• 2020-06-04 03:38:33
  • ព័ត៌មាន

ទង្វើ​ទាំង​ ៥​ ​កើត​មាន​ក្នុង​ពិភព K-Pop ដែល​គួរ​តែ​បញ្ឈប់ពីពេល​នេះទៅ

  • 2020-06-04 03:38:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេល​មាន​ចំណុច​វិជ្ជមាន​ជា​ច្រើន​កើត​មាន​ក្នុង​ពិភព K-Pop វា​ក៏​នៅ​មាន​រឿង​អវិជ្ជមាន​អម​មក​ជាមួយ​ជា​បន្ត​បន្ទាប់​ដែរ។ គំនិត​ និង​ទង្វើ​អវិជ្ជមាន​ទាំង​នោះ​អាច​កើត​មាន​ឡើង​ចេញ​ពី​ផលិតកម្ម​ដែលជាជម្រក អ្នក​ប្រើអ៊ីនធើណិត ​ពិសេស​អ្នក​គាំទ្រ​ដែល​មិន​ទាន់​មាន​ភាព​ចាស់​ទុំ។

ខាង​ក្រោម​នេះ​ ជា​រឿង​ទាំង​ ៥​ ​កើត​ឡើង​ឥត​ល្ហែ​ក្នុង​ពិភព K-Pop កន្លងមក​នេះ ដែល​គួរ​តែ​ដល់​ពេល​នាំគ្នាបញ្ឈប់កុំ​ឲ្យ​កើត​មាន​តទៀត ​បើ​អាច៖

១. សង្គ្រាមអ្នក​គាំទ្រ

Fanwars ឬ​សង្គ្រាម​ពាក្យ​សម្ដី​របស់អ្នក​គាំទ្រ​ បាន​ក្លាយ​ជា​រឿង​ដ៏​អាម៉ាស​បំផុត​ប្រចាំ​ពិភព​ K-Pop។ វា​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​គាំទ្រ​មួយ​ចំនួន​​ដែល​មិន​ទាន់​ចេះ​អត់ធ្មត់​នាំគ្នា​លើក​យក​បញ្ហា​នេះ​នោះ​មក​ឈ្លោះ​គ្នា​ទៅ​វិញ​ទៅ​មក ការពារ​ Idol រៀង​ខ្លួន។

ប៉ុន្តែ​ធាតុ​ពិត​នោះ​ តារា​របស់ពួកគេ​ពិត​ជា​រាប់អាន​គ្នា​ទៅវិញ​ទៅ​មក​ ប្រៀបដូច​បងប្អូន ថែម​ទាំង​ផ្ដល់​ការ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ ហើយ​ក៏​មិន​ដែល​បង្ក​ជម្លោះ ឬ​ប្រកាន់​គ្នាដែរ។ ជា​ឧទាហរណ៍​មាន​ម្ដង​នោះ​ BamBam (ក្រុម GOT7) បាន​និយាយ​ថា៖ «K-Pop មិន​មែន​សំដៅ​តែ​ GOT7 ទេ ពួកយើង​ប្រៀប​ដូចជា​គ្រួសារ​តែមួយទោះ​បី​នៅ​ក្រុមខុសគ្នា​ ផលិតកម្ម​ផ្សេង​គ្នា​ក៏ដោយ។ យើង​គួរ​ចាប់​ផ្ដើម​ពីពេល​នេះ​ ហើយ​ក្រុមផ្សងៗអាច​មក​ចូលរួម​ និង​សម្ដែង​ជាមួយ​គ្នា​នៅ​ទីនេះ​បាន​ដូចគ្នា "ត្រូវ​ចេះ​គោរពគ្នា»។

២. ពេល​ចេញមុខ តារាត្រូវ​តែល្អឥតខ្ចោះ​គ្រប់យ៉ាង

ផលិតកម្ម​នីមួយៗ​អាច​នឹង​មាន​គោលការណ៍​តឹង​រឹង​ ចំពោះ​តារា​របស់​ពួកគេម្នាក់ៗ នេះ​ក៏ព្រោះ​តែពួកគេ​ចង់​ឲ្យតារា​ទាំង​នោះ​ បង្ហាញ​អ្វី​ចេញ​មក​មាន​លក្ខណៈពិសេស​ និង​ច្បាស់​លាស់។ មាន​រឿង​មួយ​ដែល​តារា​គ្រប់គ្នា​ត្រូវ​ឆ្លង​កាត់​នោះ​គឺ​ ការ​បង្អត់​ ឬ​តមអាហារ​ខុស​គេ​ខុសឯង​ ដើម្បី​បាន​រាង​ស្លីម។ តារា​ជា​ច្រើន​បាន​ទម្លាយ​ពី​ទម្លាប់​តមអាហារ​ដ៏​គ្រោះ​ថ្នាក់​ដែល​ពួកគេ​បាន​ឆ្លង​កាត់​កាល​ពីមុន។​ តួ​យ៉ាង​ដូច​ MOMO (ក្រុម TWICE) បាន​ប្រាប់​ថា​នាង​ធ្លាប់​បង្អត់​អាហារមិន​ញ៉ាំ​អ្វី​សោះ​ ក្រៅពី​ទំពារ​ដុំ​ទឹកកក​រាល់​ថ្ងៃ​រយៈ​ ១​សប្ដាហ៍ពេញទៀតផង។

