• 2020-07-30 03:35:18
  • ជីវិតតារា

ភ្ញាក់ព្រើត...ពេល​លេច​មុខ លឹម ឡានី ជាមួយ​នឹង​កូន ទាំង​មិន​ដែល​ឮ​ពី​ដំណឹង​ចូល​រោងការ​សោះ

  • 2020-07-30 03:35:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​បង្ហាញ​ម៉ូត និង​សម្ដែង​ស្រី​ល្បីឈ្មោះ​មួយ​រូប គឺ​អ្នកនាង លឹម ឡានី ហៅ​Michells ស្រាប់​តែ​លេច​មុខ​ជាមួយ​នឹង​អតីតដៃគូសម្ដែងរឿងរបស់​នាង គឺ​លោក សាវិន ហ្វីលីប នៅ​ខេត្ត​សៀមរាប ម្សិលមិញ។

តារា​ស្រី​រូប​ស្រស់ លឹម ឡានី ដែល​បាត់​មុខ​ពី​សិល្បៈ​ជាង​១០​ឆ្នាំ​ទៅ​ហើយ​នោះ បាន​ប្រាប់ Sabay នៅ​ថ្ងៃទី៣០ ខែ​កក្កដា នេះ​ថា ភាព​មមាញឹក​ក្នុង​ការងារ​ជា​តំណាង​ទូត​សុច្ឆន្ទៈ​របស់​ស្រាបៀ Heineken បាន​ធ្វើ​ឲ្យ​នាង​ឡើង​ចុះ​ប្រទេស​នៅ​ប៉ែកអឺរ៉ុប​ញឹកញាប់។ ទើប​តែរយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ ដែល​នាង​សម្រេច​ថា​យក​កូន​ដោយ​ខ្លួន​ឯង ទើប​នាង​រស់នៅ​ជាប់​លាប់​នៅ​ស្រុក​ខ្មែរ ប៉ុន្ដែ​នៅ​តែ​មិន​ចេញ​មុខ​ក្នុង​សិល្បៈ និងជួបមិត្ដភ័ក្ដិ​ដដែល។

ជុំវិញ​ការ​មាន​កូន​ដោយ​ពុំ​មាន​ស្វាមី ឬ​បាន​ឮ​ដំណឹង​ពី​គម្រោង​រៀបមង្គលការ​ម្ដង​ណា​សោះ​នោះ ត្រូវ​បាន លឹម ឡានី បក​ស្រាយ​ថា នាង​ពិត​ជា​បង្កើត​បាន​កូន​ប្រុស​ដ៏គួរឲ្យស្រឡាញ់ម្នាក់​មែន​ដែល​គិត​មក​ដល់​ពេល​នេះ​មាន​អាយុ​ជាង​២​ខួប​ហើយ ហើយ​ការណ៍​ដែល​នាង​មាន​ផ្ទៃពោះ គឺ​នាង​បាន​ទិញ​មេ​ជីវិត​ពី​បុរស​ជន​ជាតិ​បរទេស​ម្នាក់​ដើម្បី​ពពោះ៖"ខ្ញុំ​លាក់​រឿង​នេះ​យូរ​ហើយ ហើយ​ខ្ញុំ​ក៏​មិន​ដែល​ទាក់ទង​ខាង​ភាគី​បុរស​នោះ​ទៀត​ដែរ"។

អតីត​តារា​សម្ដែង និង​បង្ហាញ​ម៉ូត លឹម ឡានី មិន​បាន​បង្ហាញ​មុខ​បុរស​ណា​ម្នាក់​ដែល​គេ​អាច​សង្ស័យ​ថា​ជា​ឪពុក​របស់​ក្មេង​នោះ​ទេ​ក្នុង​ដំណើរ​កម្សាន្ត​ទៅ​កាន់​ខេត្ត​ឧត្ដរមានជ័យ បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ប៉ុន្តែ​នាង​បាន​ជួប និង​ថត​រូប​សែលហ្វី​ជាមួយ​អតីត​ដៃគូ​សម្ដែង​រឿង​មួយ​ក្នុង​ឆ្នាំ​២០១៤ ម្នាក់ គឺ​លោក សាវិន ហ្វីលីប​ នៅសៀមរាប។ បច្ចុប្បន្ន​នាង និង​កូន​មាន​ឱកាស​ច្រើន​សម្រាប់​ដំណើរ​កម្សាន្តក្នុងស្រុក។

អ្នកនាង លឹម ឡានី ហៅ​Michelle បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​ឆ្នាំ​២០០៩ តាម​រយៈ​ការ​ប្រឡង​តារា​បង្ហាញ​ម៉ូត។ រូប​នាង​ធ្លាប់​ត្រូវ​បាន​ក្រុមហ៊ុន​ផលិត​ស្ពត​ពាណិជ្ជកម្ម​ល្បីៗ​ហៅ​ថត​ជា​ច្រើន ហើយ​នៅ​មុន​ពេល​នាង​បាត់​មុខ​ឈឹង​ពី​សិល្បៈ ឡានី​ បាន​ថត​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​ក្នុង​ឆ្នាំ​២០១៤ គឺ​រឿង"ហនុមាន" ដែល​កាល​ណោះ​នាង​បាន​ដើរ​ជា​តួអង្គ​រង​ជាមួយ​តារាសម្ដែងប្រុស សាវិន ហ្វីលីប៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់