• 2020-05-19 06:22:04
  • ព័ត៌មាន

បកស្រាយលម្អិតជុំវិញព័ត៌មានតារា ៤នាក់ចូលក្លឹបនៅ Itaewon តំបន់កំពុងផ្ទុះករណីឆ្លង COVID-19

  • 2020-05-19 06:22:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ​ព័ត៌មានធំ​របស់​កូរ៉េ Dispatch បាន​លើក​ឡើង​ថា​តារា​ប្រុស​ ៤​នាក់​មាន​ដូចជា Jungkook (ក្រុម BTS), Cha Eunwoo (ក្រុម ASTRO), Jaehyun (ក្រុម NCT) និង​ Mingyu (ក្រុម SEVENTEEN) បាន​ចេញ​ក្រៅ​ ដើរចូល​ក្លឹប​ក្នុង​តំបន់​ Itaewon កន្លែង​ដែល​កំពុង​ផ្ទុះ​ការឆ្លង​មេរោគ​ COVID-19 ពេញ​ទំហឹងនាពេល​នេះ។

នៅ​ថ្ងៃ​ទី១៨ ខែឧសភា ឆ្នាំ ២០២០ Dispatch បាន​ចេញ​ផ្សាយព័ត៌មាន​ថា​សមាជិក​របស់ BTS, NCT, ASTRO និង​ SEVENTEEN ខាង​លើ បាន​ទៅ​ក្លឹប​កម្សាន្ត​នៅ​កន្លែង​ផ្សេងៗ​គ្នា​នៅ​ក្នុង​តំបន់ Itaewon ស្របពេល​ដែល​ជំងឺ​ឆ្លង COVID-19 កំពុង​វាយលុក​ខ្លាំង​នៅ​ទីនោះ។

ប្រភពព័ត៌មាន​បាន​បញ្ជាក់​ថា​ តារា​ប្រុស​ទាំង​ ៤​បាន​ទៅ​ភោជនីយដ្ឋាន និង​ក្លឹប​កម្សាន្ត​ ២​កន្លែង​ទៀត​នៅ​ម្ដុំ​ Itaewon កាលពី​ថ្ងៃទី​ ២៥ និង​ ២៦​ខេមេសាកន្លងទៅ។ ជាមួយ​គ្នា​នោះ​ក៏​មាន​ការ​ឲ្យ​ដឹង​ដែរ​ ថា​អ្នក​ទាំង​ ៤​ក៏បាន​ធ្វើ​តេស្ត​សុខភាព​ដែរ ហើយ​លទ្ធផល​ចេញមក​គឺ អវិជ្ជមាន​ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ។ ប៉ុន្តែ​បើ​យោង​តាម​ច្បាប់​ អ្នក​ដែល​បាន​ចេញ​ទៅ​ក្លឹប​នៅ​ Itaewonពី​ថ្ងៃ​ទី ២៤ ខែមេសា ដល់ទី ០៦ ខែឧសភា ត្រូវ​នៅ​ផ្ទះ​រយៈពេល​ ១៤ថ្ងៃ មិនអាច​ចេញទៅ​ណា​ផ្ដេសផ្ដាសបានទេ។

ទោះ​ជា​យ៉ាង​ណា​ Cha Eunwoo ​បាន​ចេញ​ Promote បទ​ថ្មី​ជាមួយ​ក្រុមមិន​បាន​សំងំ​នៅ​ផ្ទះ​ដូចបម្រាម​ទេ។ ដោយ​ក្នុង​នោះរួម​មាន​កម្មវិធី​ “CulTwo Show”, “Hidden Track”, “Music Bank”, និង “Show! Music Core” ជា​ដើម។ ចំណែក​ Jaehyun វិញ​ ក៏​បាន​ទៅ​ធ្វើ​ជា​ពិធីករ​ដូចធម្មតា​ក្នុង​កម្មវិធី​ "Inkigako” កាលពីថ្ងៃទី ២៦ ខែមេសា, ថ្ងៃទី០៣ និងទី ១០ខែ ឧសភាកន្លងទៅ។ ចំណែក​ Jungkook និង​ Mingyu មិនទាន់​មាន​សេចក្ដី​បញ្ជាក់​ថា​មាន​ចេញ​មុខ​ចូលរួម​កម្មវិធីអ្វី​នោះទេ។

យ៉ាង​ណា​មិញ​ បន្ទាប់ពី​មាន​​ការ​ផ្សាយព័ត៌មាន​ពី Dispatch ​ផលិតកម្ម​របស់​តារា​ប្រុស​ទាំង ៤​ខាង​លើ​រួមមាន​ Big Hit, SM, Fantagio និង​ Pledis ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​រៀងៗ​ខ្លួន​ជា​ផ្លូវការ​ ដោយ​ទទួល​ស្គាល់​ថា​តារា​របស់ពួកគេ​ពិត​ជា​បាន ទៅ​ម្ដុំ​តំបន់​ Itaewon នោះ​មែន​ ព្រម​ទាំង​បញ្ជាក់​ឲ្យ​ច្បាស់​ត្រង់​ចំណុច​ខ្លះ កុំឲ្យ​មាន​ការ​យល់​ច្រឡំ។

