្ពុជា និង​ថៃ​កំពុង​រក​ការ​រាត​ត្បាត​របស់​ជំងឺ ខូវីដ ១៩ ដូច​គ្នា ពិសេស​គឺ​ថៃ​តែ​ម្ដង មាន​សភាព​ធ្ងន់ធ្ងរ​ជាង​កម្ពុជា​ឆ្ងាយ។

ដូច្នេះ​ហើយ នាង​បញ្ជាក់​ថា មិន​ចង់​ផ្សង​ព្រេង​ទៅ​សម្រាល​កូន​នៅ​ទី​នោះ​ទៀត​ទេ ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​សាហាវ ដែល​អាច​នាំ​ទុក្ខ​ដល់​ក្រុម​គ្រួសារ និង​សង្គម​ជាតិ​ផ្ទាល់។ ឥឡូវ​នេះ ម៉ូលីកា បាន និង​កំពុង​សំឡឹង​រក​មន្ទីរ​ពេទ្យ​ក្នុង​ស្រុក​ជា​ជំនួស​វិញ ប៉ុន្តែ​នាង​មិន​ទាន់​បាន​បង្ហើប​នៅ​ឡើយ​ទេ​ថា នាង​នឹង​ទៅ​សម្រាល​នៅ​មន្ទីរពេទ្យ​មួយ​ណា។

ម៉ូលីកា គឺ​អតីត​តារា​ចម្រៀង​ផលិតកម្មRockបាន​រៀបការ​ជាមួយ​តារា​សម្ដែង ហុង មានុណ កាល​ពី​ថ្ងៃ​ទី​១៨​ខែ មករា​ឆ្នាំ២០២០ នេះ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​សាង​ស្នេហា​ជាមួយ​គ្នា​ជាង​៣​ឆ្នាំ​មក។ ហើយ​នៅ​ពេល​នេះ ពួក​គេ​ជិត​បាន​ឃើញ​ចំណង​ដៃ​ទី​១​សម្រាប់​ជីវិត​ប្ដី​ប្រពន្ធ​ពួក​គេ​ហើយ។ ចាប់​តាំង​ពី​ចាប់​ដៃ​ជាមួយ​គ្នា​មក គេ​មើល​ឃើញ​ថា ប្ដី​ប្រពន្ធ​សិល្បករ​គូ​នេះ រក​ស៊ី​ឡើង​ដូច​កាំ​ជណ្ដើរ។

បច្ចុប្បន្ន ម៉ូលីកា និង​ស្វាមី គឺ​ជា​ប្រធាន​ក្រុមហ៊ុន អិនខេ ម៉ូលីកា ប៊ីយូធី ដែល​មក​ទល់​នឹង​ពេល​នេះ មាន​កូន​ក្រុម​លក់​ផលិតផល​ថែ​រក្សា​សម្ផស្ស​ជា​ច្រើន​នាក់​ហើយ។ ថៅកែ​ស្រី បញ្ជាក់​ថា មក​ដល់​ពេល​នេះ អាជីវកម្ម​របស់​នាង​នៅ​តែ​ដំណើរ​ល្អ បើ​ទោះ​នាង​មិន​សូវ​បាន​ចេញ​លក់​ជាប់​ដូច​មុន​ក៏​ដោយ៕

រូបភាព​ផ្្ដល់​ដោយ​សាមី​ខ្លួន

អត្ថបទ៖ ទារិកា

មតិយោបល់