៣. ក្រុមហ៊ុន ឬ​ផលិតកម្ម​ដាក់​កម្រិត​លើ​ Idol ជ្រុល

ផលិតកម្ម​ខ្លះ​មាន​វិន័យ​តឹងរឹង​ខ្លាំង​ជាមួយ​នឹង​តារា​របស់​ខ្លួន។ ថ្មីៗ​ដូច​ Denise (ក្រុម​ Secret Number) បាន​បង្ហាញ​ការ​គាំទ្រ​របស់​ខ្លួន​ក្នុង​យុទ្ធនាការ​រក​យុត្តិធម៌​ឲ្យ​ជន​ស្បែក​ខ្មៅ ប៉ុន្តែ​ក្រោយ​មក​ភ្លាមៗ​ ផលិតកម្ម​របស់​នាង​ក៏​បាន​សម្រេច​ផ្អាក​ដំណើរ​ការ​ (Deactivate) គណនី​ Instagram របស់​នាង ជាហេតុ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ខឹង​សម្បារ​ជា​ខ្លាំង។

ដោយ​ឡែក​ក៏​មាន​តារា​មួយ​ចំនួន​ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ដែល​មក​ត្រូវរងសម្ពាធ​ក្រោម​ការ​គ្រប់​គ្រង​ជ្រុលហួសហេតុ​របស់​ផលិតកម្ម​របស់​ពួកគេដែរ។ តួ​យ៉ាង​ដូច​ Bobby (ក្រុម iKON) ជា​ដើម​ ក៏​ធ្លាប់​និយាយ​ពី​វិន័យ​របស់​ផលិតកម្ម YG ដែល​ធ្វើ​មក​លើ​លោកដែរ​ ដូចជា​ពេល​ចេញ​ទៅ​ណា​មក​ណា​ ដាច់ខាតត្រូវសុំ​អនុញាតិ​ពី​ពួកគេ​សិន​ទើប​ចេញ​បាន។​

៤. តារា K-Pop ត្រូវ​ក្លាយ​ជា​ផ្ទាំង​ស៊ីបរង​ការ​រិះគន់​មិន​ចេះ​ស្វាង​ពី​អ្នក​ប្រើ​អ៊ីនធើណិត

មហាជន​មួយ​ចំនួន​ តែង​រង់ចាំ​ចាប់​កំហុស​គ្រប់​យ៉ាង​ដែល​តារា​ទាំង​នោះ​ធ្វើ ទាំង​រឿង​ល្អ​ និង​មិនល្អ។ ជាក់ស្ដែង​ ដូច​ព័ត៌មាន​ស្នេហា​ជា​ដើម​ ក្លាយ​ជា​ប្រធាន​បទ​ធំដែរសម្រាប់​សង្គម​មួយ​នេះ។ អ្នក​ប្រើ​អ៊ីនធើណិត​ ឬ​អ្នក​គាំទ្រ​ជ្រុល​និយម​មួយ​ចំនួន​​តែង​បញ្ចេញ​​ការ​យល់​ឃើញ​លឿន​ដូច​ព្យុះ​​បង្ហាញការមិនពេញ​ចិត្ត​​ និង​លើក​ឡើង​ថា​តារា​ទាំង​នោះ​ធ្វើ​ឲ្យ​ពួកគេ​ឈឺចាប់ ដោយ​សារ​លួច​ទាក់ទង​មាន​ស្នេហា​ស្ងាត់ៗ។

៥. តារាៗ​ខំ​ប្រឹងប្រែង​ធ្វើ​ការ​ជ្រុល​កម្លាំង​ខ្លាំង

មុន​បង្ហាញ​ភាព​ស្រស់ស្រាយ​ កាយវិការ​ស្វាហាប់​លើ​ឆាក​សម្ដែង​ តារា​ K-Pop គ្រប់គ្នា​ត្រូវ​ប្រឹង​ហ្វឹកហាត់​ ស្ទើរ​មិន​ស្គាល់​យប់​ថ្ងៃ និង​គ្មាន​ពេល​សម្រាក​ឡើយ។ គោល​បំណង​ក៏​ដើម្បី​អ្នក​គាំទ្រ​ បាន​រីករាយ​ និង​រំភើប​នឹង​ការ​សម្ដែង​ទាំង​នោះ ប៉ុន្តែ​ពេល​ខ្លះ​អ្វី​ដែល​ក្រុមហ៊ុន​ធ្វើ​ដាក់​តារា​ទាំង​នោះ​ វា​ក្លាយ​ជា​រឿង​ដែល​លើស​កម្លាំង។ តារា​ជា​ច្រើន​ខំ​ប្រឹង​អត់ធ្មត់​មិន​បង្ហាញ​អាការៈទន់ជ្រាយ​ទេ ប៉ុន្តែ​ខ្លះ​ទៀតដល់​ថ្នាក់​​ទ្រាំទប់​ខ្លួន​លែង​ជាប់​ និង​ត្រូវ​សន្លប់​លើ​ឆាក​ក៏មាន។

ពិត​ណាស់​វា​មិន​មែន​ជា​ការ​ដាក់​ទណ្ឌ​កម្ម​នោះ​ទេ ប៉ុន្តែ​រាល់​ទង្វើ​ដែលផលិតកម្ម​ ឬ​ក្រុមហ៊ុន​ទាំង​នោះ​ដាក់​កម្រិត​ឲ្យ​តារា​របស់ពួកគេ​ ដូចជា​ធ្ងន់​ធ្ងរ​ខ្លាំង​ណាស់។ ករណី​ដដែល ដូច​ក្រុម​ចម្រៀង​ B.A.P ដែល​ជា​អ្នក​ជួប​រឿង​បែប​នេះផ្ទាល់ បាន​ដាក់​ពាក្យ​ប្ដឹង​ផលិតកម្ម​ TS របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្តិ​អំពើ​អយុត្តិធម៌​ដាក់​ក្រុម មាន​ដូចជា​មិន​ផ្ដល់​ប្រាក់ឲ្យ​ក្រុម​ ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​អ្វី​ដែល​ពួកគេ​ខិតខំជា​ដើម៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់