ខាងក្រោម​ជា​ការ​សង្ខេប​ នូវ​ការ​ប្រកាស​របស់​ ផលិតកម្ម​ទាំង​ ៥៖

១. ផលិតកម្ម​ Big Hit ពិតជា​​ទទួល​ស្គាល់​ថា​ Jungkook បាន​ទៅ​ម្ដុំ​​នោះ​មែន ប៉ុន្តែ​មិន​បាន​ទៅ​កន្លែង​ដែល​កើត​ចលាចល​ កាលពី​ដើម​ខែឧសភានោះទេ ព្រោះ​ថា​ Jungkook បាន​ទៅ​ម្ដុំ​នោះ​១​សប្ដាហ៍មុន​កើត​មាន​ករណី​ថា​មានអ្នក​ឆ្លង​ COVID-19 ទៅទៀត។ ជាមួយ​គ្នា​នោះ​ តារា​ប្រុស​របស់​គេ​រូបនេះ​ក៏​បាន​ទទួល​យក​ការ​ធ្វើ​តេស្ត​រក​មេរោគ​ដែរ លទ្ធផល​ចេញ​មក​គឺ​អវិជ្ជមាន។ សម្រាប់​សាមី​ខ្លួន​វិញ​ ក៏​មាន​ការ​សោកស្ដាយ​ចំពោះ​ទង្វើ​ដែល​ខ្លួន​បាន​ធ្វើ​ដែរ។

២. ផលិតកម្ម​ Pledis ក៏បាន​សុំទោស​នូវ​រឿង​រ៉ាវ​ដែល​បាន​កើតឡើង ដោយសារទង្វើ​របស់​ Mingyu ដែល​ធ្វើ​ខុសពី​អ្វី​ដែល​រដ្ឋាភិបាល​ហាមប្រាម។ ប៉ុន្តែភ្លាមៗ​ក្រោយមក​ លោក​ក៏បាន​ទៅធ្វើតេស្ត​ដែរ លទ្ធផល​គឺ​អវិជ្ជមាន។ ក្រៅពី​នោះ​ផលិតកម្ម​ក៏​បាន​ទទួល​ស្គាល់​ថា​នេះ​ជា​ការ​ធ្វេសប្រហែស​របស់​ថ្នាក់​ដឹកនាំ​ផលិតកម្ម​ ជាហេតុ​មិន​អាច​មើលថែ​តារារបស់​ខ្លួន​ឲ្យ​បាន​ល្អ​រហូត​មាន​រឿង​បែប​នេះ ប៉ុន្តែពួកគេ​សន្យា​នឹង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ជាងមុន។

៣. ផលិតកម្ម​ Fantagio វិញ​ ក៏​មិន​ខុសពី​ផលិតកម្ម​ ២​ខាង​លើ​ដែរ ដោយ​បាន​សុំទោស​ដែល​ Eunwoo មិន​បាន​គោរព​តាម​បម្រាម​របស់​រដ្ឋាភិបាល ប៉ុន្តែ​ពួកគេ​បាន​បញ្ជាក់​ថា​ Eunwoo មិន​បាន​ទៅ​កន្លែង​ដែល​កើតហេតុ​នោះ​ទេ។ ទោះ​ជា​យ៉ាង Eunwoo ក៏​ត្រូវ​ធ្វើ​តេស្តដដែល​ ដើម្បី​ឲ្យ​ប្រាកដ​ថា​លោក​មាន​សុវត្ថិភាព​១០០ភាគរយ។

៤. ផលិតកម្ម SM ក៏​ដូចគ្នា​ ដោយ​បាន​សុំទោស​ដោយផ្ទាល់នូវ​រឿង​ដែល​បាន​កើតឡើង។ បន្ថែម​ពីលើ​នោះ​ SM បាន​បញ្ជាក់​ថា​ Jaehyun ពិត​ជា​បាន​ចេញ​ក្រៅ​មែន​កាលពី​ថ្ងៃទី ២៥ ខែមេសា ប៉ុន្តែ​លោក​បាន​ទៅ​ភោជនីយដ្ឋាន​ និង​បារ​មួយ​កន្លែង​នៅ​ជិត​នោះប៉ុណ្ណោះ មិន​បាន​ទៅ​កន្លែង​ដែល​មាន​បញ្ហាទេ។ មួយ​វិញទៀត​ ក៏គ្មាន​រោគសញ្ញា​អ្វី​បញ្ជាក់​ថា​ Jaehyun កើតអាការៈមិនស្រួល​ដែរ សរុប​មក​ក្រោយ​ធ្វើតេស្ត លោក​មាន​សុខភាព​ល្អ​ធម្មតា។ ជាមួយ​គ្នា​នោះ​សាមី​ខ្លួន​ក៏​បាន​សុំទោស​នូវ​ទង្វើ​ខ្លួន​បាន​ធ្វើ ដោយ​មិនបាន​ពិចារណា​ល្អិតល្អន់​បែប​នេះ។ ឯផលិតកម្ម​វិញ​ ក៏​សន្យា​ថា​ មើល​ថែគ្រប់គ្រង​តារារបស់​ខ្លួន​ឲ្យ​បាន​ល្អ​ជាង​មុន​ទ្វេដង និង​មិនឲ្យ​មាន​រឿង​បែប​នេះ​កើតឡើង​ម្ដងទៀតនោះទេ៕

ប្រភព៖ Soompi | kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់